Paris Peace Accords 23 Oct. 1991

Thursday, June 19, 2014

សន្ទូង​ស្រូវ ​វស្សា​ រាប់​ពាន់​ ហិកតារ ​នៅ​ពោធិ៍សាត់ ​ប្រឈម ​នឹង​ខ្វះ​ទឹក ​ស្រោចស្រព

សន្ទូង​ស្រូវ ​វស្សា​ រាប់​ពាន់​ ហិកតារ ​នៅ​ពោធិ៍សាត់ ​ប្រឈម ​នឹង​ខ្វះ​ទឹក ​ស្រោចស្រព

RFI | ១៨ មិថុនា ២០១៤

សន្ទូង​ស្រូវ​ វស្សា​ របស់ ​ប្រជា​កសិករ ​រាប់​ពាន់​ហិកតារ ​នៅ​ស្រុក​ បាកាន ខេត្ត​ ពោធិ៍សាត់ កំពុង​ប្រឈម​ នឹង​ការ​ខ្វះ​ទឹក​ ស្រោចស្រព។  ប្រជាពលរដ្ឋ​ អះអាង​ថា, អាជ្ញាធរ និង​មន្ត្រី​ ពាក់ព័ន្ធ មិន​សូវ​អើពើ​ពី​ បញ្ហា​នេះ​ឡើយ ខណៈ ​ដែល​សន្ទូង ​ក្នុង​ស្រែ​ ស្វិត​ងាប់​ ជា​បណ្ដើរៗ​ ទៅ​ហើយ​នោះ។


ប៉ុន្តែ ខាង​អាជ្ញាធរ ​បដិសេធ​ ចំពោះ​ ការ​លើក​ឡើង​នេះ និង​បញ្ជាក់​ថា អាជ្ញាធរ ​បាន​គិតគូរ និង​អន្តរាគមន៍​ សង្គ្រោះ​ស្រូវ​ ជាច្រើន​ ពាន់​ហិកតារ គឺ ​នៅ​សល់ ​ប្រមាណ​ ជា១​ពាន់​ហិកតារ​ ទៀត​ប៉ុណ្ណោះ។

ប្រជា​កសិករ​នៅ​ភូមិ​ដំណាក់ធ្នង់ នៃ​ឃុំ​ខ្នារទទឹង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា សន្ទូង​ស្រូវ​វស្សា​ជាច្រើន​ពាន់​ហិកតារ​នៅ​ទូទាំង​ស្រុក​បាកាន ដែល​ពង្រោះ​តាំង​ពី​អំឡុង​ខែ​មេសា មក​នោះ អាច​នឹង​ស្វិត​ងាប់​អស់ បើ​ទោះ​បី​ជា​មាន​ភ្លៀង​កក់​ខែ​មួយ​មេ​កាល​ពី​ពេល​ថ្មីៗ។ អ្នក​ភូមិ​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង និង​ស្ដារ​ប្រឡាយ​មួយ​ខ្សែ​ស្ថិត​នៅ​ឃុំ​ខ្នារទទឹង ដើម្បី​ធានា​បាន​នូវ​ការ​ស្រោចស្រព។

