គ្រួសារពលករ ដែលត្រូវ គេ ជួញដូរ នៅម៉ាឡេស៊ី ចង់ឲ្យ សាច់ញាតិ ត្រឡប់មកវិញ
RFA | ១៨
មិថុនា ២០១៤
ពលការិនី ជាអ្នកបម្រើ តាមផ្ទះ នៅប្រទេស ម៉ាឡេស៊ី ជាច្រើននាក់ នៅខេត្ត ពោធិ៍សាត់ និងខេត្ត កំពង់ឆ្នាំង កំពុងរង នូវការធ្វើទុក្ខ បុកម្នេញ និងកេងប្រវ័ញ្ច កម្លាំងពលកម្ម ធ្ងន់ធ្ងរ, ហើយ ចង់ត្រឡប់ មកស្រុក កំណើតវិញ ឲ្យបានឆាប់។
មន្ត្រីសិទ្ធិមនុស្សសម្ដែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ ពលការិនីខ្មែរទាំងនោះ នៅពេលដឹងថាថៅកែ ឬម្ចាស់ផ្ទះវាយធ្វើបាប និងគ្មានការទទួលខុសត្រូវពីភ្នាក់ងារ ឬមេខ្យល់បញ្ជូនពួកគាត់ទៅ។
នៅគ្រាដែលរដ្ឋអំណាចយោធាថៃ ចាប់បញ្ជូនពលករខ្មែរធ្វើការខុសច្បាប់ពីប្រទេសថៃ រាប់ម៉ឺននាក់ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រុមគ្រួសារនិងជនរងគ្រោះក្នុងការជួញដូរកម្លាំងពលកម្មនៅប្រទេស ម៉ាឡេស៊ី បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការក្រៅរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធឲ្យជួយបញ្ជូនក្រុមគ្រួសារ និងសាច់ញាតិរបស់ខ្លួន ដើម្បីបានវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីដឹងថាថៅកែវាយធ្វើបាបខ្លាំង។
របាយការណ៍ស៊ើបអង្កេតករណីជួញដូរមនុស្សទៅប្រទេសម៉ាឡេស៊ី រយៈពេល ៦ខែ ដើមឆ្នាំ២០១៤ របស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ បានកត់សម្គាល់ថា ការជួញដូរនេះមានចំនួន ៧ករណី។ ក្នុងនោះមាន ៥ករណីបាត់ដំណឹង និង ២ករណីកំពុងរងនូវការធ្វើទារុណកម្ម និងត្រូវការជំនួយអន្តរាគមន៍ជាបន្ទាន់។
មន្ត្រីផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកដូ (Licadho) ខេត្តពោធិ៍សាត់ អ្នកស្រី មិត្ដ សាមួន ថ្លែងរិះគន់រដ្ឋាភិបាលចំពោះភាពខ្វះចន្លោះក្នុងការត្រួតពិនិត្យ ក្រុមហ៊ុនបញ្ជូនពលករចេញដែលជាហេតុធ្វើឲ្យមានសកម្មភាពកេងប្រវ័ញ្ច កម្លាំងពលកម្ម និងរំលោភសិទ្ធិមនុស្សបែបនេះ៖ «ពលករតែងតែប្រឈមនឹង ការធ្វើបាបពីសំណាក់ថៅកែ ជាពិសេសទៅទៀតនោះពាក់ព័ន្ធនឹងក្រុមហ៊ុនដែលបញ្ជូនពួកគាត់ទៅហ្នឹង គឺគ្មានការទទួលទេ។ ផលប៉ះពាល់ក្រោយពេលគាត់ត្រឡប់ពីប្រទេសម៉ាឡេស៊ី ភាគច្រើនពួកគាត់តែងតែមានបញ្ហាផ្លូវចិត្ត អាហ្នឹងហើយដែលយើងព្រួយបារម្ភ។»
ពលការិនីជាជំនួយការមេផ្ទះម្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ កញ្ញា បឿង វណ្ណី ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីប្រទេសម៉ាឡេស៊ីមកថា រយៈពេលជិត ៥ឆ្នាំ ដែលកញ្ញារស់នៅ និងធ្វើការជាមេផ្ទះ និងលក់ថង់ប្លាស្ទិកនៅក្នុងហាងរបស់ថៅកែជនជាតិម៉ាឡេស៊ីមួយ គឺគ្មានថ្ងៃណាបានស្រាកស្រាន្តពីការងារ ការប្រមាថមើលងាយ និងការវាយធ្វើបាបពីសំណាក់ថៅកែស្រីឡើយ។
កញ្ញាត្រូវបានថៅកែបង្ខំឲ្យធ្វើការទាំងឈឺទាំងជាដោយគ្មាន ថ្ងៃសម្រាកចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១០យប់ទើបឈប់៖ «គឺ លើកថង់ចំនួន ៣០គីឡូ ក៏មាន ២៥គីឡូក៏មាន ហើយធ្វើការតូបពីរកន្លែង។ ខ្ញុំនៅម៉ាឡេស៊ី គឺចំគ្រួសាររងកម្ម គឺថៅកែស្រីរបស់ខ្ញុំវាយធ្វើបាបខ្ញុំ ភាគច្រើនធ្វើបាប ខ្ញុំមិនថាខ្ញុំធ្វើខុសខ្ញុំធ្វើត្រូវ គឺមនុស្សគេមិនសូវចេះលើកលែង។»
