ក្មេងៗ ដែលត្រូវបានប្រមូលនៅតាមដងផ្លូវនាពេលកន្លងមក។
លីកាដូ
សាលាក្រុង ភ្នំពេញ នឹងបើកយុទ្ធនាការ ប្រមូលក្មេងអនាថា នៅតាមដងផ្លូវ ជាថ្មី នៅដើមខែក្រោយ
ដោយ វណ្ណ សុគន្ធា / RFI | ២៩ មិថុនា ២០១៤
នៅដើមខែកក្កដា ខែក្រោយនេះ សាលារាជធានី ភ្នំពេញ នឹងបើកយុទ្ធនាការ ប្រមូលក្មេងអនាថា នៅតាមបណ្តាដងផ្លូវនានា នៅក្នុងរាជធានី ភ្នំពេញ។ នេះ បើតាម លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ ដែលបានថ្លែងប្រាប់ វិទ្យុបារាំងអន្តរជាតិ នៅព្រឹកថ្ងៃ អាទិត្យ ទី ២៩ មិថុនានេះ ។ ក្មេងអនាថា ដែលផ្ញើវាសនា នៅលើដងផ្លូវ តាមរយៈ ការសុំទាន និង លក់ផ្កាជាដើមនោះ គឺ នៅតែមានដដែល បើទោះបី សាលារាជធានី ភ្នំពេញ ធ្លាប់បានប្រមូល ម្តងរួចមកហើយ ក៏ដោយ។
ចាប់ពីខែកក្កដាខាងមុខនេះទៅ ក្មេងៗអនាថាដែលកំពុងលក់ផ្កា និង សុំទាននៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ នឹងលែងមានវត្តមានទៀតហើយ។ លែងមាន ដោយសារសាលារាជធានីភ្នំពេញ កំពុងរៀបចំយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីប្រមូលក្មេងៗទាំងនោះ យកទៅបណ្តុះបណ្តាល និង អប់រំនៅតាមបណ្តាអង្គការកុមារមួយចំនួននៅក្នុងប្រទេសកម្ពុជា នៅសប្តាហ៍ក្រោយនេះ។
លោក ឡុង ឌីម៉ង់ អ្នកពាក្យសាលារាជធានីភ្នំពេញបានប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០១៤ ថា នេះគឺជាយុទ្ធនាការលើកទីពីរហើយរបស់សាលារាជធានីភ្នំពេញក្នុងការប្រមូលក្មេងអនាថានៅតាមដងផ្លូវ។ លោក បន្តថា សាលារាជធានីភ្នំពេញធ្វើការប្រមូលក្មេងៗអនាថាទាំងនោះ គឺ ទីមួយ ដើម្បីសុវត្ថិភាពរបស់ពួកគេ ទីពីរ ដើម្បីការពារមិនឲ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ និង ការជួញដូរ។ ទីបី ដើម្បីសោភ័ណ្ឌភាពទីក្រុងភ្នំពេញ ដោយមិនឲ្យមានក្មេងៗសុំទាន ឫ លក់ផ្កាជាដើម នៅតាមស្តុបនីមួយៗ ហើយទីបួន គឺដើម្បីឲ្យក្មេងៗទាំងនោះ បានចូលរៀន និង ទទួលការបណ្តុះបណ្តាលជំនាញ ដើម្បីជាទុនចិញ្ចឺមជីវិតនៅពេលអនាគតផងដែរ។
បើតាមលោក ឡុង ឌីម៉ង់ ក្មេងៗដែលប្រមូលបាន សាលារាជធានីភ្នំពេញនឹងបញ្ជូនទៅកាន់អង្គការសហការមួយចំនួនដូចជា អង្គការស្នាមញញឹមនៃកុមារ អង្គការមិត្តសំឡាញ់ អង្គការគ្រួសារថ្មី និង អង្គការអាសស្ពេកា ។ ហើយអង្គការទាំងនេះ នឹងចិញ្ចឹម និង បណ្តុះបណ្តាលជំនាញដល់ក្មេងៗទាំងនោះ។
សូមបញ្ជាក់ថា កាលពីដើមខែមិថុនានេះ សាលារាជធានីភ្នំពេញធ្លាប់បានប្រមូលក្មេងៗសុំទាន និង លក់ផ្កានៅតាមស្តុបនានានៅក្នុងរាជធានីភ្នំពេញបានចំនួន ជាង ១០ នាក់ ហើយបញ្ជូនក្មេងទាំងនោះទៅកាន់អង្គការធ្វើការពាក់ព័ន្ធខាងកុមារ ដើម្បីមើលថែ និង បណ្តុះបណ្តាលជំនាញដល់ពួកគេ៕
No comments:
Post a Comment