Paris Peace Accords 23 Oct. 1991

Tuesday, June 24, 2014

ថៃ​ ហាម​ មិន​ឲ្យ ​រថយន្ត​ ដឹក​ទំនិញ ​ឆ្លង​កាត់​ ព្រំដែន​ ចូល​កម្ពុជា​ ពេល​យប់

ថៃ​ ហាម​ មិន​ឲ្យ ​រថយន្ត​ ដឹក​ទំនិញ ​ឆ្លង​កាត់​ ព្រំដែន​ ចូល​កម្ពុជា​ ពេល​យប់

RFA | ២៣ មិថុនា ២០១៤


ព្រំដែនខ្មែរ-ថៃ៣០៥
ច្រក​ព្រំដែន ​កម្ពុជា-ថៃ នៅ​ក្រុង​ ប៉ោយប៉ែត
RFA/Soun Sophalmony

កងយោធា​ថៃ បាន​បិទ​ មិន​ឲ្យ​មាន​ ការ​ដឹក​ជញ្ជូន​ ទំនិញ ​នៅ​ពេល​យប់ ​ឆ្លង​កាត់​ ច្រក​អន្តរជាតិ ​ខ្លងលឹក ជាប់​ជាមួយ ​ច្រក​អន្តរជាតិ​ ប៉ោយប៉ែត ខេត្ត ​បន្ទាយមានជ័យ។  បម្រាម ​​កងទាហាន ​ថៃ​នេះ ​បាន​ធ្វើ​ឡើង​ ដោយ​ឯកតោ​ ភាគី និង​ពុំ ​បាន​ចេញ​ លិខិត​ស្នាម​ ជូន​ដំណឹង​​​ មក​ភាគីកម្ពុជា​ នោះ​ឡើយ។

វា​ ជា​វិធាន​ការ ​រដ្ឋបាល ​​របស់ ​កងយោធា​ថៃ​ ដើម្បី​ លើក​កម្ពស់​ សន្តិសុខ​ជាតិ ​របស់​ខ្លួន ​ក៏​ពិត​មែន,​ ប៉ុន្តែ​ បម្រាម ​ភ្លឹបភ្លែត ​ដូច​ភ្នែក​ បន្ទោរ​នេះ ​កំពុង​បង្ក ​ផល​លំបាក ​ទៅ​ដល់​សេវា ​ដឹក​ជញ្ជូន ​ទំនិញ​​នានា ​នៅ​ពេល​យប់ ​របស់ ​ក្រុមហ៊ុន​ ដឹក​ជញ្ជូន។

បុគ្គលិក ​​ជា​អ្នក​បម្រើការ​ ខាង​ផ្នែក​ ការងារ​ឯកសារ ​នាំ​ទំនិញ ​ចេញ​ចូល​ របស់ ​ក្រុមហ៊ុន​កម្ពុជា​មួយ ​ថ្លែង​នៅ​ថ្ងៃ​ ទី​២៣ មិថុនា ថា, រយៈពេល ​ប៉ុន្មាន​ថ្ងៃ​នេះ​ ​ទាហាន​ថៃ បាន​ចេញ​ បទ​បញ្ជា និង​ជូន​ដំណឹង​ ដល់​ក្រុម​អាជីវករ, ​ក្រុមហ៊ុន​ ដឹក​ជញ្ជូន​ មិន​ឲ្យ​មាន ​ការ​នាំ​ទំនិញ ​ឆ្លង​កាត់​ច្រក​ទ្វារ​ អន្តរជាតិ​ ប៉ោយប៉ែត នៅ​ពេល​យប់។  ប៉ុន្តែ​ ពួកគេ​ អនុញ្ញាត​ ឲ្យ​រថយន្ត​ ទំនេរ មិន​មាន ​ផ្ទុក​​ទំនិញ​ អាច​បើក ​ឆ្លង​កាត់​បាន​ រហូត​ ដល់​ម៉ោង ១០​យប់៖ «ក្នុង​រយៈពេល​ ប្រហែល​ បី​ថ្ងៃ​ កន្លង​មក​នេះ, ​ភាគី​ថៃ​ បាន​ជូន​ដំណឹង​ មក​ដល់​ក្រុម​អាជីវករ​ មក​ដល់​ពី​ក្រុមហ៊ុន​ ដែល​នាំ​ទំនិញ​ ចេញ​ចូល​ ឲ្យ​ផ្អាក​ នាំ​ចេញ​ ត្រឹមតែ​ រយៈពេល​ ម៉ោង៥ ប៉ុណ្ណោះ។  យោធា​ គេ​ ប្រាប់​ អ្នក​រត់​ការ​ ថា, ថៃ ​ត្រូវ ​រក្សា​ស្ថានភាព​ នយោបាយ​, សន្តិសុខ​សង្គម​ របស់​គេ​ ឲ្យ​បាន​រឹងមាំ​; ពេល​យប់​ ពិបាក​គ្រប់គ្រង។  កាល​ពី​មុន​ មក​ចរាចរណ៍ ​បើក​ដល់​ម៉ោង ១០​យប់​ ទើប​ បាន​បិទ។»


