អង្គការ សង្គមស៊ីវិល ជំរុញ ឲ្យអាមេរិក ស៊ើបអង្កេត ទាសភាព ក្នុងអាជីវកម្ម បង្គា ថៃ
VOA |
១៤ មិថុនា ២០១៤
កាល ពីប៉ុន្មានថ្ងៃ មុននេះ កាសែតThe Guardian
នៃអង់គ្លេស បានចេញផ្សាយ អត្ថបទ ស៊ើបអង្កេត រយៈពេល ប្រាំមួយខែ របស់ខ្លួន ដោយរកឃើញ ថា មានការជួញដូរ មនុស្ស យ៉ាងធ្ងន់ធ្ងរ
និងការប្រើប្រាស់ កម្លាំងពលករ ជាទាសករ ក្នុងផ្នែកនេសាទ បង្គា ក្នុង
ប្រទេសថៃ។
VOA | ១៤ មិថុនា ២០១៤
ភ្នំពេញ — អង្គការ សង្គមស៊ីវិល ជាច្រើនស្ថាប័ន ដែលធ្វើការ លើផ្នែក ប្រយុទ្ធប្រឆាំង នឹងការជួញដូរ មនុស្ស បាននិយាយ ថា, សហរដ្ឋ អាមេរិក និងប្រទេសនានា គួរតែ ត្រួតពិនិត្យ ឱ្យបានដិតដល់ លើការនេសាទ នៅក្នុងប្រទេស ថៃ ដែលប្រើប្រាស់ កម្មករ មកពីកម្ពុជា ឱ្យធ្វើការ ក្នុងស្ថានភាព ស្ទើរតែ ដូចជាទាសករ។
កាលពីប៉ុន្មានថ្ងៃ មុននេះ កាសែតThe Guardian ដែលជាកាសែត ដ៏ល្បីមួយ ក្នុងប្រទេស អង់គ្លេស បានចេញផ្សាយ អត្ថបទស៊ើប អង្កេត រយៈពេល ប្រាំមួយខែ របស់ខ្លួន ដោយរកឃើញ ថា មានការជួញដូរ មនុស្ស យ៉ាងធ្ងន់ធ្ងរ និងការប្រើប្រាស់ កម្លាំងពលករ ជាទាសករ ក្នុងផ្នែកនេសាទ បង្គា ក្នុងប្រទេស ថៃ។
ខណៈពេល ដែលផលិតផល បង្គា របស់ថៃ ជាប្រភព ផ្គត់ផ្គង់ យ៉ាងសំខាន់ សម្រាប់ ទីផ្សារ សហរដ្ឋអាមេរិក និងបណ្តាប្រទេស, នៅអឺរ៉ុប លោក យ៉ា ណាវុធ នាយកប្រតិបត្តិ អង្គការ ខារ៉ាម កម្ពុជា (CARAM Cambodia) ថ្លែងថា, លោក គាំទ្រ ប្រសិនបើ អាមេរិក និងបណ្តា អ្នកបញ្ជាទិញ ផលនេសាទ ធំៗ លើពិភពលោក ដាក់សម្ពាធ ក្រុមហ៊ុន នេសាទ ក្នុងប្រទេស ថៃ ឲ្យគោរព សិទ្ធិមនុស្ស និងបញ្ចប់ ទាសភាព កម្មករ នេសាទ។
«កាលណា អ្នកបញ្ជាទិញ, លោក ដាក់លក្ខខណ្ឌ តឹងតែង មិនឲ្យ ជួលពលករ ខុសច្បាប់, មិនឲ្យ មានការ រំលោភ សិទ្ធិមនុស្ស, ខ្ញុំ ជឿជាក់ថា, ស្ថានភាព វា នឹងអាច មានការ កែប្រែលម្អ។ ការងារ បែបទាសភាព, វា នឹងកាត់បន្ថយ។ ទោះបី មិនអាច លុបបាន ក៏ដោយ ក៏វា នឹងថយមក តិច ជាងមុន។»
លោកស្រី លឹម មុន្នី ប្រធាន កម្មវិធី ផ្នែកស្ត្រី និងកុមារ ដែលធ្វើការ លើគម្រោង ប្រយុទ្ធ ប្រឆាំង ការជួញដូរ មនុស្ស មានប្រសាសន៍ថា អ្នកស្រី យល់ស្រប អ្វី ដែលរកឃើញ ដោយកាសែត The Guardianនេះ។
