Paris Peace Accords 23 Oct. 1991

Tuesday, June 24, 2014

បទ​វិភាគ៖ តើ​ កម្ពុជា ​អាច​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍ ​ដូច​ថៃ​ បាន​ដែរ​ ឬ​ទេ?

បទ​វិភាគ៖ តើ​ កម្ពុជា ​អាច​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍ ​ដូច​ថៃ​ បាន​ដែរ​ ឬ​ទេ?

RFA | ២៣ មិថុនា ២០១៤
ពលករ​ខ្មែរ ប៉ោយប៉ែត ៦១០
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដល់​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​២២ មិថុនា ២០១៤។
RFA/Soun Sophalmony

២០​ឆ្នាំ​ហើយ ​ដែល​កម្ពុជា មាន​ច្បាប់​ ស្ដីពី​ អន្តោប្រវេសន៍។  ប៉ុន្តែ​ ការ​អនុវត្ត​ ច្បាប់​នេះ ​មាន​កម្រិត ​នៅ​ឡើយ។  ជនអន្តោប្រវេសន៍​ ជា​ច្រើន, ពិសេស ​ជនជាតិ​ វៀតណាម, បាន​មក ​រស់​នៅ​ កម្ពុជា ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ​តាំង​ពី​ឆ្នាំ​ ១៩៧៩ ក្រោយ​ការ​ផ្ដួល​រំលំ ​របប​ខ្មែរ​ក្រហម។  តាំង​ពី​ពេល ​នោះ​មក ពលរដ្ឋ​ខ្មែរ, អង្គការ,​ សង្គម​ស៊ីវិល និង​គណបក្ស ​ប្រឆាំង បាន​ស្តី​បន្ទោស ​និង​រិះគន់​ ចំៗ ​ចំពោះ ​ប្រមុខ​រដ្ឋាភិបាល​ កម្ពុជា ថា​ បាន​បណ្ដោយ និង​មិន​អើពើ​ ចំពោះ​ ជនអន្តោប្រវេសន៍ ​ខុស​ច្បាប់ ​ទាំង​នោះ។

​ថ្មីៗ​នេះ​ រដ្ឋាភិបាល​ថៃ គ្រប់គ្រង​ ដោយ​របប ​យោធា​ បាន​អនុវត្ត​ច្បាប់ ​អន្តោប្រវេសន៍ ដោយ​បោស​សំអាត​ ជនអន្តោប្រវេសន៍ ​ខុស​ច្បាប់​ ទាំង​អស់​ ចេញ​ពី​ប្រទេស ​ថៃ។  ក្នុង​នោះ​ ទាហាន​ថៃ ក៏​បាន​ចាប់​បញ្ជូន ​ពលករ​ខ្មែរ ​ខុស​ច្បាប់​ រាប់​ម៉ឺន​នាក់​ ត្រឡប់​មក​ កម្ពុជា វិញ​ដែរ។

តើ​ កម្ពុជា​ អាច​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍ ​ឲ្យ​មាន​ប្រសិទ្ធភាព ​ដូច​ប្រទេស​ថៃ​ បាន​ដែរ​ ឬ​ទេ?

ការ​បោសសំអាត​ ជនអន្តោប្រវេសន៍ ​ខុស​ច្បាប់ ​នៅ​ប្រទេស​ថៃ កំពុង​បង្រៀន​ ឲ្យ​រដ្ឋាភិបាល​ កម្ពុជា ដឹង​ថា, ​គ្មាន​ជនបរទេស​ ណា​ម្នាក់​ អាច​រស់​នៅ​ ខុស​ច្បាប់ ​នៅ​កម្ពុជា បាន​ទេ។   រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ កាតព្វកិច្ច​ អនុវត្ត​ច្បាប់ ត្រូវ​ ធ្វើ​យ៉ាងណា​ គ្រប់គ្រង​ ជនបរទេស​ ដែល​កំពុង​ រស់​នៅ​កម្ពុជា ឲ្យ​បាន ​តាម​រយៈ​ច្បាប់​ អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ។

ផ្ទះ​បណ្ដែត​ទឹក​វៀតណាម កំពង់ឆ្នាំង ៦១០
ផ្ទះ​ បណ្ដែត​ទឹក និង​បែរ​ត្រី ​ជនជាតិ ​វៀតណាម ចល័ត​ចូល​ កណ្ដាល​ទន្លេ ​នៅ​សង្កាត់​ ផ្សារឆ្នាំង នៃ​ខេត្ត​ កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។ RFA/Chin Chetha


ស្ថិតិ​របស់​ក្រសួង​មហាផ្ទៃ ក្រោម​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ ក្រោម​ជាតិ​ឆ្នាំ​២០១០ រក​ឃើញ​ថា អន្តោប្រវេសន៍​វៀតណាម មាន​ប្រហែល​ជិត ១០​ម៉ឺន​នាក់ (១០០.០០០) នៅ​ទូទាំង​ប្រទេស។ នេះ​មិន​រាប់​ជនអន្តោប្រវេសន៍​ដទៃ​ទៀត​ផង។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ជាក់​ស្តែង​របស់​អ្នក​វិភាគ​ខ្លះ​ទៀត​រក​ឃើញ​ថា ចំនួន​ជនអន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​ច្រើន​ជាង​នេះ​ដោយសារ​រយៈពេល​ជិត ១០​ឆ្នាំ​ចុង​ក្រោយ រដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​គោលនយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​នៅ​ ជាប់​ព្រំដែន​វៀតណាម នៅ​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ហើយ​ជនអន្តោប្រវេសន៍​វៀតណាម បាន​សម្រុក​ចូល​មក​កម្ពុជា កើន​ឡើង​ទ្វេ​ដង។

