ជនពាក់ព័ន្ធកាប់ឈើក្នុងព្រៃសហគមន៍ឡៅកា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ រូបថតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤
សហគមន៍ នៅមណ្ឌលគិរី រកអន្តរាគមន៍ រឿងការប្រើ ហិង្សា លើអ្នកការពារព្រៃឈើ
ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ២៩ មិថុនា ២០១៤
ប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង នៅភូមិឡៅកា សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចោទប្រកាន់ បុគ្គលិក ក្រុមហ៊ុន Village Development និងមន្ត្រី ប៉ូលិសប៉ុស្តិ៍ ថា បានប្រើ អំពើហិង្សា បង្ករបួសស្នាម ទៅលើប្រជាពលរដ្ឋ ដែលបានរារាំង សកម្មភាពកាប់បំផ្លាញ ព្រៃឈើ សហគមន៍។
តំណាងសហគមន៍ភូមិឡៅកា នៅថ្ងៃទី២៩ ខែមិថុនា បានធ្វើដំណើរទៅដល់រាជធានីភ្នំពេញ ហើយ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិជុំវិញការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋអ្នកការពារព្រៃឈើ។
កាលពីថ្ងៃទី២៦ មិថុនា សមាជិកសហគមន៍ឡៅកា មានគ្នា ១៨នាក់ បានចុះល្បាតព្រៃហើយប្រទះឃើញកម្មករក្រុមហ៊ុនប្រមាណ ១០នាក់ ប្រដាប់ដោយកាំបិត ម៉ាស៊ីនកាត់ឈើ កំពុងអាររលំឈើក្នុងព្រៃសហគមន៍។ ក្នុងហេតុការណ៍នេះសហគមន៍បានរឹបអូសម៉ាស៊ីនកាត់ឈើ ៣គ្រឿង កាំបិត ៦ និងសាំង ៣កាន ពីក្រុមកម្មករដើម្បីទុកជាវត្ថុតាង។
អ្នកស្រីបន្តថា បន្ទាប់ពីហេតុការណ៍នេះក្រុមសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំដឹកនាំដោយនាយនគរបាលប៉ុស្តិ៍ លោក នៅ សុខារី ក៏ស្ទាក់ដំណើរប្រជាពលរដ្ឋជាលើកទីពីរ ហើយមន្ត្រីប៉ុស្តិ៍បានប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋបីនាក់កំពុងជិះម៉ូតូទៅភូមិ បន្ទាប់មកបានយកកាំភ្លើងវាយអ្នកភូមិម្នាក់បែកក្បាលទើបចាប់ខ្លួនអ្នកភូមិពីរនាក់បញ្ជូនទៅកាន់អធិការដ្ឋានប៉ូលិសក្រុងសែនមនោរម្យ ក៏ប៉ុន្តែពីរម៉ោងក្រោយការចាប់ខ្លួន ប៉ូលិសបានដោះលែងអ្នកភូមិទាំងពីរនាក់វិញ បន្ទាប់ពីប្រជាពលរដ្ឋក្នុងភូមិបានលើកគ្នាទៅតវ៉ា៖ «ទៅវាយស្អីពួកខ្ញុំ ទៅកាន់ជើងក្រុមចោរវិញ។ ពួកខ្ញុំសហគមន៍ការពារព្រៃឈើតើ! ទៅវាយស្អីពួក
ខ្ញុំបែកក្បាល គេវាយនឹងកាំភ្លើង»។
ខ្ញុំបែកក្បាល គេវាយនឹងកាំភ្លើង»។