កញ្ញាបញ្ជាក់ថា ភ្នាក់ងារក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប ដែលជាក្រុមហ៊ុនបញ្ជូនកញ្ញាទៅធ្វើការតាំងពីឆ្នាំ២០០៩ មកនោះ បានទូរស័ព្ទទៅរំអុកថៅកែឲ្យវាយធ្វើបាបខ្លួនកាន់តែខ្លាំងឡើង បន្ទាប់ពីដឹងថាក្រុមគ្រួសារកញ្ញារត់ទៅប្ដឹងអង្គការសិទ្ធិមនុស្ស លីកាដូ ហើយករណីនេះត្រូវបានសមត្ថកិច្ចខ្មែរអន្តរាគមន៍ដោយសន្យាថា នឹងបញ្ជូនកញ្ញាឲ្យត្រឡប់មកប្រទេសកម្ពុជា វិញក្នុងរយៈប្រមាណជា ២ខែទៀត ប៉ុន្តែកញ្ញាចង់ឲ្យសមត្ថកិច្ចបញ្ជូនកញ្ញាមកផ្ទះវិញឲ្យបានឆាប់ ព្រោះតែខ្លួនស្ទើរទ្រាំលែងបាននឹងការធ្វើបាបទៅហើយនោះ។
ឆ្លើយតបបញ្ហានេះនាយិកាក្រុមហ៊ុន អ៊ឹង រិទ្ធិ គ្រុប (UNG RITHY GROUP) អ្នកស្រី អ៊ឹង ស៊ាងរិទ្ធី ថ្លែងបដិសេធថា ពុំមានភ្នាក់ងារក្រុមហ៊ុនណាម្នាក់ទៅបង្គាប់ឲ្យថៅកែវាយធ្វើបាប ពលកររបស់ខ្លួននោះទេ។ ផ្ទុយទៅវិញខាងក្រុមហ៊ុនកំពុងតែខ្នះខ្នែងរត់ការ និងរៀបចំឯកសារផ្សេងៗជូនពលកររូបនេះ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជា វិញឲ្យបានឆាប់។
អ្នកស្រីថា ក្នុងករណីដែលពលករមានបញ្ហាជាមួយនឹងថៅកែ គឺអាចទូរស័ព្ទមកកាន់ក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាភ្លាមៗ ហើយក្រុមហ៊ុនមិនដែលមានការគុំកួនលើពលករដែលមានបញ្ហាក្នុងហេតុផល ណាមួយនោះទេ៖ «ពួកខ្ញុំអត់មានអីដែលត្រូវចង់ទុកគាត់ទេ។ ខ្ញុំអត់ទាន់អាចឆ្លើយបានទេ នៅពេលដែលបានទទួលសំបុត្រយន្តហោះ ពេលគេចេញសំបុត្រយន្តហោះភ្លាម ស្ថានទូតគាត់នឹង confirm (បញ្ជាក់) មកយើងហើយ ខ្ញុំនឹងអាចឲ្យដឹងថាមកថ្ងៃណា។»
ចំណែកនៅឯខេត្តកំពង់ឆ្នាំង របាយការណ៍ស៊ើបអង្កេតរបស់សមាគមអាដហុក (Adhoc) ទាក់ទងនឹងការជួញដូរពលករខ្មែរទៅប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៤ បង្ហាញថា ករណីជួញដូរកម្លាំងពលកម្មមានចំនួន ៩ករណី ក្នុងនោះមាន ៧ករណីបាត់ដំណឹង និងខ្លះកំពុងរងនូវការធ្វើទារុណកម្ម និងត្រូវការកិច្ចអន្តរាគមន៍ជាបន្ទាន់ ១ករណី ដើម្បីបញ្ជូនត្រឡប់មកស្រុកកំណើតវិញ។
នៅដើមខែវិច្ឆិកា ឆ្នាំ២០១៣ មានពលការិនីចំនួន ៥នាក់ ពីខេត្តកំពង់ឆ្នាំង ត្រូវបានមេខ្យល់ល្បួងយកទៅធ្វើជាស្ដ្រីជំនួយការមេផ្ទះនៅប្រទេស ម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនបញ្ជូនពលករមួយឈ្មោះ អឹម. អិល.ស៊ី (MLC) ដែលមានទីតាំងនៅរាជធានីភ្នំពេញ។
ពលការិនីទាំងនោះមានទី១ ឈ្មោះ លី ស៊ូ ទី២ យឹម ស្រូយ ទី៣ មុត សុខេង ទី៤ ឯម គុន្ធា និងទី៥ ឈ្មោះ ចាន់ ធូរ។ បច្ចុប្បន្នមានពលការិនីចំនួន ៣នាក់ ក្នុងចំណោមនោះបានវិលមកស្រុកខ្មែរវិញហើយ ដោយមានម្នាក់បង់លុយចំនួន ១ពាន់ដុល្លារជាថ្នូរ និង ២នាក់ លើកពីហេតុផលផ្សេងៗ ទើបក្រុមហ៊ុនយល់ព្រមបញ្ជូនមកវិញ។
