Paris Peace Accords 23 Oct. 1991

Thursday, June 5, 2014

បក្ស​សង្គ្រោះ​ជាតិ​ ចង់​ដាក់​ថ្ងៃ​ បាត់បង់​ដី​ កម្ពុជា​ក្រោម​ ជា​ថ្ងៃ​បុណ្យ​ជាតិ

បក្ស​សង្គ្រោះ​ជាតិ​ ចង់​ដាក់​ថ្ងៃ​ បាត់បង់​ដី​ កម្ពុជា​ក្រោម​ ជា​ថ្ងៃ​បុណ្យ​ជាតិ

ដោយ វណ្ណ វិចារ / RFA | ៤ មិថុនា ​២០១៤

កឹម សុខា ៦១០
អនុ​ប្រធាន ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង ​ពិធី​រំលឹក​ខួប ​ទី​៦៥ នៃ​ការ​បាត់បង់​ ទឹក​ដី​ កម្ពុជា​ក្រោម នា​វត្ត ​សាមគ្គីរង្សី រាជធានី ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ ​ទី​៤ មិថុនា ឆ្នាំ​២០១៤។  RFA/Van Vichar

មេដឹកនាំ គណបក្ស ​សង្គ្រោះ​ជាតិ ប្រកាស​ជា​ថ្មី​ ថា, បក្ស​នេះ ​គាំទ្រ​ សកម្មភាព ​របស់ ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ក្នុង​ការ​ទាមទារ ​សិទ្ធិ ​សេរីភាព​ ក្នុង​នាម ​ជា​ម្ចាស់​ទឹកដី​ នៅ​ក្នុង​ដែនដី ​ដែល​គ្រប់គ្រង​ ដោយ​វៀតណាម។

អនុ​ប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​មាន​បំណង ​ស្នើ​ច្បាប់​ ដាក់​ថ្ងៃ​ ដែល​បារាំង​ កាត់​ដី​ កម្ពុជា​ក្រោម ឲ្យ​វៀតណាម ជា​ថ្ងៃ​រំលឹក ​ការ​ឈឺ​ចាប់​ របស់​ ជាតិ​ខ្មែរ​ ទាំង​មូល ​ទៀត​ផង។

​លោក កឹម សុខា មាន​ប្រសាសន៍ ​ថា, បើ​ បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​រដ្ឋាភិបាល នោះ ​គណបក្ស​នេះ ​នឹង​ចាត់​ទុក ​ដែនដី​ កម្ពុជា​ក្រោម ជា​ខេត្ត​ របស់​ខ្មែរ។  ម្យ៉ាង​ទៀត លោក​ នឹង​ស្នើ​ច្បាប់ ​ដាក់​កំណត់​ យក​ថ្ងៃ​ ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​បុណ្យ​ជាតិ, ហើយ ​អនុញ្ញាត​ ឲ្យ​ខ្មែរ​ក្រោម​ ចេញចូល ​ប្រទេស​កម្ពុជា ដោយ​សេរី មិន​ចាំបាច់ ​ប្រើ​លិខិត​ឆ្លង​ដែន និង​ទទួល​ស្គាល់ ​សញ្ញាប័ត្រ ​របស់​ យុវជន ​ខ្មែរ​ក្រោម ដើម្បី​ ងាយស្រួល ​រក​ការងារ​ធ្វើ​ នៅ​ស្រុក​ខ្មែរ​ ជាដើម។

ចំណែក​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៉ី វិញ បាន​ចោទ​ ថា, គណបក្ស ​ប្រជាជន​កម្ពុជា ព្រម​តាម ​វៀតណាម ចំនួន ៣​ចំណុច, ​រួម​មាន៖ ព្រម​ ឲ្យ​វៀតណាម បង្ខិត​ព្រំដែន ​ស្រេច​តែ ​អំពើ​ចិត្ត, ព្រម ​ឲ្យ​និគម ​ជាតិ​វៀតណាម ចូល​មក​រស់​នៅ ​ក្នុង​ប្រទេស​ កម្ពុជា ដោយ​សេរី, និង​ព្រម ​រួម​ដៃ​គ្នា​ ជាមួយ​ វៀតណាម ដើម្បី​ គាបសង្កត់​ ខ្មែរ​ក្រោម។

លោក បន្ត​ថា បារាំង​ កាត់​ដី​ខ្មែរ​ ឲ្យ​វៀតណាម មក​ពី​វៀតណាម ប្រើ​យុទ្ធសាស្ត្រ ​ស្បែក​ខ្លា ​គឺ ​ប្រើ​វិធី​បញ្ជូន ​ពលរដ្ឋ​គេ ​ឲ្យ​មក​រស់​នៅ ​មុន​រហូត ​ដល់​ពល រដ្ឋ​វៀតណាម ច្រើន​ជាង​ខ្មែរ។  លោក សម រង្ស៉ី បន្ត​ថា, បើសិន ជា​គណបក្ស ​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត, នោះ ​ពលរដ្ឋ​ កម្ពុជា​ក្រោម នឹង​ត្រូវ​ បាន​ទទួល​ អត្តសញ្ញាណប័ណ្ណ​ ជាតិ​ខ្មែរ​ ទាំង​អស់។

ពង្សនារី មុនីពង្ស ៦១០
ព្រះរាជតំណាង ព្រះបរម​ រាជវាំង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាង​ចូលរួម ​ពិធី​រំលឹក​ខួប ​ទី៦៥ នៃ​ការ​បាត់​បង់ ​កម្ពុជា​ក្រោម នា​វត្ត​ សាមគ្គីរង្សី រាជធានី​ ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ ទី​៤ មិថុនា ឆ្នាំ​២០១៤។ RFA/Uon Chhin

