អាជ្ញាធរ ខេត្តស្វាយរៀង ដាក់កម្លាំង ត្រៀម មុនបក្សប្រឆាំង ទៅតំបន់ ក្បែរព្រំដែន វៀតណាម
RFA | ២៨ មិថុនា ២០១៤
ប្រជាពលរដ្ឋ និងក្រុមការងារ គណបក្ស សង្គ្រោះជាតិ នៅស្រុក រមាសហែក ខេត្ត ស្វាយរៀង អះអាង ថា, កម្លាំងប៉ូលិស និងទាហាន ជាច្រើននាក់ ប្រដាប់ ដោយដំបងផង ត្រូវ អាជ្ញាធរ ដាក់ពង្រាយ នៅតាមភូមិ ជាប់ព្រំដែន។
ការដាក់ពង្រាយ កម្លាំងអាជ្ញាធរនេះ គឺ ស្របពេល ដែលក្រុមការងារ បក្សប្រឆាំង ដែលគ្រោង ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមានបញ្ហា នៅតាមជាយដែន ជាមួយ ប្រទេស វៀតណាម នៅក្នុងស្រុក រមាសហែក។
កងកម្លាំង អាជ្ញាធរ ទាំងនោះ មានគ្នា ប្រមាណ ជាង១០០នាក់ ស្លៀកពាក់ ឯកសណ្ឋាន ស៊ីវិល ត្រូវ គេ ដាក់ពង្រាយ តាមភូមិ មួយចំនួន នៅតំបន់ ជាយដែន, ជាពិសេស ក្នុងបរិវេណ វត្តដូង ឃុំដូង ស្រុក រមាសហែក ជាតំបន់ ដែលគណបក្ស សង្គ្រោះជាតិ គ្រោងទៅជួប សំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ នៅថ្ងៃ ទី២៩ មិថុនា។
អ្នកភូមិដូង ម្នាក់ លោក ស្រី យ៉ុង មានប្រសាសន៍ នៅថ្ងៃ ទី២៨ មិថុនា ថា, ប្រជាពលរដ្ឋ ក្នុងភូមិ សម្ដែងក្ដីបារម្ភ ខ្លាចកើតមាន អំពើហិង្សា ដាក់គ្នា នៅពេល ដែលក្រុមការងារ គណបក្ស សង្គ្រោះជាតិ មកដល់៖ «ទឹកដី ស្រុក រមាសហែក ដូចមិនដែល ទាន់ឃើញ អ៊ីចឹងទេបង, ដូចចម្លែក ព្រឹកមិញ។ ខ្ញុំ ចេញទៅ ធ្វើការ, ខ្ញុំ ឃើញសកម្មភាព អ៊ីចឹង។ ខ្ញុំ ដូចចម្លែកដែរ ព្រោះខ្ញុំ មិនដែលឃើញ។ ដល់មិន ដែលឃើញ ខ្ញុំសង្ស័យក្នុងចិត្ត ថា, ដឹងរឿងស្អី បានគេ ធ្វើអ៊ីចឹង។»
ក្រុមប្រឹក្សាឃុំដូង គណបក្សសង្គ្រោះជាតិ លោក សូ សុត ឲ្យដឹងថា កម្លាំងប៉ូលិស និងទាហាន ដែលដាក់ពង្រាយតាមជាយដែននោះ ជាកម្លាំងរបស់សមត្ថកិច្ចស្រុករមាសហែក ដាក់ពង្រាយតាំងពីរសៀលថ្ងៃទី២៧ រហូតមក។ លោកសង្ស័យថា ពួកគេមានគោលបំណងរារាំងក្រុមការងាររបស់គណបក្សមិនឲ្យជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋ។ លោកថា បើទោះជាមានការដាក់កម្លាំងយ៉ាងនេះក្ដី គម្រោងការជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមជាយដែន នៅតែបន្តដដែល៖ «បាទ នៅនឹងដៃមានបំពង់ទីបមាន អឺ! គល់ឫស្សី ប្រវែងៗអឺ!មួយម៉ែត្រ មួយម៉ែត្រជាង ហើយមានវ៉ៃដែកគោលជាប់នឹងគល់ឫស្សីទៀត។ បើមានគេសួរបងប្អូនទៅ សួរមើលគេថាមកទេសចរណ៍ៗ ដើរលេង គេថាអ៊ីចឹងវិញ។ ថ្ងៃនេះមានអ៊ីចេះទៀត មានខាងគណបក្សប្រជាជនឃុំហ្នឹង គេហៅមេភូមិអនុភូមិប្រធានក្រុមគេហ្នឹង មកក៏មានព្រនង់គល់ឫស្សីដូចគ្នាបាទ ដូចគ្នា ឃើញមានព្រនង់គល់ឫស្សីដែរហ្នឹង ហើយឥឡូវស្អែកគេនឹងបន្តមកទៀតបាទ។»