ម្ដាយជនរងគ្រោះឈ្មោះ យឹម ស្រូយ រស់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អ្នកស្រី តុប ច្រិច រៀបរាប់ទាំងទឹកភ្នែកថា កូនរបស់អ្នកស្រីមុននឹងចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី គឺជាកម្មការិនីរោងចក្រកាត់ដេរ ប៉ុន្តែប្រាក់ខែមិនអាចទ្រទ្រង់ជីវភាព និងការឈឺថ្កាត់យប់ព្រលប់បាន ទើបអ្នកស្រីសម្រេចចិត្តឲ្យកូនស្រីចេញទៅធ្វើការជាមួយអ្នកភូមិ ផ្សេងទៀត។
អ្នកស្រីស្នើឲ្យរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍យកកូនស្រីមកស្រុកកំណើតវិញឲ្យបានឆាប់៖ «កូនខ្ញុំ លំបាកណាស់ លោកគ្រូ អើយ! ធ្វើនៅផ្ទះបី, ពីម៉ោង៧ ដល់ម៉ោង ១យប់។ កូនខ្ញុំ ប្រាប់តេ (ទូរស័ព្ទ) មកយប់មិញ ៦ខែហើយ លោកគ្រូចូល ៧ខែហ្នឹងហើយបានតែបីដងទេ តេមកប្រាប់។ មុនដំបូងចុះឈ្មោះទៅថៃ យកពីកូនខ្ញុំ ២០០ដុល្លារ ថាតែពីរបីខែបានទៅហើយ ដល់ពេលខែ៨ ហៅកូនខ្ញុំទៅធ្វើប៉ាស្ព័រ (លិខិតឆ្លងដែន) យក ១០០ដុល្លារទៀត គ្រប់ ២០០នោះ។ ដល់ខែ១១ ចេះតែតឿនយូរទៅ កូនខ្ញុំចេះតែសួរម៉េចទៅថៃនោះម៉េចមិនឃើញហៅខ្ញុំទៅ? ហើយទៅតឿនកូនខ្ញុំឲ្យទៅម៉ាឡេស៊ីវិញ អ្ហែងទៅម៉ាឡេស៊ីទៅ កូនខ្ញុំណេះថា អត់ទៅទេ ដល់បងនេះទៅទេ បានសម្រេចចិត្តថាទៅមើលចាស់ជរាតាមមណ្ឌល។»
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនាយកក្រុមហ៊ុន អឹម អិល ស៊ី(MLC)លោក សាំង សាលីន ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៧ ខែមិថុនា។
ទាក់ទងបញ្ហានេះអគ្គលេខាធិការនៃគណៈកម្មាធិការជាតិដឹកនាំការ បង្ក្រាបការជួញដូរ និងរត់ពន្ធមនុស្សការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រីនិងកុមារ អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា មានពលករមួយចំនួនធំដែលបញ្ចប់កុងត្រាការងារហើយ នៅបន្តកុងត្រាការងារជាមួយនិយោជកដោយខ្លួនឯងនៅចំពោះមុខតំណាង ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី។
អ្នកស្រីបន្តថា ករណីដែលក្រុមហ៊ុនបញ្ជូនពលករទៅធ្វើជាជំនួយការមេផ្ទះនៅម៉ាឡេស៊ី នោះ គឺខុសនឹងសារាចរណែនាំរបស់រដ្ឋាភិបាល ប៉ុន្តែក្រសួងការងារកំពុងតែរៀបចំ អឹម.អូ.យូ (MOU) ឬអនុស្សរណៈយោគយល់គ្នា ដើម្បីឲ្យដំណើរការបញ្ជូនពលករជាជំនួយការមេផ្ទះទៅប្រទេសម៉ាឡេស៊ី ឡើងវិញ៖ «កន្លងមកយើងធ្លាប់បានជជែកគ្នា ប៉ុន្តែយើងចង់ដាក់លក្ខខណ្ឌខ្លះដើម្បីឲ្យភាគីម៉ាឡេហ្នឹង គាត់មានទទួលការខុសត្រូវទៅលើពលករ ហើយយើងក៏ចង់ឲ្យក្រុមហ៊ុននានាដែលទទួលយកពលករមានទទួលការខុសត្រូវ ច្រើនជាងមុននៅក្នុងការគ្រប់គ្រង ឬមួយក៏ការតាមដានត្រួតពិនិត្យអ៊ីចឹងទៅណា។»
សារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការផ្អាកជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនពលករជាស្ត្រីជំនួយការមេផ្ទះទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី កាលពីឆ្នាំ២០១១ មកទល់បច្ចុប្បន្ន មិនទាន់មានសារាចរណែនាំថ្មីណាមួយបើកឲ្យក្រុមហ៊ុន ឬភ្នាក់ងារបញ្ជូនពលករចេញទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី នៅឡើយទេ៕
No comments:
Post a Comment