Paris Peace Accords 23 Oct. 1991

Tuesday, June 24, 2014

វិបត្តិ​ នយោបាយ​ នៅ​ថៃ​ ប៉ះពាល់​ ដល់​ការ​នាំ​ចេញ​ ស្រូវ​អង្ករ​ កម្ពុជា

វិបត្តិ​ នយោបាយ​ នៅ​ថៃ​ ប៉ះពាល់​ ដល់​ការ​នាំ​ចេញ​ ស្រូវ​អង្ករ​ កម្ពុជា

RFA |  ២៤ មិថុនា ២០១៤

អង្ករ ៦១០
ផលិត​ផល​សម្រេច​អង្ករ​ផ្កា​ម្លិះ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ ការ​ងារ​ដែល​រៀបចំ​ដោយ​​សភា​ពាណិជ្ជកម្ម​អឺរ៉ុបនៅ​កម្ពុជា នៅ​កោះពេជ្រ នា​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ​២០១៤។  RFA/Oung Sereyvuth

អ្នក​នាំ​ចេញ​ អង្ករ​ កម្ពុជា ហាក់​កំពុង ​ជួប​បញ្ហា​ លំបាក​ ដោយសារ​ តែ​ នៅ​ប្រទេស​ ជិត​ខាង ​កើត​មាន​វិបត្តិ​ ដូច​ជា​វិបត្តិ នយោបាយ​ ដែល​​កំពុង ​កើត​ឡើង​ នៅ​ក្នុង​​ប្រទេស​ ថៃ។  បញ្ហា​ធំ ​ចំនួន​ពីរ​ របស់​ថៃ បាន​ប៉ះពាល់​ ដល់​​ការ​វិស័យ​ ស្រូវ​អង្ករ ​កម្ពុជា។  ទី​មួយ ភាព​តាន​តឹង​ លើ​ផ្នែក​នយោបាយ ​ដែល​បន្ថយ​ ការ​នាំ​ចូល ​ស្រូវ​ ក្រៅ​ផ្លូវការ​​ ពី​កម្ពុជា, ​និង​កត្តា​ទី​ពីរ គឺ​ ការ​បន្ថយ​ តម្លៃ​នាំ​ចេញ ​អង្ករ​ ដើម្បី​ បញ្ចេញ​ស្តុក​ស្រូវ​ របស់​ថៃ ដែល​​មាន ​បរិមាណ​ច្រើន​ សន្ធឹកសន្ធាប់។

វិស័យ​ស្រូវ​អង្ករ​​កម្ពុជា ហាក់​ពឹង​​ខ្លាំង​លើ​ទីផ្សារ​​​ប្រទេស​ថៃ និង​វៀតណាម។ ការ​ពឹង​​អាស្រ័យ​​ខ្លាំង​លើ​ទីផ្សារ​​​របស់​ប្រទេស​ជិត​ខាង​​​បែប​នេះ ដោយសារ​តែ​តម្រូវ​ការ​​​រោង​ម៉ាស៊ីន​កែច្នៃ​ស្រូវ​កម្ពុជា ​មាន​បរិមាណ​តិច​តួច​ដែល​មិន​អាច​ស្រូប​យក​បរិមាណ​ស្រូវ​ដែល​កម្ពុជា ផលិត​បាន​ទាំង​ស្រុង​ឡើយ​ និង​ទុន​ប្រមូល​ទិញ​ស្រូវ​​ដើម្បី​កែច្នៃ​ក៏​នៅ​មាន​កម្រិត​ទាប។

តាម​ការ​ប៉ាន់​ស្មាន​ដោយ​​ក្រសួង​​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ បាន​បង្ហាញ​ថា​ កម្ពុជា​អាច​ផលិត​ស្រូវ​ប្រមាណ​ជាង ៨​​លាន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៤។ ក្នុង​ចំណោម​បរិមាណ​ស្រូវ​ទាំង​អស់​នេះ ត្រូវ​បែក​ចែក​ទៅ​ប្រទេស​ជិត​ខាង ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ និង​តម្រូវ​ការ​របស់​រោង​​ម៉ាស៊ីន​កិន​ស្រូវ​ដើម្បី​​កែច្នៃ​នាំ​ចេញ​​នៅ​លើ ​ទីផ្សារ​អន្តរជាតិ។

