ពលរដ្ឋចូលរួមសមាជមហាជនបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ នៅរសៀលថ្ងៃទី៦ តុលា ឆ្នាំ២០១៣។
RFA/Tep Soravy
បក្ស សង្គ្រោះជាតិ គ្រោងធ្វើ សមាជថ្នាក់ដឹកនាំ ទូទាំងប្រទេស នៅខែកក្កដា
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ២៩ មិថុនា ២០១៤
គណបក្ស សង្គ្រោះជាតិ គ្រោងធ្វើ សមាជថ្នាក់ដឹកនាំ ទូទាំងប្រទេស នៅខែកក្កដា ខាងមុខ។ សមាជធំ លើកដំបូង របស់ បក្សនេះ គឺ ធ្វើឡើង តាមបទបញ្ជាផ្ទៃក្នុង របស់ គណបក្ស ដែលចែងថា គណបក្ស សង្គ្រោះជាតិ នឹងរៀបចំ សមាជផ្ទៃក្នុង ជារៀងរាល់ ២ឆ្នាំម្ដង ដើម្បីសម្រេចដោះស្រាយ លើបញ្ហាសំខាន់ៗ មួយចំនួន ក្នុងបក្ស និងស្វែងរកគន្លឹះ សម្រាប់ដោះស្រាយបញ្ហាជាតិ ជាដើម។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សនឹងកោះប្រជុំបន្ទាប់ពីប្រធានគណបក្ស លោក សម រង្ស៉ី ត្រឡប់ពីបរទេសវិញ។ កិច្ចប្រជុំនោះនឹងពិភាក្សាពីគម្រោងធ្វើសមាជថ្នាក់ដឹកនាំទូទាំងប្រទេសនៅពេលដ៏ខ្លីខាងមុខ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មានសិទ្ធិធ្វើសមាជផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែមិនអាចស្នើសុំទីលានប្រជាធិបតេយ្យរៀបចំបានទេ។ លោកបញ្ជាក់ថា ក្រសួងមហាផ្ទៃ នៅតែដាក់ទីលានប្រជាធិបតេយ្យស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៖ «ការងាររដ្ឋបាលយើងមិនទាន់អាចបើកឲ្យគាត់ធ្វើបានទេ គាត់អាចរកកន្លែងឯកជន ឬភោជនីយដ្ឋានណាមួយដើម្បីរៀបចំទៅព្រោះវាសមផង»។
គណបក្សសង្គ្រោះជាតិ កើតចេញពីការរួបរួមគ្នារវាងគណបក្ស សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស ហើយបក្សនេះរៀបចំសមាជជាលើកដំបូងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣។ សមាជលើកដំបូងបានសម្រេចបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានបក្ស និងអ្នកដឹកនាំនាយកដ្ឋានជំនាញជាច្រើនទៀត។ គណបក្សនេះធ្លាប់ធ្វើសមាជប្រជាជនជាច្រើនដងច្រើនសាមកហើយ ដើម្បីប្រមូលមតិពលរដ្ឋឈានទៅសម្រេចចិត្តផ្នែកនយោបាយ។ តាមស្មារតីសមាជគណបក្សប្រឆាំងពេលកន្លងទៅ អ្នកគាំទ្របានសម្រេចឲ្យមេដឹកនាំបក្សនេះទាមទារយុត្តិធម៌នៅពេលបោះឆ្នោត និងមិនឲ្យចូលសភា បើសិនណាស្ថាប័នរៀបចំការបោះឆ្នោតមិនឯករាជ្យនោះ៕
No comments:
Post a Comment