ប្រជាពលរដ្ឋ​ម្នាក់ លោក ង៉ែត សំអាត មាន​ប្រសាសន៍​ថា អ្នក​ភូមិ និង​រូប​លោក​ផ្ទាល់ ចង់​ឲ្យ​អាជ្ញាធរ​ស្ដារ​ប្រឡាយ​ចាស់​មួយ​ខ្សែ​ប្រវែង ៦​គីឡូម៉ែត្រ ដែល​គេ​ជីក​កាល​ពី​សម័យ ប៉ុល ពត ចេញ​ពី​ប្រភព​ទឹក​ដំណាក់​ទ្រព្យ រហូត​ដល់​ភូមិ​អូរខ្នារទទឹង។ លោក​បន្ត​ថា ប្រសិន​បើ​ប្រឡាយ​នេះ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​នោះ ដី​ស្រែ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ចំនួន ១២​ភូមិ ក្នុង​ឃុំ​ខ្នារទទឹង នឹង​មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់៖ «អត់​មាន​ឃើញ ​អាជ្ញាធរ ​ពាក់ព័ន្ធ​អី ​ចុះ​សោះ​បាទ!  រាំង​រាប់​ខែ​ ពីរ​បី​ខែ​ហើយ។  ហើយ មក​ដល់​ពេល​នេះ​ ភ្លៀង​តិច​ដែរ, ប៉ុន្តែ​ មិន​អាច​ គ្រប​ដណ្ដប់​ បាន​ទេ ​ព្រោះ​ ថា​ វា​ រាំង​យូរ​ពេក។  កសិករ​យើង​, វា​ នៅ​មាន​ ការ​ខ្វះ​ទឹក។  សំណូមពរ​  សូម ​ឲ្យ, ជាពិសេស​ រដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​ ពាក់ព័ន្ធ, ស្ដារ​ប្រឡាយ​ហ្នឹង​ មួយ​ខ្សែ, ហើយ​ និង​ផ្លូវ​ នៅ​ក្នុង​ឃុំ​ ខ្នារទទឹង។»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​បាកាន លោក សៅ ដារឿន ថ្លែង​ទទួល​ស្គាល់​ថា នៅ​ក្នុង​ស្រុក​ពិត​ជា​មាន​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​កសិកម្ម​មែន ប៉ុន្តែ​កាល​ពី​ជាង​១​សប្ដាហ៍​មុន អាជ្ញាធរ និង​ខាង​ធនធាន​ទឹក បាន​ចុះ​ជួយ​បូម​ទឹក​ជូន​ពលរដ្ឋ និង​មាន​ភ្លៀង​ថែម​ខ្លះ ធ្វើ​ឲ្យ​ស្រូវ​ពួក​គាត់​រស់​ឡើង​វិញ​ភាគ​ច្រើន​ហើយ។ លោក​បញ្ជាក់​ថា គម្រោង​ស្ដារ​ប្រឡាយ​ដែល​អ្នក​ភូមិ​លើក​ឡើង​នេះ គឺ​ស្ថិត​ក្នុង​ការ​សិក្សា​គម្រោង​របស់​មន្ទីរ​ធនធាន​ទឹក​ហើយ​ដែរ៖ «កាល​មុន ​ដែល​ប៉ះពាល់ ៨​ពាន់​ហិកតារ, ហើយ​ ដល់​ពេល​បូម​ ទឹក​ហ្នឹង ​ដោះស្រាយ​ បាន​ប្រហែល​ ជា៨០០​ហិកតារ។  ឥឡូវ​ ភ្លៀង​ មក​ថែម ​បាន​ប្រមាណ ៥​ពាន់​ហិកតារ​ទៀត ប៉ុន្តែ​ វា​ បាន​ម៉ា​រស់​, បាន​ប៉ុន្មាន​ថ្ងៃ​ ត​ទៅ​មុខ​ទៀត។  នេះ ​វា​ មិន​ទាន់​ ថា ​គ្រប់​ទេ។  ប៉ុន្តែ ​វា​ អាច​រស់​ហើយ, អ៊ីចឹង​ នៅ​ប៉ះពាល់ ​ប្រហែល​ ជា​១​ពាន់​ហិកតារ​ជាង។»

ចំណែក​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ លោក កែវ វៃ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។
នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​មួយ​ចំនួន​ទៀត គេ​សង្កេត​ឃើញ​ថា ប្រជា​កសិករ​ពង្រោះ​ស្រូវ​នៅ​ដើម​រដូវ។ ហើយ​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ស្រោចស្រព​ក្នុង​រដូវ​វស្សា គឺ​តែង​តែ​កើត​មាន​ស្ទើរ​រៀង​រាល់​ឆ្នាំ៕


No comments:

Post a Comment