មន្ត្រីបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ ធ្វើសន្និសីទកាសែតក្រោយកិច្ចប្រជុំនាវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០១៤។
RFA/Van Vichar
មតិ សាធារណជន ចំពោះ ការជាប់គាំង នយោបាយ ជិត១០ខែ
ដោយ ទីន ហ្សាការីយ៉ា
ប្រជាពលរដ្ឋ ក្រុមអង្គការ សង្គមស៊ីវិល និងអ្នកវិភាគ យល់ឃើញ ខុសៗគ្នា ទាក់ទងនឹង ការបន្ទន់ឥរិយាបថ របស់ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចរចា ជាមួយ គណបក្ស សង្គ្រោះជាតិ។
ប្រជាពលរដ្ឋជាច្រើនលើកឡើងថា ការជាប់គាំងនយោបាយនេះ ធ្វើឲ្យប្រជាពលរដ្ឋជួបនឹងបញ្ហាលំបាក ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។ ស្របពេលគ្នានេះ ពួកគាត់ទទូចឲ្យគណបក្សទាំងពីរ ឆាប់រកដំណោះស្រាយនយោបាយរួមមួយឲ្យបានឆាប់។
អ្នកវិភាគនយោបាយ មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានលើកឡើងថា អ្នកនយោបាយខ្មែរត្រូវតែចាប់យកឱកាសក្នុងការផ្សះផ្សាជាតិ នៅខណៈដែលប្រទេសជិតខាងកំពុងតែជាប់ដៃដោះស្រាយជម្លោះរបស់ពួកគេនោះ។
ការលើកឡើងនេះ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីភាពទន់ភ្លន់ក្នុងការចរចាជាមួយគណបក្សសង្គ្រោះជាតិ។
«សំឡេង»
ក្រុមប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមួយចំនួន បានសាទរ និងលើកឡើងប្រហាក់ប្រហែលគ្នាថា ការជាប់គាំងនយោបាយ បានអូសបន្លាយជិត ១០ខែកន្លងមកនេះ ធ្វើឲ្យប្រជាពលរដ្ឋជួបនឹងការលំបាកសព្វបែបយ៉ាង ពិសេសវិបត្តិគ្មានការងារធ្វើ ទំនិញសព្វសារពើឡើងថ្លៃ បញ្ហារំលោភសិទ្ធិមនុស្សកើតឡើងច្រើន និងករណីផ្សេងៗទៀត។
«សំឡេង»
ប្រជាពលរដ្ឋមួយចំនួនទៀតលើកឡើងថា ពួកគាត់ចង់ឲ្យគណបក្សសង្គ្រោះជាតិ ចូលសភា ដូចដែលខាងគណបក្សប្រជាជនកម្ពុជា ចង់ឲ្យគណបក្សនេះចូល ក៏ប៉ុន្តែមុននឹងចូល ប្រជាពលរដ្ឋបានទាមទារឲ្យគណបក្សទាំងពីរមានលក្ខខណ្ឌច្បាស់លាស់ ដើម្បីធានានូវអ្វីដែលខាងគណបក្សប្រជាជនកម្ពុជា យល់ព្រមតាមសំណើរបស់គណបក្សសង្គ្រោះជាតិ។ ប្រជាពលរដ្ឋមួយចំនួនទៀត ចង់បានរដ្ឋាភិបាលថ្មីដឹកនាំ ធ្វើយ៉ាងណាកុំធ្វើបាបប្រជាពលរដ្ឋដូចបច្ចុប្បន្ន និងប្រជាពលរដ្ឋខ្លះទៀត មិនខ្វល់នឹងរឿងនយោបាយនេះទៅវិញ។
«សំឡេង»
ការសម្ដែងមតិខុសៗគ្នារបស់ប្រជាពលរដ្ឋនេះ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងផ្ញើសារពីរចំណុចសំខាន់ៗ កាលពីថ្ងៃទី១០ មិថុនា ថា លោកយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដាក់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាស្ថាប័នធម្មនុញ្ញ និងព្រមផ្ដល់អាជ្ញាប័ណ្ណទូរទស្សន៍ឲ្យគណបក្សសង្គ្រោះជាតិ តាមការស្នើសុំ។
«សំឡេង»
ទាក់ទងនឹងការផ្ដល់ទូរទស្សន៍ឲ្យគណបក្សសង្គ្រោះជាតិ នេះ លោក សួន ប៊ុនស័ក្ដិ មានប្រសាសន៍ថា ការផ្ដល់ស្ថានីយទូរទស្សន៍ឲ្យគណបក្សនយោបាយ ឬឲ្យស្ថាប័នណាមួយនោះ ជាភារកិច្ចរបស់រដ្ឋាភិបាលក្នុងការបើកទូលាយឲ្យមានសេរីភាពសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។
«សំឡេង»
ក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ម្ខាង៣នាក់ នឹងជួបគ្នាជាផ្លូវការនៅវិមានព្រឹទ្ធសភានៅថ្ងៃទី១២ មិថុនា វេលាម៉ោង ៩ព្រឹក។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន និងជាអ្នកដឹកនាំការចរចា មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរបានកំណត់ពេលជួបគ្នា ដើម្បីជជែកលើក្របខ័ណ្ឌនៃការចរចាបន្ត ពិសេសទៅលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ មិថុនា ដែលថា គណបក្សប្រជាជនកម្ពុជា យល់ព្រមឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដាក់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាស្ថាប័នធម្មនុញ្ញ និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ បង្កើតទូរទស្សន៍តាមរយៈក្រុមហ៊ុនឯកជន។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា នៅក្នុងបរិបទនយោបាយបច្ចុប្បន្ននេះ អ្នកនយោបាយខ្មែរត្រូវឆក់យកឱកាសនេះធ្វើការផ្សះផ្សាជាតិ ដើម្បីឲ្យកម្ពុជា មានការបង្រួបបង្រួមជាតិ និងទាញយកអ្នកវិនិយោគ នៅខណៈកម្ពុជា កំពុងតែជួបនូវបញ្ហាសេដ្ឋកិច្ចនៅឡើយនេះ។
«សំឡេង»
លោកបណ្ឌិត សុខ ទូច ពន្យល់ថា បើសិនជាភាគីគណបក្សទាំងពីរមិនចាប់យកឱកាសនេះ ដើម្បីបង្រួបបង្រួមជាតិទេ កម្ពុជា នឹងក្លាយជាប្រទេសដែលប្រទេសជិតខាងកេងចំណេញពីកម្ពុជា នៅពេលប្រទេសជិតខាងកំពុងតែមានបញ្ហាជម្លោះនយោបាយដែរនោះ។
«សំឡេង»
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋនឹងរង់ចាំមើលទៀតថា តើការចរចាក្រុមការងារនៃគណបក្សទាំងពីរ នឹងឈានដល់ការត្រូវរ៉ូវគ្នា ដើម្បីបញ្ចប់ជម្លោះនយោបាយដែរទេ? នៅបន្ទាប់ពីភាពជាប់គាំងនយោបាយបានអូសបន្លាយអស់រយៈពេលប្រមាណ ១០ខែមកនេះ៕
No comments:
Post a Comment