«កម្មករ ពលករ ទាំងនោះ ភាគច្រើន ជាអ្នក ទៅពីប្រទេស កម្ពុជា។ ហេតុអ្វី បានខ្ញុំ ថា ល្អ? ល្អ ត្រង់ថា ឲ្យម្ចាស់ កប៉ាល់ហ្នឹង សើរើ ឡើងវិញ នូវការ ដែលគាត់ ត្រូវតែ បំពេញ កាតព្វកិច្ច ជាអ្នកប្រើគេ ត្រូវ ឲ្យសិទ្ធ អ្វីខ្លះ, ហើយ កុំ ឲ្យរំលោភ បំពានគេ។»
ដោយឡែកលោក ហ៊ុយ ពេជ្យសុវណ្ណ មន្ត្រីសិទ្ធិការងាររបស់កម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ថ្លែងថា ការដាក់សម្ពាធណាមួយពីសហគមន៍អន្តរជាតិនឹងមានឥទ្ធិពលលើក្រុមហ៊ុន នាំចេញអាហារនៅក្នុងប្រទេសថៃ។
ក្រសួង ការបរទេស អាមេរិក នៅមិនទាន់ បញ្ជាក់ ពីចំណាត់ ការអ្វី ជាក់លាក់ ទៅលើប្រទេស ថៃ នៅឡើយទេ។ នៅក្នុង សន្និសីទព័ត៌មាន កាលពីថ្ងៃពុធ, លោកស្រី ជេន សាក់គី (Jen Psaki) អ្នកនាំពាក្យ ក្រសួង ការបរទេស អាមេរិក បានបញ្ជាក់ ថា៖
«យើង នឹងចេញផ្សាយ របាយការណ៍ ស្តីពី ការជួញដូរ មនុស្ស ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ទៀត។ ដូច្នេះ ខ្ញុំ មិនចង់ផ្តល់ នូវព័ត៌មាន ជាមុន ពីបញ្ហានេះទេ។ ខ្ញុំ សូម ស្នើអស់លោក រង់ចាំ ដល់ពេល របាយការណ៍នោះ ចេញសិន។»
លោក ហេង សួង អ្នកនាំពាក្យនៃក្រសួងការងារថ្លែងថាលោកបានដឹងអំពីការចុះផ្សាយ របស់កាសែតThe Guardian នេះ។ លោកបន្ថែមថា ក្នុងតំណាក់កាលដំបូងនេះ ក្រសួងរួមទាំងស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃបាននឹងកំពុងចាត់ វិធានការដើម្បីប្រមូលទិន្នន័យឲ្យជាក់លាក់ បន្ថែមទៀត មុន នឹងផ្តើម ជួយសង្គ្រោះ។
«ក្រសួង ឬអាជ្ញាធរ ស្ថានទូត ខ្មែរយើង នៅថៃហ្នឹង កំពុង យកចិត្ត ទុកដាក់ ក្នុងការ តាមដាន ទីតាំង និងក្រុមហ៊ុន ពិតប្រាកដ ដែលអាចមាន បង ប្អូនពលករ ខ្មែរយើង ទៅធ្វើការ នៅទីនោះ។ យើង អាចជួប ឬវិធានការជួប ឬអន្តរាគមន៍ ក្នុងស្ថានភាព ដែលយើង ដឹងពីទីតាំង ក្រុមហ៊ុន និងចំនួន ពិតប្រាកដ។»
របាយការណ៍ដែលត្រូវបានចុះផ្សាយនៅឆ្នាំ ២០១២របស់អង្គការខារ៉ាមកម្ពុជា (CARAM Cambodia) ដែលធ្វើការលើការចំណាកស្រុករបស់ពលករក្នុងប្រទេសកម្ពុជាបង្ហាញថា ពលករខ្មែរសរុបដែលចេញទៅធ្វើការនៅប្រទេសថៃទាំងស្របច្បាប់ និងខុសច្បាប់មានចំនួនប្រមាណជាង៤សែននាក់។ភាគច្រើនទៅធ្វើការជា អ្នកនេសាទ។ រីឯរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យ ដឹងថា ពលករខ្មែរស្របច្បាប់ដែលចេញទៅធ្វើការនៅក្រៅប្រទេសនៅឆ្នាំ ២០១២មាន១៣ម៉ឺននាក់។ ភាគច្រើនជាពលរដ្ឋទៅធ្វើការនៅក្នុងប្រទេសថៃ៕
No comments:
Post a Comment