Paris Peace Accords 23 Oct. 1991

Sunday, June 22, 2014

សង្គម​ស៊ីវិល ​ទទូច ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា​ រារាំង​ គម្រោង​សាងសង់​ ទំនប់ វារីអគ្គិសនី​ នៅ​ឡាវ

សង្គម​ស៊ីវិល ​ទទូច ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា​ រារាំង​ គម្រោង​សាងសង់​ ទំនប់ វារីអគ្គិសនី​ នៅ​ឡាវ

RFA | ២១ មិថុនា ២០១៤

ទំនប់​វារីអគ្គិសនី​ដនសាហុង ៦១០
ពលរដ្ឋ ​លើក​បដា​បង្ហាញ ​ពី​សារសំខាន់ ​នៃ​ទន្លេ​ មេគង្គ និង​ទន្លេ សាប ទ្រទ្រង់​ជីវិត​ មនុស្ស​ រាប់​លាន​នាក់ នា​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ ទី​២៩ ខែ​មីនា ឆ្នាំ​២០១៤។  RFA/Mom Sophon

អង្គការ​ មិន​មែន​ រដ្ឋាភិបាល​ យ៉ាង​ហោច​ណាស់ ​ចំនួន​៥ ដែល​មាន​គម្រោង​ការ​ ពាក់ព័ន្ធ​ នឹង​ទន្លេ​ មេគង្គ ទទូច​ សូម ឲ្យ​រដ្ឋាភិបាល​ កម្ពុជា រារាំង​ ប្រទេស​ឡាវ ដែល​ព្យាយាម​ សាងសង់​ទំនប់ ​វារីអគ្គិសនី​ សាយាបូរី និង​គម្រោង ​អភិវឌ្ឍន៍​ វារីអគ្គិសនី​ ដនសាហុង។

អង្គការ​ សង្គម​ស៊ីវិល ចាត់​ទុក ​ថា, ប្រសិន​បើ​ គម្រោង​វារី អគ្គិសនី​ ទាំង​ពីរ​នេះ លេច​ចេញ​ ជា​រូបរាង​ ឡើង​ពិត​ មែន​នោះ នឹង​មាន​ ផល​ប៉ះពាល់​ យ៉ាង​ខ្លាំង ​ចំពោះ ​អ្នក​រស់នៅ ផ្នែក​ខាង​ក្រោម​ នៃ​អាង​ទន្លេ ​មេគង្គ។

ទំនប់ ​វារីអគ្គិសនី ​ដនសាហុង ដែល​នៅ ​មិន​ឆ្ងាយ​ ពី​ព្រំដែន​ កម្ពុជា ប្រមាណ​ជិត ២​គីឡូ​ម៉ែត្រ​ ពី​ប្រទេស​ឡាវ, ហើយ ​គ្រោង​នឹង​សាងសង់​ នៅ​បំណាច់ ​ឆ្នាំ​២០១៤ នេះ ខណៈ​ ទំនប់ ​វារីអគ្គិសនី​មួយ​ទៀត គឺ​ទំនប់​សាយាបូរី ដែល​ស្ថិត​នៅ​តួ​ទន្លេ​នៃ​ទន្លេ​មេគង្គ​ភាគ​ខាង​លើ កំពុង​ដំណើរ​ការ​សាងសង់ ប៉ុន្តែ​នៅ​មិន​ទាន់​ទាញ​ភ្លើង​យក​ទៅ​ប្រើប្រាស់​នៅ​ឡើយ​នោះ។ បញ្ហា​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ក្រោយ​ពី​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ​នោះ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ជា​ខ្លាំង ជាពិសេស​នោះ គឺ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​អាយុ​ជីវិត​មនុស្ស​រាប់​លាន​នាក់ នៅ​ខាង​ក្រោម​ខ្សែ​ទឹក។

សេចក្ដី​ជូន​ដំណឹង​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​យ៉ាង​តិច​ចំនួន​៥ ដែល​មាន​គម្រោង​ពាក់ព័ន្ធ​នឹង​ទន្លេ​មេគង្គ​នេះ ទទូច​ដោយ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ជំទាស់​រាល់​គម្រោង​សាងសង់​ដែល​រដ្ឋាភិបាល​ឡាវ កំពុង​ដំណើរ និង​ដាក់​ឲ្យ​អភិវឌ្ឍ​នៅ​ចុង​ឆ្នាំ​២០១៤ នេះ។

លិខិត​ជូន​ដំណឹង​ដែល​តំណាង​ឲ្យ​អង្គការ និង​សមាគមន៍​ជាង​៥០​ទៀត​នៅ​កម្ពុជា រួម​មាន អង្គការ​ភូមិ​ខ្ញុំ បណ្ដាញ​ការពារ​ទន្លេ​សេសាន ស្រែ​ពក សេកុង សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ អង្គការ​ហ្វែក (Fact) និង​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ផង ចាត់​ទុក​ថា ទន្លេ​មេគង្គ គឺ​ជា​ជង្រុក​ធនធាន​ជលផល​ទឹក​សាប​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក និង​ជា​ទន្លេ​ទី​ពីរ​ដែល​មាន​ជីវចម្រុះ​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។ ប្រជាពលរដ្ឋ​ជាង ៦០​លាន​នាក់ ពឹង​ផ្អែក​លើ​ធនធាន​ពី​ទន្លេ​នេះ។

