យុវជន នៅសៀមរាប ធ្វើពិធី កាន់ទុក្ខ នៃការ បាត់បង់ ទឹកដី កម្ពុជាក្រោម
ដោយ ហង្ស សាវយុត / RFA | ១ មិថុនា ២០១៤
ក្រុមនិស្សិតនាំគ្នាលាតសន្ធឹងទង់ខ្មែរកម្ពុជាក្រោម នាបរិវេណប្រាសាទអង្គរវត្ត នៅថ្ងៃទី១ មិថុនា ឆ្នាំ២០១៤។ RFA/Hang Savyouth
ទឹកដី កម្ពុជាក្រោម ចំនួន ២១ខេត្ត ត្រូវ អាណាព្យាបាល បារាំង កាត់ឱ្យ ស្ថិតនៅក្រោម ការគ្រប់គ្រង របស់ រដ្ឋាភិបាល វៀតណាម អស់រយៈពេល ៦៥ឆ្នាំ មកហើយ, គិតមក ដល់ពេលនេះ។ ក៏ប៉ុន្តែ ការបាត់បង់ ទឹកដី ដ៏ធំធេង នៅតែ ធ្វើឱ្យឥស្សរជន កម្ពុជា ក្រោម និងនិស្សិតខ្មែរ មួយចំនួន នឹកស្ដាយស្រណោះ, ហើយ តែងឆ្លៀត នាំគ្នា ប្រារព្ធ ធ្វើពិធី កាន់ទុក្ខ បើ ទោះបី ជារដ្ឋាភិបាល ខ្មែរ មិនបើកចំហ ឱ្យធ្វើ សកម្មភាព ប្រឆាំង នឹងការបាត់បង់នោះ ក៏ដោយ។
ក្រុមយុវជន ដែលជានិស្សិត និងប្រជាពលរដ្ឋ ប្រមាណ ៥០នាក់ នៅខេត្តសៀមរាប បានប្រមូល ផ្ដុំគ្នា ធ្វើពិធី កាន់ទុក្ខ នៃការបាត់បង់ ទឹកដី កម្ពុជាក្រោម យ៉ាងស្ងៀមស្ងាត់ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១ ខែមិថុនា។
ពិធីនោះ ធ្វើយ៉ាងប្រយ័ត្ន ប្រយែង ដោយបំបែកគ្នា ជាច្រើនក្រុម នៅពេល ដែលប៉ូលិស រាយបណ្ដាក់ កម្លាំង បំណងរារាំង ចំនួន ២កន្លែង នៅមុខ ប្រាសាទ អង្គរវត្ត និងនៅតំបន់ អង្គរ ឃ្យុងយូ ក្នុងទីរួមខេត្ត សៀមរាប។
ទីបំផុតក្រុមនិស្សិតបានឆ្លៀតឱកាសយកខ្សែដាក់រាយធ្វើជាផែនទី នៃប្រទេសកម្ពុជា ព្រមទាំងដាក់ទង់ខ្មែរកម្ពុជាក្រោម ១ផ្ទាំងធំ នៅចំកណ្ដាល ហើយធ្វើពិធីយ៉ាងប្រញាប់ប្រញាល់នៅម្ដុំបរិវេណកំពូលបីនៃប្រាសាទ អង្គរវត្ត ទាល់តែបាន។
និស្សិតម្នាក់ក្នុងចំណោមនិស្សិតមួយចំនួនទៀត មកពីសកលវិទ្យាល័យបញ្ញាសាស្ត្រ គឺលោក សេង រដ្ឋា។ លោកមានប្រសាសន៍ក្នុងពេលលើកទង់ខ្មែរកម្ពុជាក្រោមនោះថា រូបលោកនិងយុវជនខ្មែរជាច្រើនទៀត មានចិត្តក្រៀមក្រំ និងសោកស្ដាយចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម ២១ខេត្ត ឱ្យនៅក្រោមការត្រួតត្រារបស់វៀតណាម។