​អ្នក​ច្បាប់​និង​អ្នក​វិភាគ​ខ្លះ​លើក​ឡើង​ថា កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ ដោយ​ប្រមូល​ជនអន្តោប្រវេសន៍​ទាំង​អស់ ពិសេស​ជនអន្តោប្រវេសន៍​វៀតណាម ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ប្រកប​ដោយ​សន្តិវិធី និង​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ តាមច្បាប់​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​មនុស្ស។ រដ្ឋាភិបាល​កម្ពុជា អាច​មាន​ជម្រើស​ល្អ និង​អាច​ធ្វើ​តាម​ជំហានៗ ក្នុង​ការ​សំអាត​ជនអន្តោប្រវេសន៍​បាន​ល្អ​ជាង​ប្រទេស​ថៃ ដែល​កំពុង​បោសសំអាត​ជនអន្តោប្រវេសន៍​យ៉ាង​គំហុក ដោយ​មិន​គិតគូរ​អនុវត្ត​ពី​ការ​គោរព​សិទ្ធិ​មនុស្ស។

​អ្នកវិភាគ​សង្គម​គិត​ថា រដ្ឋាភិបាល​អាច​បោសសំអាត​ជនអន្តោប្រវេសន៍​បាន។ ទី​១ តាម​រយៈ​ការ​អញ្ជើញ​រដ្ឋាភិបាល​វៀតណាម មក​ទទួល​ជនអន្តោប្រវេសន៍​របស់​ខ្លួន​ទៅ​វិញ។ ទី​២ ប្រសិនបើ​ជន​អន្តោប្រវេសន៍​វៀតណាម មក​រស់នៅ​កម្ពុជា ដើម្បី​គេចវេះ​ពី​បញ្ហា​នយោបាយ​នៅ​ប្រទេស​វៀតណាម នោះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​ជំរំ​ឲ្យ​ពួកគេ​រស់នៅ​បណ្ដោះអាសន្ន ដើម្បី​អាច​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទៅ​រស់​ប្រទេស​ទី​៣។ ទី​៣ កម្ពុជា​ត្រូវ​ដាក់​ទោសទណ្ឌ​ចំពោះ​ជនអន្តោប្រវេសន៍​ណា​ដែល​រស់​នៅ​កម្ពុជា ខុស​ច្បាប់​តាម​ច្បាប់​អន្តោប្រវេសន៍ និង​ទី​៤ ចំពោះ​ជនអន្តោប្រវេសន៍​ដែល​រស់​នៅ​កម្ពុជា យូរយារ​មក​ហើយ​នោះ អាច​ឲ្យ​ពួកគេ​ស្នើ​សុំ​ចូល​សញ្ជាតិ​ដោយ​ត្រូវ​អនុវត្ត​ច្បាប់​សញ្ជាតិ​ គ្រប់​ចំណុច​ដែល​មាន​ចែង។ ​ប៉ុន្តែ​អ្វី​ជា​ចំណោទ​នោះ ថា​តើ​រដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ​បោសសំអាត​ជនអន្តោប្រវេសន៍​ទាំង​នោះ​ដែរ​ឬ​ទេ?

​តាម​មើល​ទៅ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ទំនង​ចិត្ត​មិន​សឿង ក្នុង​ការ​បោស​សំអាត​ជនអន្តោប្រវេសន៍​នោះ​ទេ។ នរណា​ក៏​ដឹង​ដែរ​ថា មុន​នឹង​បាន​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ មាន​ការ​ជ្រួយ​ជ្រោមជ្រែង​សម្បើម​ណាស់​ពី​ប្រទេស​វៀតណាម។ ទំនង​ជា​គុណបំណាច់​នេះ​ហើយ​មើល​ទៅ ដែល​មិន​អាច​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ចង់​លេច​ឈ្មោះ​ជា​មនុស្ស​រមិលគុណ និង​មិន​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ពេញលេញ។

មួយទៀត​ជនអន្តោប្រវេសន៍​វៀតណាម​ខ្លះ មិន​ទាំង​ចេះ​និយាយ​ខ្មែរ​ច្បាស់​ស្រួលបួល​ផង តែ​មាន​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ មាន​សៀវភៅ​គ្រួសារ និង​ប័ណ្ណ​បោះ​ឆ្នោត​យក​ទៅ​បោះ​ឆ្នោត។ រួមផ្សំ​នឹង​ជំងឺ​ពុករលួយ​រ៉ាំរ៉ៃ​ក្នុង​ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ធូរ​រលុង កង្វះ​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់ កង្វះ​បច្ចេកទេស​ត្រួត​ពិនិត្យ និង​កង្វះ​ធនធាន​មនុស្ស ទំនង​ជា​លំហូរ​នៃ​ជនអន្តោប្រវេសន៍​អាច​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត។

តាម​មើល​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទំនងជា​គ្មាន​ឆន្ទៈ​បោស​សំអាត​ជនអន្តោប្រវេសន៍​ចេញ​ពី​ប្រទេស​បាន​ទេ​នៅ​ បរិបទ​នេះ ហើយ​ពេល​នោះ ដូច​គេ​ដំណាល​តៗ​គ្នា​តែម្ដង​ថា ទល់​ដែន​ដាច់​ខ្សែ​ខ្មែរ​ស្ទើរ​ដាច់​ពូជ៕



No comments:

Post a Comment