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឈាង វុន មាន​ប្រសាសន៍​ថា លោក​មិន​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៉ី ឡើយ ព្រោះ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​និយាយ​ដើម្បី​តែ​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា លោក កឹម សុខា អាច​ស្នើ​ច្បាប់​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​បុណ្យជាតិ​បាន ដ៏​រាប​ណា​បក្ស​នេះ​ជាប់​ឆ្នោត​ជា​មុន​សិន។

នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា ខ្មែរ​ក្រោម​មិនមែន​ទាមទារ​ទឹក​ដី​ដែល​បាត់​មក​វិញ​ទេ ប៉ុន្តែ​គ្រាន់តែ​ទាមទារ​សិទ្ធិ​សេរីភាព​ជា​ម្ចាស់​ទឹកដី​ប៉ុណ្ណោះ។ រឿង​ទាមទារ​ដី​ខ្មែរ​មក​វិញ ឬ​អត់​នោះ ជា​រឿង​របស់​រាជរដ្ឋាភិបាល​របស់​ព្រះមហាក្សត្រ និង​ពលរដ្ឋ​ទូទាំង​ប្រទេស។

​ទោះ​ជា​បែប​ណា​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​គាំទ្រ​គំនិត​ចង់​ដាក់​ថ្ងៃ​នេះ ជា​ថ្ងៃ​បុណ្យ​ជាតិ​ទេ។ លោក​បន្ត​ថា ខ្មែរ​ក្រោម​អាច​តវ៉ា​សុំ​សិទ្ធិ​ជា​ម្ចាស់​ស្រុក​នៅ​ក្នុង​វៀតណាម ហើយ​ខ្មែរ​សុរិន្ទ​ក៏​ដូចគ្នា​ដែរ ចំណែក​រដ្ឋាភិបាល​កម្ពុជា គ្រាន់តែ​ចាំ​ការពារ និង​គាំទ្រ​ជា​ការ​ស្រេច។

ក្នុង​ថ្ងៃ​រំលឹក​ខួប​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ឆ្នាំ​នេះ មាន​ព្រះសង្ឃ​ជាង ១​ពាន់​អង្គ និង​ពុទ្ធបរិស័ទ​ជា​ច្រើន​រយ​នាក់​ទៀត​ចូល​រួម​ច្រើន​កុះករ​នៅ​វត្ត​ សាមគ្គីរង្សី រាជធានី​ភ្នំពេញ។ យុវជន​ខ្មែរ​ក្រោម និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​តុបតែង​គូរ​មុខ និង​លើក​ទង់​ចង​បដា​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​ដី​កម្ពុជា​ក្រោម។ ចំណែក​ឯ​អាជ្ញាធរ​រដ្ឋាភិបាល​វិញ បាន​បញ្ជូន​កម្លាំង​សម្ងាត់​ឲ្យ​តាមដាន​ព្រឹត្តិការណ៍​នេះ។ តំណាង​សហគមន៍​ខ្មែរ​ក្រោម ក៏បាន​អញ្ជើញ​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ចូលរួម​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​វត្តមាន​គណបក្ស​ទាំង​ពីរ​ចូល​រួម​ឡើយ។

​ទោះ​ជា​បែប​ណា​ក្តី ព្រះមហាក្សត្រ​បាន​បញ្ជូន​ព្រះរាជតំណាង​មួយ​ព្រះអង្គ​ឲ្យ​យាង​ជា​កិត្តិយស​ ក្នុង​ពិធី​នេះ។ ព្រះរាជតំណាង​ព្រះមហាក្សត្រ សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស មិន​មាន​សវនីយ៍​ពី​ថ្ងៃ​ខួប​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​បន្តិច​ឡើយ ដោយ​ព្រះអង្គ​គ្រាន់តែ​មាន​បន្ទូល​ថា នេះ​ជា​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ជាង ១​ពាន់​អង្គ​ប៉ុណ្ណោះ។ លើស​ពី​នេះ អ្នក​អង្គម្ចាស់​បាន​នាំ​យក​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​ព្រះ​មាតា ជា​ទឹក​ប្រាក់​ចំនួន ៣​ពាន់​ដុល្លារ មក​ឧបត្ថម្ភ​ដល់​ខ្មែរ​កម្ពុជា ដើម្បី​រៀបចំ​ពិធី​នេះ។ ​​នៅ​ពេល​ដែល​យាង​ដំណើរ​ត្រឡប់​ទៅ​ព្រះបរមរាជវាំង​វិញ ម៉ូតូ​នាំ​ក្បួន​ព្រះទីន័ង​ព្រះរាជតំណាង​ព្រះមហាក្សត្រ ក៏​ធាក់​មិន​ឆេះ​ទៀត នាំ​ឲ្យ​ពលរដ្ឋ​ដែល​ចូលរួម​ពិធី​នោះ​នាំ​គ្នា​រុញ​ម៉ូតូ​នោះ​មួយ​សន្ទុះ​ទើប ​អាច​បន្ត​ដំណើរ​ទៅ​មុខ​រួច។

​គោល​បំណង​នៃ​ការ​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ទិវា​កាន់ទុក្ខ​របស់​ជាតិ​ខ្មែរ​នោះ មក​ពី​ចង់​ឲ្យ​កូន​ខ្មែរ​ចងចាំ​ប្រវត្តិសាស្ត្រ សំដែង​ការ​ដឹង​គុណ​ចំពោះ​បុព្វបុរស​ដែល​ហ៊ាន​លះបង់​ជីវិត​ដើម្បី​ជាតិ៕


No comments:

Post a Comment