និស្សិតដដែលបញ្ជាក់ថា គិតមកដល់ពេលនេះ បារាំងបានកាត់ដីកម្ពុជាក្រោម ទៅឱ្យវៀតណាម គ្រប់គ្រង រយៈពេល ៦៥ឆ្នាំហើយ។ លោកបញ្ជាក់ថា តាមអាជ្ញាយុកាល ច្បាប់អន្តរជាតិ ការបាត់បង់ទឹកដីមិនទាន់ដល់ ១០០ឆ្នាំនេះ គួរតែរដ្ឋាភិបាលខ្មែរទាមទារមកវិញ៖ «ទោះបីជានៅក្នុងកាលៈទេសៈ ណាក៏ដោយ បើសិនជាបាត់បង់មិនទាន់ហួសពី ១០០ឆ្នាំទេ កូនខ្មែរនៅតែចិញ្ចឹមចិត្តស្រឡាញ់ទឹកដីកម្ពុជាក្រោម ដែលជាកេរដំណែលដូនតាតាំងពីសម័យអង្គរ ហើយយើងសហការជាមួយប្រជាជនខ្មែរកម្ពុជាក្រោម ទាមទារនូវទឹកដី និងឯករាជ្យរបស់ខ្មែរកម្ពុជាមកវិញ។»
សមត្ថកិច្ចខេត្តសៀមរាប បានចាត់ទុកការប្រមូលផ្ដុំរបស់ក្រុមនិស្សិតធ្វើពិធីកាន់ទុក្ខនៃ ការបាត់បង់ទឹកដីកម្ពុជាក្រោមនោះ ថាមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ។
ពិធីកាន់ទុក្ខនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើយ៉ាងប្រញាប់ប្រញាល់នៅខេត្តសៀមរាប គឺនៅស្របពេលដែលអាជ្ញាធរក្រុងភ្នំពេញ មិនអនុញ្ញាតឱ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រារព្ធខួបលើកទី ៦៥ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅក្នុងទីវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។
ទោះយ៉ាងណា ប្រធានសាខាសហព័ន្ធខ្មែរក្រោមពិភពលោក ប្រចាំកម្ពុជា លោក តាំង សារៈ មានប្រសាសន៍ថា លោកមានមោទនភាពបំផុតនៅពេលដែលឮថា យុវជននិងប្រជាពលរដ្ឋខ្មែរចេះឈឺឆ្អាលនិងស្ដាយស្រណោះទឹកដីកម្ពុជា ក្រោម៖ «ពីព្រឹកមិញនេះ ទោះបីជាមានយុវជនតិចតួចក៏ដោយ ក៏ប៉ុន្តែបានទទួលស្គាល់នូវទង់ដែលមានពណ៌ខៀវ លឿង ក្រហម មកពាក់ជាតំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរកម្ពុជាក្រោម។ បើសិនណាជាក្មួយៗយុវជនទាំងអស់នោះ អាចពង្រីកចលនានេះឱ្យបានខ្លាំងក្លា ក៏វាបង្ហាញនូវសាមគ្គីភាពរវាងខ្មែរកម្ពុជាក្រោម ខ្មែរកម្ពុជាកណ្ដាល ក៏ដូចជាបងប្អូនជនជាតិជាកុលសម្ព័ន្ធ ហើយជាអំបូរខ្មែរមន អាចរួមគ្នាតែមួយ។»
សហព័ន្ធ ខ្មែរក្រោម ពិភពលោក អះអាងថា ទឹកដី កម្ពុជាក្រោម ចំនួន ២១ខេត្ត បានបាត់បង់ ក្រៅផ្លូវការ ទៅក្រោម ការគ្រប់គ្រង របស់ រដ្ឋាភិបាល វៀតណាម កាលពីថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ១៩៤៩៕
No comments:
Post a Comment