តាម​ការ​ប៉ាន់ស្មាន​ប្រជាពលរដ្ឋ​កម្ពុជា សរុប​ត្រូវ​ការ​ស្រូវ​បរិភោគ​ប្រចាំ​ឆ្នាំ​ប្រមាណ​ជាង ៤​លាន​តោន និង​រោងម៉ាស៊ីន​កែច្នៃ​វិញ​ត្រូវ​ការ​ស្រូវ​ប្រមាណ ១​លាន​ ដើម្បី​កែច្នៃ​នាំ​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ និង​ជាង ៣​លាន​តោន​ផ្សេង​ទៀត​ ជា​បរិមាណ​ស្រូវ​ដែល​ហូរ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ក្រៅ​ផ្លូវ​ការ។ ប៉ុន្តែ​តម្រូវ​ការ​ស្រូវ​កែច្នៃ​របស់​ម្ចាស់​រោងម៉ាស៊ីន​ទាំង​​នោះ អាច​ថយ​ចុះ​ ​នា​ពេល​បច្ចុប្បន្ន ដោយសារ​តែ​​​ ប្រទេស​ថៃ កំពុង​កើត​មាន​វិបត្តិ​នយោបាយ។

អ្នក​នាំ​ចេញ​​អង្ករ​កម្ពុជា បាន​អះអាង​ថា គម្រោង​​នាំ​ចេញ​អង្ករ ៦០​ម៉ឺន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៤ របស់​ខ្លួន នឹង​ត្រូវ​បរាជ័យ​​ដោយសារ​តែ​ប្រទេស​ថៃ បាន​បញ្ចេញ​​បរិមាណ​អង្ករ​​ជាង​ ១០​លាន​តោន ​ហើយ​លក់​​ថ្លៃ​ទាប​ជាង​​​ទីផ្សារ​​​ប្រមាណ ២០% នៅ​លើ​​ទីផ្សារ​អន្តរជាតិ។ ម៉្យាង​វិញ​ទៀត​ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជា​ច្រើន​​​​នៅ​កម្ពុជា​វិញ ក៏​កំពុង​ជួប​បញ្ហា​មាន​ស្តុក​ស្រូវ​ច្រើន​ តែ​មិន​​អាច​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​​អន្តរជាតិ។

ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មេគង្គ អូរីហ្សា (Mekong Oriza) លោក​ឧកញ៉ា ហ៊ុន ឡាក់ មាន​ប្រសាសន៍​ថា តម្លៃ​នាំ​ចេញ​អង្ករ​កម្ពុជា ​គឺ​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​​តាម​ប្រទេស​ថៃ ដោយសារ​តែ​ប្រទេស​នេះ ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ខ្ពស់​បំផុត​លើ​​ពិភពលោក។ ការ​​បញ្ចុះ​តម្លៃ​​អង្ករ​នាំ​ចេញ​របស់​ថៃ បាន​ប៉ះពាល់​ដល់​​វិស័យ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ដែរ តាម​រយៈ​​​បាត់​បង់​ចំណែក​ទីផ្សារ​មួយ​ចំនួន​នៅ​ទីផ្សារ​​អង្ករ​ពិភពលោក​ ដោយ​អ្នក​បញ្ជា​ទិញ​បង្វែរ​ទៅ​ទិញ​អង្ករ​ពី​ប្រទេស​ថៃ ត្រង់​តម្លៃ​​​មួយ​ទាប។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ឧកញ៉ា ហ៊ុន​ ឡាក់ បាន​​​បញ្ជាក់​ទៀត អ្វី​ដែល​កំពុង​កើត​ឡើង​​​នេះ នឹង​ប៉ះពាល់​​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា នៅ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

លោក ហ៊ុន ឡាក់ មាន​ប្រសាសន៍​បន្ថែម​ថា មូលហេតុ​ដែល​ប្រទេស​ថៃ បញ្ចេញ​បរិមាណ​​​ស្តុក​អង្ករ​លក់​​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ បណ្ដាល​មក​ពី​គោល​នយោបាយ​ទិញ​ស្រូវ​ពី​កសិករ​ខ្ពស់​ជាង​ទីផ្សារ​ពីរ​ដង ដែល​បាន​ចាប់​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១១។ ស្រប​ពេល​ដែល​​ប្រទេស​​ថៃ មាន​ជម្លោះ​ទាក់​ទង​នឹង​រឿង​នយោបាយ ​ក៏​បាន​ប៉ះពាល់​បន្ត​ដល់​គោលនយោបាយ​ស្រូវ​អង្ករ​របស់​ថៃ ​ដែល​រដ្ឋាភិបាល​ថៃ ត្រូវ​តែ​បញ្ចេញ​ស្ដុក​​ស្រូវ​អង្ករ​នេះ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ដើម្បី​ចំណូល​ថវិកា​ជាតិ។