នេះ ​ជា​បម្រាម ​ថ្មី​មួយ​ទៀត​ របស់ ​កងទាហាន ​ថៃ។ កញ្ញា ​ណង​ ម៉ាំ ជា​អ្នក​រត់​ការ​ ឯកសារ​ទំនិញ​ ចេញ​ចូល ​របស់ ​ក្រុមហ៊ុន​ថៃ ​ថ្លែង​ថា, ​ទាហាន​ថៃ ​តម្រូវ​ ឲ្យ​ឡាន ​ដឹក​ទំនិញ​ ចេញ​ចូល ​ឆ្លង​កាត់​ ច្រក​ទ្វារ​ អន្តរជាតិ​ ខ្លង​លឹក​ ជាប់​ច្រក​ទ្វារ ​ប៉ោយប៉ែត ត្រូវ​ ដំណើរ​ការ ​ឲ្យ​ចប់​សព្វ​គ្រប់​ នៅ​​មុន​ម៉ោង ៥​ល្ងាច។

ទន្ទឹម​គ្នា​នេះ ​កង​ទាហាន​ថៃ បាន​បញ្ជា​​ ឲ្យ​មន្ត្រី​គយ​ ដែល​ប្រចាំការ​ នៅ​ច្រក​ទ្វារ​ ខ្លង​លឹក ក្នុង​ស្រុក​ អារ៉ាញ់ ខេត្ត​ ស្រះកែវ ប្រទេស​​ ថៃ ត្រូវ ​ឈប់​ធ្វើ​ការ​ ត្រួតពិនិត្យ ​លើ​រថយន្ត​ ដឹក​ទំនិញ​ ទាំង​​អស់​ ឲ្យ​បាន​នៅ ​មុន​ម៉ោង ៥​ល្ងាច ​​ដូចគ្នា៖ «យើង ​មិន​ដឹង​ ពី​បទ​បញ្ជា​ របស់ ​កងទាហាន​ថៃ ដែល​បាន​​ដាក់​បម្រាម ​នេះ​ទេ, ហើយ​ ការ​​​បិទ​ រហូត​ ដល់​ថ្ងៃ​ ណា​នោះ​ ក៏​គេ​ មិន​បាន​ ដឹង​ឡើយ។  គេ​ គ្រាន់​តែ​ ដឹង​ថា ​ទាហាន ​បាន​ហាមឃាត់​ ដាច់ខាត​ រាល់​ទំនិញ​ ចេញចូល​ តាម​ច្រក​ទ្វារ ​អន្តរជាតិ ​ប៉ោយប៉ែត​ ទាំង​អស់,​ មិន​ឲ្យ​មាន​ច រាចរណ៍​ឆ្លង​កាត់ ​ហួស​ពី​ម៉ោង ៥​ល្ងាច ​នោះ​ទេ។   ប៉ុន្តែ ​រថយន្ត​ទំនេរ​ ដែល​មិន​ ដឹក​ទំនិញ​ អាច​ចេញ​ចូល ​ឆ្លង​ច្រក​ទ្វារ ​បាន​ រហូត​ ដល់ម៉ោង ១០​យប់។»

តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ​ជា​ធម្មតា​ក្រុមហ៊ុន​របស់​លោក​បាន​ដឹក​ទំនិញ​ចេញ​ចូល​ទៅ​ប្រទេស​ថៃ និង​មក​ប្រទេស​កម្ពុជា​​ រហូត​ដល់​ម៉ោង ១០​យប់​ ប៉ុន្តែ​នៅ​ពេល​នេះ​ ទាហាន​បាន​កំណត់​ត្រឹម​តែ​ម៉ោង ៥​ល្ងាច។ ការ​កំណត់​វេលា​ បាន​ធ្វើ​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ ទៀត។ ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ថៃ និង​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «វា​ប៉ះពាល់...។ កាល​ឡាន​យើង​មក​យឺត​បើ​ខាង​ខ្ញុំ​ភាគ​ច្រើន​ឡាន​មក​ដល់​ម៉ោង ៧​យប់ ហើយ​បាន​មក​ដល់​ អ៊ីចឹង​ការ​នាំ​ចេញ​ទៅ​ហ្នឹង​វា​បើ​ចាំ​ព្រឹក​ឡើង​យើង​ឡើង​យន្ត​ហោះ​អត់​ ទាន់​ អ៊ីចឹង​យើង​ចេញ​យប់​ហ្នឹង​ទៅ​ដល់​ម៉ោង​៩​ ទៅ ៩​កន្លះ​រៀបចំ​អី​ហើយ ខ្លះ ១០​នាទី ឡាន​ខ្ញុំ​ចូល​ទៅ​បាន​ ទាន់​ទំនិញ​នៅ ត្រូវ​នាំ​ចេញ​ធ្វើ​បាន​ ទំនិញ​រោងចក្រ​កាត់​ដេរ បើ​ធ្វើ​អ៊ីចឹង​ស្ទះ​ហើយ។»

ប្រធាន​គណៈកម្មការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​លោក អាន វណ្ណៈ បញ្ជាក់​ថា រូប​លោក​ពុំ​ទាន់​បាន​ដឹង​ជុំវិញ​ព័ត៌មាន​ដែល​ទាហាន​ថៃ ហាមឃាត់​មិន​ឲ្យ​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រកទ្វារ​នៅ​ពេល​យប់​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​បញ្ជាក់​ថា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជាប់​នឹង​ច្រក​ខ្លងលឹក ថៃ ចាប់​បើក​ទ្វារ​ឲ្យ​ដំណើរ​ការ​ពី​ម៉ោង ៦​ព្រឹក រហូត​ដល់​ម៉ោង ១០​យប់​ ទើប​បិទ​ចរាចរណ៍​មិន​ឲ្យ​ឆ្លង​កាត់។ លោក​បន្ត​ថា បម្រាម​របស់​ទាហាន​ហាម​ឃាត់​ទំនិញ​មិន​ឲ្យ​ឆ្លង​កាត់​នៅ​ពេល​យប់​នេះ នឹង​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ។

មាន​ក្រុមហ៊ុន​ឯកជន​ធំៗ​ជាង ១០​ក្រុមហ៊ុន ​ដែល​រក​ស៊ី​ដឹក​ទំនិញ​ចេញ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ និង​ដឹក​ចូល​មក​ប្រទេស​កម្ពុជា​ ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ហើយ​បម្រាម​ថ្មី​របស់​កងទាហាន​ថៃ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​សេវា​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន។ ទំនិញ​សំខាន់ៗ​ទាំង​នោះ​ នឹង​មាន​ការ​កកស្ទះ​មិន​អាច​បញ្ជូន​ដល់​ជើង​យន្ត​ហោះ​ទាន់​ពេលវេលា​នោះ​ឡើយ។ ទំនិញ​នានា​ដែល​ចរាចរណ៍​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ មាន​គ្រឿង​បរិភោគ​ សម្ភារៈ​សំណង់​ រថយន្ត​ដឹក​ឡាន ម៉ូតូ​ និង​​សំលៀក​បំពាក់​ជា​ដើម៕


No comments:

Post a Comment