ចំណែក​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​នេះ​វិញ យល់​ថា អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ច្រាន​ចោល​ជា​ដាច់​ ខាត​គម្រោង​របស់​ប្រទេស​ឡាវ នៅ​ពេល​នេះ វា​ហាក់​បី​ដូច​ជា​ប្រញាប់​ប្រញាល់​ពេក។  យ៉ាង​ណា សង្គម​ស៊ីវិល​ចាត់​ទុក​ថា វា​មិន​លឿន​ពេក​នោះ​ទេ គឺ​សម​ល្មម​ដែល​រដ្ឋាភិបាល​អាច​យក​ទៅ​ពិចារណា និង​មាន​ពេល​ត្រួត​ពិនិត្យ​ណាស់​ទៅ​ហើយ។ លិខិត​ជូន​ដំណឹង​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ឡើង​នៅ​ពេល​នេះ គឺ​មុន​៥​ថ្ងៃ​ប៉ុណ្ណោះ នៅ​បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ​លើក​ទី​២០ នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៦ មិថុនា ក្នុង​ប្រទេស​ថៃ នោះ។

បន្ថែម​លើ​សេចក្ដី​ជូន​ដំណឹង​នេះ នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មិថុនា ថា មូលហេតុ​ដែល​សម្ព័ន្ធ​ទន្លេ​មេគង្គ​កម្ពុជា ដែល​បណ្ដុំ​ដោយ​អង្គការ​សមាគម​មិន​តិច​ជាង ៥៣​ស្ថាប័ន ស្នើ​ឡើង​នៅ​ពេល​នេះ គឺ​ចង់​ពញ្ញាក់​ស្មារតី​ដល់​រដ្ឋាភិបាល គប្បី​លើក​ពី​បញ្ហា​នេះ​ដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នោះ ដោយ​ដាក់​កំហិត​ការ​ព្យាយាម​ណា​មួយ​របស់​ប្រទេស​ឡាវ នេះ បើ​សិន​រក​ឃើញ​ពិត​ជា​មាន​ផល​ប៉ះពាល់​ជាក់លាក់​មែន​ហើយ​នោះ៖ «ខ្ញុំ​វា​ ជា​ពេល​សមស្រប​ហើយ​ដែល​យើង​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ហ្នឹង ដើម្បី​ផ្ញើ​សារ​ជូន​រដ្ឋាភិបាល ក៏​ដូច​ជា​អន្តរ​រដ្ឋាភិបាល មាន​ន័យ​ថា យក​សំណើ​យើង​ខ្ញុំ​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២៦។»

ឆ្លើយ​តប​បញ្ហា​នេះ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ទន្លេ​មេគង្គ​កម្ពុជា លោក ស៊ិន នីនី អះអាង​ថា រដ្ឋាភិបាល​ពុំ​ដែល​ព្រងើយ​កន្តើយ​ម្ដង​ណា​ឡើយ។ ប៉ុន្តែ ជំហរ​កម្ពុជា ក៏​ពុំ​ដែល​ជំទាស់​ថា​មិន​ឲ្យ​ឡាវ សាងសង់​នោះ​ដែរ តែ​ថា​សូម​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន ដោយ​រួម​ទាំង​ផល​ប៉ះពាល់​ឆ្លង​ដែន ហើយ​ផល​ប៉ះពាល់​នេះ​ទៀត​សោត គឺ​អាច​ទទួល​យក​បាន និង​គ្រប់​ជ្រុងជ្រោយ​ថែម​ទៀត៖ «ជំហរ​រដ្ឋាភិបាល គឺ​មិន​និយាយ​ថា​ប្រឆាំង​ដាច់​ខាត ឬ​ក៏​ឲ្យ​ធ្វើ​ទេ។ គ្រាន់​តែ​ទាមទារ​ឲ្យ​ធ្វើ​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន ជាពិសេស​នៅ​ទឹក​ដី​កម្ពុជា ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​អាច​ទទួល​យក​បាន ទើប​មាន​ការ​សាងសង់​បាន។ អា​ហ្នឹង គឺ​ជំហរ គឺ​អ៊ីចឹង ជា​ផ្លូវ​ការ។»

ចំណែក​ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល​វិញ គឺ​ផ្អែក​លើ​គោលការណ៍​រួម មុន​ត្រូវ​ដំណើរ​ការ ត្រូវ​គោរព​សិទ្ធិ​សហគមន៍ យក​បញ្ហា និង​ក្តី​កង្វល់​របស់​ពួក​គាត់​មក​ពិភាក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សាយាបូរី និង​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ដនសាហុង ភ្លាមៗ។ លើស​ពី​នេះ បើ​សិក្សា​ឃើញ​ថា ពិត​ជា​មាន​ផល​ប៉ះពាល់​មែន ត្រូវ​បញ្ឈប់​គម្រោង​ភ្លាម​ដូច​ការ​ចង់​បាន​របស់​សហគមន៍។

ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​សាយាបូរី ដែល​កំពុង​ដំណើរ​ការ និង​ទំនប់​វារីអគ្គិសនី​ដនសាហុង ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ដោយ​ឯកច្ឆន្ទ​របស់​ឡាវ នេះ ត្រូវ​ចាប់​ផ្ដើម​ដូច​ការ​គ្រោង​ទុក​មែន ប្រជាពលរដ្ឋ​ជាង ៦៥​នាក់ ដែល​អាស្រ័យ​ផល​ដោយ​ប្រយោល ត្រូវ​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ។  ទន្ទឹម​នឹង​នោះ ពលរដ្ឋ​ជាង ៣០០​លាន​នាក់​ទៀត ដែល​អាស្រ័យ​ផល​ដោយ​ផ្ទាល់ នឹង​រង​ផល​ប៉ះពាល់​ចំពោះ​ការ​វិនិយោគ​នេះ​ដែរ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ជីវចម្រុះ​នៅ​ឡើយ​ផង ជាពិសេស ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ស្បៀង៕



No comments:

Post a Comment