ភ្លើង ឆេះផ្ទះ ជិត១០ខ្នង នៅជិតផ្សារ ប៉េសេ ភ្នំពេញ
វិទ្យុ អាស៊ី សេរី |
២៨ មិថុនា ២០១៤
កាលពីរសៀល ថ្ងៃទី២៨ ខែមិថុនា មានអគ្គិភ័យមួយ បានឆាបឆេះ បំផ្លាញផ្ទះ ប្រជាពលរដ្ឋ អស់ជិត ១០ខ្នង ជិតផ្សារ ប៉េសេ រាជធានី ភ្នំពេញ។ មកដល់ ល្ងាចថ្ងៃ ដដែល, មន្ត្រី ជាន់ខ្ពស់ ស្នងការ នគរបាល រាជធានីភ្នំពេញ ប្រាប់វិទ្យុ អាស៊ី សេរី ថា, កម្លាំងសមត្ថកិច្ច កំពុង ស្វែងរក ម្ចាស់ផ្ទះ សិប្បកម្ម មួយកន្លែង ដែលជាផ្ទះ បង្កអគ្គិភ័យ ដើម្បី សាកសួរ តាមនីតិវិធីច្បាប់។
ប្រធាន ការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការ នគរបាល រាជធានីភ្នំពេញ លោក នេត វត្ថា មានប្រសាសន៍ ថា អគ្គិភ័យនេះ មិនបណ្ដាល ឲ្យមាន គ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សឡើយ។ ប៉ុន្តែ វា បានធ្វើ ឲ្យខូចខាត ទ្រព្យសម្បត្តិ ពលរដ្ឋ, គិតជាទឹកប្រាក់ ប្រមាណ ជាង២០ម៉ឺន ដុល្លារ សហរដ្ឋអាមេរិក។
លោក បញ្ជាក់ថា, អាជ្ញាធរ កំពុង ចាត់វិធានការ បន្តទៀត ដើម្បី ស្វែងរក មូលហេតុ ពិតប្រាកដ នៃអគ្គិភ័យនេះ៖ «រថយន្ត យើងខ្ញុំ ចេញទៅ ១៤គ្រឿង និងស្រាបៀកម្ពុជា ១គ្រឿង ធ្វើប្រតិបត្តិការ ១ម៉ោង ជាង ខូចផ្ទះ ៦ខ្នង និងរោលហ្នឹង ៣ខ្នងទៀត។ ពលរដ្ឋហ្នឹង ឆេះផ្ទះម្តងហើយ, តែ គេ ជួយទាន់។ ទើប លើកនេះ ជាមហន្តរាយធំ។ យើង កំពុងសហការ ជាមួយ មេភូមិ និងមេប៉ុស្តិ៍ ព្រោះផ្ទះ ប្រធានភូមិ និងផ្ទះសេនាជន ក្នុងភូមិ, គាត់ហ្នឹង ក៏ឆេះដូចគ្នាដែរ។»
របាយការណ៍របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញថា រយៈពេលកន្លះឆ្នាំនេះ មានភ្លើងឆេះផ្ទះចំនួន ៤៥ករណី បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និងខូចខាតទ្រព្យសម្បត្តិរាប់លានដុល្លារ៕
No comments:
Post a Comment