អង្គការ ក្រៅរដ្ឋាភិបាល សង្ឃឹមតិចតួច ចំពោះ ចំណាត់ ការបង់ប្រាក់ ៤៩ដុល្លារ សម្រាប់ ពលករ ចេញទៅធ្វើការ នៅថៃ ថា, អាចទទួល យកបាន ពីក្រុមហ៊ុន
លិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា។
@Google
ក្រសួង ការងារ កម្ពុជា
បានប្រកាស ជាសាធារណៈ កាលពីម្សិលមិញ ថា,
ពលករកម្ពុជា នឹងត្រូវ បង់ប្រាក់សរុប ៤៩ដុល្លារ,
ក្នុងនោះ មានការធ្វើលិខិត ឆ្លងដែន,
ការបំពេញ ឯកសារ ផ្សេងៗ មានទិដ្ឋាការ ថ្លៃធ្វើដំណើរ
និងថ្លៃអាហារ ជាដើម។ ការសម្រេចនេះ បានធ្វើឡើង
បន្ទាប់ ពីក្រសួងការងារ បើកកិច្ចប្រជុំ មួយ ជាមួយ នឹងក្រុមហ៊ុន នាំពលករ ទៅក្រៅប្រទេស ចំនួន៤។
ក៏ប៉ុន្តែ អង្គការ ឃ្លាំមើល សិទ្ធិពលករ ចំណាកស្រុក
មានជំនឿ ថា, ក្រុមហ៊ុន នឹងប្រឈមបញ្ហា ជាច្រើន
ដែលពិបាក នឹងទទួលយកគោលការណ៍ នេះណាស់។
ក្រសួងការងារកម្ពុជាកាលពីម្សិលមិញ បានបញ្ចប់ការជជែកដេញដោលគ្នាជាមួយនឹងផ្នែកពាក់ព័ន្ធនានា ជាពិសេសជាមួយនឹងទីភ្នាក់ងារនាំពលករចេញទៅក្រៅប្រទេស ដោយកិច្ចប្រជុំសម្រេចរកឃើញថាពលករម្នាក់ៗ ត្រូវចំណាយថវិការអស់ចំនួន ៤៩ដុល្លារ ក្នុងការទទួលបានភាពស្របច្បាប់ ទៅធ្វើការ នៅក្នុងប្រទេសថៃ។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមហ៊ុននាំពលករទៅធ្វើការ នៅប្រទេសថៃមួយចំនួន បង្ហាញយោបល់យល់ស្រប ហើយអង្គការឃ្លាំមើលសិទ្ធិពលករចំណាកស្រុក ក៏បានអបអរផងដែរ ប្រសិនបើយន្តការនេះប្រព្រឹត្តិទៅដោយមានការយោគយល់គ្នា។ ក៏ប៉ុន្តែជំនឿនៃការទទួលយកបានច្រើនពីក្រុមហ៊ុននាំពលករទៅធ្វើការ នៅបរទេស ហាក់ដូចជាមានតិចតួចណាស់។ នេះបើតាមការកត់សម្គាល់ របស់លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា។
លោក យ៉ា ណាវុធ ពន្យល់ថាតម្លៃ ៤៩ ដុល្លារវាពិបាកឲ្យក្រុមហ៊ុនកម្ពុជាដែលនាំពលករទៅធ្វើការនៅក្រៅ ប្រទេស ទទួលយកណាស់ ព្រោះថាមុននឹងបើកក្រុមហ៊ុនពួកគេត្រូវតម្កល់ប្រាក់១០ម៉ឺនដុល្លារ នៅក្រសួងការងារកម្ពុជា រួមនឹងការបើកការិយាល័យតាមខេត្តក្រុង និងការចំណាយថ្លៃទឹកថ្លៃភ្លើង និងសំបុត្រស្នាមផ្សេងៗ គឺពួកគាត់មិនអាចរកប្រាក់ចំណូលបានទេ ហើយទីបញ្ចប់នឹងឈានទៅរកការបិទអាជីវកម្ម។
នាយកអង្គការរូបនេះបន្តថា យុទ្ធសាស្ត្រដោះស្រាយបន្ទាន់របស់ក្រសួងការងារនៅពេលនេះវាជាការ ពិបាកទទួលយកពីក្រុមហ៊ុន ក៏ប៉ុន្តែលើកលែងតែករណីម្យ៉ាង គឺប្រទេសទទួលពលករដូចជាថៃជាដើមសុខចិត្តចេញថ្លៃចំណាយផ្សេងៗរួម ទាំងចំណាយលើការពិនិត្យសុខភាព ប័ណ្ឌអនុញ្ញាតការងារផង ទៅឲ្យក្រុមហ៊ុននាំពលករទៅកាន់ប្រទេសទាំងនោះ។
ជាមួយគ្នានេះលោក អន ប៊ុនហាក់ ប្រធានក្រុមហ៊ុននាំពលករទៅប្រទេសថៃ TOP MAN POWER ក៏បានបញ្ជាក់ផងដែរ ពីសំណូមពររបស់ក្រសួងការងារកម្ពុជាទៅកាន់និយោជកនៅប្រទេសថៃ ដើម្បីឲ្យពួកគេជួយចេញចំណាយមួយចំនួន ប្រសិនបើម្ចាស់សហគ្រាសចង់បានកំលាំងពលកម្មកម្ពុជាទៅធ្វើការនៅទី នោះ។ មានន័យថាក្រសួងការងារកម្ពុជា បានចេញថវិការមួយចំនួន ហើយនិយោជកនៅប្រទេសថៃចេញមួយផ្នែកទៀត។
សូមបញ្ជាក់ថាបន្ទាប់ពីបើកកិច្ចប្រជុំជាមួយភ្នាក់ងារបញ្ជូនពលករទៅ ក្រៅប្រទេសកាលពីម្សិលមិញ ក្រសួងការងារបានចេញសេចក្តីជូនដំណឹងមួយ ដោយបានបញ្ជាក់ថា ក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលករទៅក្រៅប្រទេស ចំនួនជាង ៤០ ក្រុមហ៊ុន ដែលត្រូវបានក្រសួងការងារ កំណត់ឲ្យសម្របសម្រួលធ្វើបែបបទ ដល់ក្រុមពលករខ្មែរស្របច្បាប់ ទៅធ្វើការនៅប្រទេសថៃ។ ក្នុងនោះ ពលករម្នាក់ ត្រូវបង់ប្រាក់ចំណាយលើសេវាសរុប ៤៩ ដុល្លារ រួមមាន៖ ប័ណ្ឌពលករ កម្ពុជា ទៅធ្វើការនៅបរទេស ចំនួន ១០ ដុល្លារ ថ្លៃលិខិតឆ្លងដែន ៤ ដុល្លារ ទិដ្ឋាការការងារ នៅស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា ២០ ដុល្លារ ប្រាក់សោហ៊ុយធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត ១០ ដុល្លារ និងប្រាក់អាហារតាមផ្លូវធ្វើដំណើរ ចំនួន ៥ ដុល្លារ៕
No comments:
Post a Comment