គម្រោងចុះសួរសុខទុក្ខប្រជាពលរដ្ឋរបស់គណបក្សសង្គ្រោះជាតិ នៅស្រុករមាសហែក ធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានថា ប្រជាពលរដ្ឋចំនួន ២គ្រួសារ រស់នៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ជាប់ជាយដែនកម្ពុជាវៀតណាម ត្រូវអាជ្ញាធរវៀតណាម ហាមឃាត់មិនឲ្យធ្វើស្រែលើដីរបស់ខ្លួន ដោយចាត់ទុកថាជាតំបន់ស។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុករមាសហែក លោក ពេញ ជា មានប្រសាសន៍បញ្ជាក់ថា លោកពុំទាន់ទទួលព័ត៌មានពីការដាក់ពង្រាយកម្លាំងសមត្ថកិច្ច រារាំងក្រុមការងាររបស់គណបក្សប្រឆាំងដូចការលើកឡើងរបស់មន្ត្រី គណបក្សប្រឆាំងនៅឡើយទេ៖ «បាទ! អត់ ខាងសង្គ្រោះជាតិ ក៏អត់មានប្រាប់ខាងណាក៏អត់ប្រាប់ ហឺ! អត់ខ្ញុំអត់ដឹងដែរបាទៗចាំមើលខ្ញុំមើល។»
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន កាត់សម្គាល់ថា កន្លងមកអាជ្ញាធរនៅខេត្តស្វាយរៀង តែងតែរារាំងរាល់សកម្មភាពជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋរបស់ គណបក្សប្រឆាំងជាបន្តបន្ទាប់ ជាពិសេសគឺការជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមជាយដែនតែម្ដង។ លោក នុត ប៊ូពិណារ័ត្ន ចាត់ទុកសកម្មភាពរបស់អាជ្ញាធរនេះថា ជាការបំភិតបំភ័យបិទសិទ្ធិសេរីភាពនយោបាយរបស់គណបក្សប្រឆាំង៖ «ធម្មតា អាជ្ញាធរយើងអាចដឹងបានជាទូទៅ គឺថាគាត់តែងតែនិយាយយកតែម៉ារួចខ្លួន អ៊ីចឹងគាត់មិនដែលទទួលស្គាល់ទេ ព្រោះថា កម្លាំងដែលគេដាក់នោះគេពាក់ឯកសណ្ឋានស៊ីវិល ហើយឆ្លើយដើម្បីយកថាគាត់នៅតែមិនដឹង គាត់មិនមានបដិសេធតែរហូត។ តែភាពពិត គឺកម្លាំងស្នូលរបស់គេហ្នឹងឯង ដែលគេធ្វើការបំភិតបំភ័យដល់ពលរដ្ឋ។»
ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង ដឹកនាំដោយ លោក រៀល ខេមរិន្ទ្រ ជាតំណាងរាស្ត្រ ព្រមទាំងមានសហគមន៍បុរីកីឡា សហគមន៍បឹងកក់ ក្រុមព្រះសង្ឃឯករាជ្យ និងក្រុមយុវជនសង្គ្រោះជាតិ ជាដើម នឹងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមជាយដែន ដែលមានបញ្ហាដីធ្លីជាមួយអាជ្ញាធរវៀតណាម៕
No comments:
Post a Comment