លោក ស៊ូប៊ែឌី ជំរុញ ឲ្យមាន កំណែទម្រង់ ពិតប្រាកដ និងឆាប់រហ័ស នៅកម្ពុជា
លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី នៅក្នុងសន្និសីទស្តីពីការបោះឆ្នោត
RFI/Siv Channa
ក្នុងសន្និសីទកាសែត បិទបញ្ចប់ ដំណើរ ទស្សនកិច្ច រយៈពេល ១០ថ្ងៃ របស់ខ្លួន នៅរសៀល ថ្ងៃអង្គារនេះ,
អ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស នៅកម្ពុជា
លោក ស៊ូប៊ែឌី
បានស្វាគមន៍ ចំពោះ កំណែទម្រង់ បោះឆ្នោត ដែលភាគីនានា កំពុងពិភាក្សា
នៅពេលនេះ។ ប៉ុន្តែ លោក ព្រមាន ថា, ប្រសិនបើ កំណែទម្រង់ ពិតប្រាកដនានា មិនត្រូវ បានធ្វើ ឲ្យឆាប់រហ័ស ទេនោះ
កម្ពុជា នឹងប្រថុយប្រថាន ចំពោះ ការវិលត្រឡប់ នៃអំពើហិង្សា។
RFI | ២៤ មិថុនា ២០១៤
អ្នករាយការណ៍ពិសេសសហប្រជាជាតិសង្ឃឹមថា គណបក្សទាំងពីរនឹងសម្រេចបានកំណែទម្រង់ពិតប្រាកដមួយជាពិសេសទាក់ទង នឹងឯករាជភាពរបស់ គ.ជ.ប. ដើម្បី បញ្ចៀសបញ្ហាដូចដែលបានកើតឡើងកាលពីការបោះឆ្នោតខែកក្កដាឆ្នាំ ២០១៣ កន្លងទៅ។ ទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធតុលាការវិញ លោកបានស្វាគមន៍ការអនុម័តច្បាប់សំខាន់ទាំងបី។ លោកអះអាងថា ច្បាប់ទាំងបីមានសារសំខាន់ក្នុងការពង្រឹងប្រព័ន្ធតុលាការកម្ពុជា។ ប៉ុន្តែ លោកសម្តែងការព្រួយបារម្ភថា បញ្ញត្តិមួយចំនួននៃច្បាប់ទាំងនោះបានក្លាយជាឧបសគ្គដល់ឯករាជភាព របស់តុលាការ ជាពិសេសអំណាចនីតិបញ្ញត្តិដែលនឹងមានឥទ្ធិពលទៅលើឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។
ចំពោះកំណែទម្រង់រដ្ឋសភាវិញ លោក ស៊ូប៊ែឌី ទទួលស្គាល់ថា ក្នុងរបបប្រជាធិបតេយ្យ គណបក្សឈ្នះឆ្នោតត្រូវដឹកនាំប្រទេស និងបានសាទរចំពោះការចរចាអំពីការបែងចែកអំណាចនៅក្នុងសភា។ ប៉ុន្តែ លោកបានស្នើដល់គណបក្សប្រជាជនកម្ពុជាឲ្យទទួលយកបន្ថែមទៀតនូវសំណើ នានាស្តីពីកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត។ លោកក៏បានស្នើឲ្យបក្សប្រឆាំងមានហេតុផលសមរម្យនិងភាពប្រាកដនិយមក្នុង ការចរចា និងត្រូវបង្កើនភាពអត់ធ្មត់ក្នុងទំនាក់ទំនងជាតិសាសន៍។ លោកក៏បានបញ្ជាក់ពីសារសំខាន់ក្នុងការចូលអង្គុយក្នុងរដ្ឋសភារបស់គណ បក្សប្រឆាំងផងដែរ។
ទាក់ទងនឹងកំណែទម្រង់ដីធ្លី លោក ស៊ូប៊ែឌី បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហា ប៉ុន្តែ លោកនៅតែព្រួយបារម្ភអំពីតម្លាភាពក្នុងការដោះស្រាយទំនាស់។ លោកបានលើកឡើងអំពីករណីជម្លោះដីធ្លីរ៉ាំរ៉ៃជាច្រើន ដូចជានៅបឹងកក់ បូរីកីឡា និងជម្លោះដីធ្លីតាមបណ្តាខេត្តជាច្រើនទៀតដែលនៅមិនទាន់អាច ដោះស្រាយបាននៅឡើយ។
ក្រៅពីបញ្ហាទាំង៤ដែលបានគ្រោងទុក លោកស៊ូប៊ែឌី ក៏បានលើកឡើងផងដែរទាក់ទងនឹងលំហប្រជាធិបតេយ្យដែលកាន់តែរួមតូច ដោយសារការបិទទីលានប្រជាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់ដល់សេរីភាព សម្តែងមតិរបស់ប្រជាពលរដ្ឋ។ ទាក់ទងនឹងសិទ្ធិការងារវិញ លោកបានសាទរចំពោះការវិវឌ្ឍនានាទាក់ទងនឹងកិច្ចចរចាអំពីប្រាក់ឈ្នួល អប្បបរមា។ ប៉ុន្តែ លោកបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃការគំរាមកំហែងចំពោះ សកម្មជនសហជីព។
ជាសេចក្តីសន្និដ្ឋាន លោក ស៊ូប៊ែឌី កត់សម្គាល់ថា កំណែទម្រង់ពិតប្រាកដមួយគឺជារឿងមិនអាចចៀសផុតទេនៅកម្ពុជា។ ប៉ុន្តែ វាហាក់ដូចជានៅមានភាពស្ទាក់ស្ទើរ និងកង្វះឆន្ទៈស្មោះត្រង់ក្នុងការសម្រេចឲ្យបាននូវកំណែទម្រង់ ទាំងនោះ។ លោកព្រមានថា ប្រសិនបើកំណែទម្រង់ពិតប្រាកដមិនត្រូវបានធ្វើឲ្យឆាប់រហ័សទេនោះ ប្រទេសកម្ពុជាមានការប្រថុយប្រថានចំពោះការវិលត្រឡប់នៃអំពើហិង្សា។ មន្ត្រីរដ្ឋាភិបាលមិនទាន់អាចទាក់ទងសុំប្រតិកម្មតបទៅនឹងការលើកឡើង របស់លោកស៊ូប៊ែឌីបាននៅឡើយទេនៅភ្លាមៗនេះ៕
No comments:
Post a Comment