បន្ថែម​លើ​នេះ អគ្គលេខាធិការ​រង​នៃ​សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ​និង​នាំ​ចេញ​អង្ករ​កម្ពុជា លោក វ៉ាន់ ដេវីដ វិចិត្រ មាន​ប្រសាសន៍​ថា ឥទ្ធិពល​របស់​ថៃ បាន​ប៉ះពាល់​ដល់​​​​ទីផ្សារ​អង្ករ​នៅ​លើ​ពិភពលោក និង​ប៉ះពាល់​បន្ត​ដល់​ការ​​​នាំ​ចេញ​អង្ករ​របស់​​​កម្ពុជា ស្ទើរ​តែ​ទាំង​ស្រុង។ ការ​​រង​ឥទ្ធិពល​ពី​ថៃ មិន​​បាន​ធ្វើ​តម្លៃ​ស្រូវ​នៅ​កម្ពុជា ធ្លាក់​ថ្លៃ​គំហុក​ឡើយ ដោយសារ​តែ​ការ​ហូរ​ចេញ​ស្រូវ​ក្រៅ​ផ្លូវ​ការ​ទៅ​ប្រទេស​ជិត​ខាង​នៅ​តែ​មាន​ សកម្មភាព​ដដែល ជា​ពិសេស​ទៅ​ប្រទេស​វៀតណាម។ តាម​ការ​ប៉ាន់​ស្មាន ការ​ចេញ​ស្រូវ​ទៅ​ប្រទេស​ជិត​ខាង​មាន​ប្រមាណ ៣​លាន​តោន។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ មាន​ប្រសាសន៍​ថា​ ស្ថានភាព​​ធ្វើ​អាជីវកម្ម​​លើ​វិស័យ​ស្រូវ​អង្ករ​​របស់​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន​ ជួប​​ប្រទះ​នឹង​ការ​ប្រជែង​ផ្នែក​តម្លៃ​​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ និង​ម្ចាស់​រោងម៉ាស៊ីន​​ភាគ​ច្រើន ក៏​ប្រឈម​មុខ​នឹង​ការ​បង់​អត្រា​ការ​ប្រាក់​ទៅ​​ស្ថាប័ន​ហិរញ្ញវត្ថុ​ ស្រប​ពេល​​សកម្មភាព​ផលិត​​របស់​ខ្លួន​មាន​តិច​តួច។

លោក​បញ្ជាក់​ទៀត​ថា តាម​បទពិសោធន៍​នាំ​ចេញ​​អង្ករ​កើន​ឡើង​ខ្ពស់​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ បាន​ជំរុញ​អ្នក​រក​ស៊ី​អង្ករ​មួយ​ចំនួន​បាន​ខ្ចី​លុយ​ពី​ធនាគារ​ដើម្បី​ ពង្រីក​ការ​នាំ​ចេញ​ ប៉ុន្តែ​ការ​បង្កើត​ដើម​ទុន​វិនិយោគ​បន្ថែម​នោះ ក៏​បាន​ក្លាយ​ជា​ហានិភ័យ​ធំ​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ។
 
​​​​ទោះ​ជា​យ៉ាង​ណា​ ក្រៅ​ពី​បញ្ហា​​នយោបាយ​​និង​​​ការ​បញ្ចេញ​​លក់​អង្ករ​របស់​ថៃ យ៉ាង​គំហុក​​នៅ​​ឆ្នាំ​២០១៤ នេះ  កម្ពុជា​ក៏​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​លើ​ការ​នាំ​ចូល​អង្ករ​ នៅ​ក្នុង​​ទីផ្សារ​អឺរ៉ុប​ដែរ ដោយសារ​តែ​អឺរ៉ុប​កំពុង​ពិចារណា លុប​បំបាត់​ការ​រួច​ពន្ធ​នាំ​ចូល​អង្ករ​ពី​កម្ពុជា តាម​រយៈ​ការ​ស្នើ​សុំ​របស់​ប្រទេស​អ៊ីតាលី។

បញ្ហា​ទាំង​អស់​បាន​ក្លាយ​ជា​ក្ដី​បារម្ភ​របស់​អ្នក​នាំ​ចេញ​អង្ករ​​និង​ រដ្ឋាភិបាល​កម្ពុជា ដែល​អាច​ប៉ះពាល់​ដល់​គោលដៅ​នាំ​ចេញ អង្ករ​​កម្ពុជា​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៥។ របាយការណ៍​របស់​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ បាន​បង្ហាញ​ថា​ ការ​នាំ​ចេញ​អង្ករ​កម្ពុជា នៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​​ក្នុង​ឆ្នាំ​២០១៣ សម្រេច​បាន ៤០​ម៉ឺន​តោន ប៉ុន្តែ​​នៅ​រយៈ​ពេល ៥​ខែ ដើម​ឆ្នាំ​២០១៤ សម្រេច​បាន ១៥​ម៉ឺន​តោន​ប៉ុណ្ណោះ​ ដែល​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា ជឿជាក់​ថា ការ​នាំ​ចេញ​អង្ករ​​មួយ​លាន​តោន​​នៅ​ឆ្នាំ​ក្រោយ​នេះ ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល​ ឬ​អាច​​បរាជ័យ៕



No comments:

Post a Comment