(រូបថតពី បណ្តាញសង្គម)
អ្នកគាំទ្រ គណបក្ស ប្រជាជនកម្ពុជា ខេត្តកោះកុង រារាំង ការជួបជុំ គណបក្ស សង្គ្រោះជាតិ
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃពុធ ទី11 មិថុនា 2014
អ្នកគាំទ្រ គណបក្ស ប្រជាជនកម្ពុជា នៅខេត្តកោះកុង នៅថ្ងៃពុធនេះ បានធ្វើសកម្មភាព បិទផ្លូវ រារាំង ថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ មិនឲ្យ ដើរសួរសុខទុក្ខ ប្រជាពលរដ្ឋ និងប្រាប់ពីដំណើរ នៃការវិវត្តន៍នយោបាយ។
តាមគេហទំព័របណ្តាញសង្គមហ្វ៊េសប៊ុករបស់ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរថា « ខណៈពេលនេះខ្ញុំ និង លោក សម រង្ស៊ី កំពុងស្ថិត ក្នុងការប៉ុនប៉ងរំខានឆាឆៅ របស់អ្នកគាំទ្រស៊ីឈ្នួលរបស់អ្នកកាន់អំណាចបច្ចុប្បន្ន មកលើសកម្មភាព នយោបាយជួបជុំអ្នកគាំទ្ររបស់យើង នៅខេត្ដកោះកុង»។
ទាក់ទងនឹងបញ្ហានេះ ស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន អះអាងថា លោកមិនទាន់ទទួលបានរបាយការណ៍នេះទេ «សូមទោសខ្ញុំមិនបាននៅកន្លែងកើតហេតុទេ ខ្ញុំនៅតាមស្រុក ខ្ញុំមិនបានទទួលព័ត៌មានពីក្រុមមន្ត្រីរបស់ខ្ញុំនៅឡើយ»។
ចំណែកមន្ត្រីសម្របសម្រួលសមាគម អាដហុកប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ មានប្រសាសន៍ ថា ប្រជាពលរដ្ឋដែលចេញមករារាំង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហាក់បីដូចជាមិនចេញពីទឹកចិត្តទេ ពោលពលរដ្ឋទាំងនោះត្រូវបានគេជួលឲ្យធ្វើសកម្មភាពនេះ។ លោក បន្តថា សកម្មភាពនេះ ជារំលោភសិទ្ធិថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងការសម្តែងមតិជាមួយបប្រជាពលរដ្ឋរបស់ខ្លួន «បញ្ហានេះ វាអាចប៉ះពាល់ដល់ សិទ្ធិក្នុងការសម្តែងមតិ ជាមួយអ្នកគាំទ្ររបស់គាត់ដែរ។ ជាទូទៅ ថា្នក់ដឹកនាំនៃគណបក្សនយោបាយគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួម និងសម្តែងមតិដល់អ្នកជួបជុំរបស់គាត់ ប៉ុន្តែយើងឃើញជាទូទៅតែងតែមានការតាមដាន ឬការរារាំង ជានិច្ចជាកាល»។
នេះជាការរារាំងថ្មីទៀត បន្ទាប់ពីសមត្ថកិច្ចរាប់រយនាក់ បានរារាំងវេទិកាសាធារណៈ របស់ប្រធានគណបក្សសង្គ្រោះជាតិ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៨ ខែ មិថុនា។ នៅពេលនោះ តំណាងរាស្ត្រជាប់ឆ្នោតលោក ប៉ុល ហំម បញ្ជាក់ថា ទូរស័ព្ទទំនើប អាយផេត និងស្លាកលេខរថយន្តរបស់តំណាងរាស្ត្រត្រូវបានក្រុមជនស៊ីវិលប្រដាប់ដោយកាំភ្លើងខ្លី ស្ទាក់ចាប់រឹបអូសយក នៅចំណុចព្រៃស្អាក ខេត្តឧត្តរមានជ័យជាអតីតតំបន់ខ្មែរក្រហម។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចាត់ទុកសកម្មភាពនោះថា ជាការរៀបចំទុករបស់គណបក្សកាន់អំណាចដើម្បីគំរាមឲ្យគណបក្សប្រឆាំងចូលប្រជុំសភាទាំងបង្ខំ។ រីឯអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញយល់ឃើញថា វិធានការនោះមិនខុសពីរបបខ្មែរក្រហម ដែលព្យាយាមសម្លាប់មនុស្ស ហើយមិនទទួលខុសត្រូវ និងគំរាមកំហែងសិទ្ធិធ្វើនយោបាយ៕
No comments:
Post a Comment