កាលពីថ្ងៃទី២៧ ខែមិថុនា តំណាងសហគមន៍បានធ្វើពាក្យប្ដឹងមេការក្រុមហ៊ុន និងនាយប៉ូលិសមកមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ពីបទកាប់រានព្រៃឈើសហគមន៍ខុសច្បាប់និងប្រើអំពើហិង្សារំលោភច្បាប់និងសិទ្ធិមនុស្ស។
វិទ្យុអាស៊ីសេរីនៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា មិនអាចទាក់ទងតំណាងក្រុមហ៊ុនសុំបញ្ជាក់ការចោទប្រកាន់នេះបានទេ។
ចំណែកនាយនគរបាលប៉ុស្តិ៍សង្កាត់រមនា លោក នៅ សុខារី បញ្ជាក់ថា ក្រុមហ៊ុនបានទូរស័ព្ទសុំកិច្ចអន្តរាគមន៍មកប៉ូលិសដោយសារមានជម្លោះរវាងប្រជាពលរដ្ឋនិងបុគ្គលិកក្រុមហ៊ុន ទើបលោកចាត់កម្លាំងមកទីកើតហេតុ ប៉ុន្តែបានឃើញប្រជាពលរដ្ឋនៅតាមផ្លូវមានកាន់កាំបិតច្រងេងច្រងាងទើបប៉ូលិសឃាត់ដំណើរសាកសួរ។ រីឯប្រជាពលរដ្ឋមិនព្រមបញ្ឈប់ម៉ូតូ ហើយព្យាយាមប្រើកាំបិតតតាំងជាមួយប៉ូលិសទើបប៉ូលិសបាញ់គំរាមពីរគ្រាប់ធ្វើឲ្យមានការប្រតាយប្រតប់គ្នាកើតឡើង៖ «បាញ់ឡើងលើទេ បាញ់គំរាមឲ្យឈប់ទេ វានៅយារកាំបិតច្រងេងច្រងាងហ្នឹង ក៏ខ្ញុំបាញ់ឡើងលើមួយគ្រាប់ទៀតទៅ។ តៃកុងម៉ូតូគ្នាភ័យក៏ផ្ដួលម៉ូតូដួលប្រកាច់ប្រកិនទាំងអស់ហ្នឹងណា បានពួកខ្ញុំរត់ចូលយកកាំបិត ក៏ប្រទាញប្រតាយគ្នាទៅ ថាបើយកវាយផុងបាត់ហើយអាកា មិនមែនកាំភ្លើងខ្លីឯណា»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់ថា នេះជាចេតនាថ្មីមួយទៀតដែលបុគ្គលិកក្រុមហ៊ុនព្យាយាមគំរាមកំហែងស្មារតីប្រជាពលរដ្ឋអ្នកការពារព្រៃឈើ។ លោកបញ្ជាក់ថា កន្លងទៅនេះសហគមន៍បានព្យាយាមដាក់ពាក្យប្ដឹងក្រុមហ៊ុនពីបទកាប់បំផ្លាញដើមឈើផលិតជ័រទឹកនិងឈូសឆាយដីព្រៃសហគមន៍ដើម្បីយកដី ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមិនបានចាត់វិធានការផ្ដល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋនោះទេ៖ «ជាអំពើមួយខុសទៅនឹងក្រមសីលធម៌និងវិជ្ជាជីវៈមន្ត្រីនគរបាលយុត្តិធម៌ដែលបានប្រើហិង្សាទៅលើប្រជាពលរដ្ឋ។ សង្ឃឹមថា ស្ថាប័នតុលាការនឹងធ្វើការងារហ្នឹងតាមផ្លូវច្បាប់ប្រសិនគាត់បានវាយទៅលើប្រជាពលរដ្ឋពិតមែន»។
តាមការគ្រោងទុក នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយនេះ តំណាងសហគមន៍ឡៅកា នឹងធ្វើសន្និសីទកាសែតថ្កោលទោសសកម្មភាពក្រុមហ៊ុននិងមន្ត្រីប៉ូលិសនៅទីក្រុងភ្នំពេញ រួមទាំងធ្វើពាក្យប្ដឹងមន្ត្រីប៉ូលិសប៉ុស្តិ៍ និងមេការក្រុមហ៊ុនទៅមន្ត្រីស្ថាប័នអយ្យការតុលាការខេត្តមណ្ឌលគិរី ធ្វើការស៊ើបអង្កេតករណីនេះ៕
No comments:
Post a Comment