Paris Peace Accords 23 Oct. 1991

Wednesday, June 11, 2014

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​ មិន​ខ្វល់ ​ពី​កោះ​ត្រល់ ​ជា​ការ​ព្យាយាម ​បិទ​បាំង ​ប្រវត្តិសាស្ត្រ

កោះ​ត្រល់ ៦១០
ឆ្នេរ​ខ្សាច់​កោះ​ត្រល់ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Uon Chhin

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​ មិន​ខ្វល់ ​ពី​កោះ​ត្រល់ ​ជា​ការ​ព្យាយាម ​បិទ​បាំង ​ប្រវត្តិសាស្ត្រ

ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ១០ មិថុនា ២០១៤

កោះ​ត្រល់​ បាន​ក្លាយ​ជា ​ប្រធានបទ ​ដ៏​ចម្រូងចម្រាស​ សម្រាប់ ​បរិបទ​នយោបាយ​ នៅ​កម្ពុជា បច្ចុប្បន្ន​នេះ ជាពិសេស បាន​ធ្វើ​ឲ្យ ​អ្នក​នយោបាយ​ បក្ស​ប្រឆាំង និង​ក្រុម ​អ្នក​រិះគន់ ​រដ្ឋាភិបាល​ លោក​នាយក ​រដ្ឋមន្ត្រី ហ៊ុន សែន មួយ​ចំនួន ចោទ​ប្រកាន់​ ថា ព្រោះ​តែ​ សន្ធិសញ្ញា ​បំពេញ​បន្ថែម ​ឆ្នាំ​២០០៥ ហ្នឹង​ហើយ បាន​ធ្វើ​ឲ្យ ​កោះ​ត្រល់​ ក្លាយ​ជា ​របស់ ​វៀតណាម ដោយ​ស្រប​ច្បាប់​ រហូត​មក​ដល់​សព្វថ្ងៃ​នេះ។
ចំណែក​ភាគី​ពី​ខាង​រដ្ឋាភិបាល​វិញ ថ្លែង​ដោយ​ការពារ​ថា ការ​ពិត​កោះ​ត្រល់​នេះ​បាន​បាត់​បង់​តាំង​ពី​មុន លោក ហ៊ុន សែន និង​មនុស្ស​រាល់​គ្នា​កើត​ទៅ​ទៀត ហើយ​វា​ក៏​ពុំ​មែន​ជា​កំហុស​របស់​រដ្ឋាភិបាល​ឡើយ។
អស់​រយៈពេល​ជិត ១០​ឆ្នាំ​ហើយ គិត​ចាប់​ពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​ដែល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង ចោទ​ប្រកាន់​ថា បាន​ប្រគល់​កោះ​ត្រល់​ឲ្យ​វៀតណាម គ្រប់គ្រង​ទាំង​ស្រុង​នោះ។
​ការ​កកូរកកាយ​ដាន​ប្រវត្តិសាស្ត្រ​ចាស់​ធ្វើ​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​នេះ គឺ​កើត​មាន​ឡើង​នៅ​បន្ទាប់​ពី​សមាជិក​រដ្ឋសភា​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ចេញ​លិខិត​មួយ ដោយ​លើក​ជា​សំណួរ​ថា តើ​ការ​បាត់​បង់​កោះ​ត្រល់​នេះ​ជា​កំហុស​របស់​នរណា? ហើយ​ចេតនា​នៃ​លិខិត​ដែល​ចេញ​ដោយ លោក ឈាង វុន នៅ​ពេល​នេះ ទំនង​ជា​ចង់​បន្សាប​ការ​យល់​ខុស​របស់​សាធារណជន ប្រឆាំង​រដ្ឋាភិបាល​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​ពេល​កន្លង​ទៅ​ថា បាន​ធ្វើ​ឲ្យ​កោះ​ត្រល់ និង​ប្រជុំ​កោះ​ដទៃ​ទៀត ត្រូវ​បាត់​ទៅ​វៀតណាម។
​បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ក៏​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​ឃ្លាំ​មើល​កម្ពុជា មួយ​ចំនួន​យល់​ឃើញ​ថា ការ​លើក​ឡើង​ដូច​នេះ​របស់​អ្នក​នយោបាយ​បក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ចេតនា​ចង់​គេចវេះ និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ។
លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចាត់​ទុក​ថា ការ​ព្យាយាម​បកស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត​របស់​សមាជិក​បក្ស​ប្រជាជន​កម្ពុជា គឺ​ជា​មធ្យោបាយ​មួយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ ដែល​ខ្លួន​បាន​ធ្វើ​ឲ្យ​បាត់​បង់ ក្រោម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។ លោក រ៉ុង ឈុន និយាយ​ថា សន្ធិសញ្ញា​នេះ​ហើយ​ជា​ហេតុផល​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​កោះ​ត្រល់ ក្លាយ​ជា​របស់​ប្រទេស​វៀតណាម ដោយ​ស្រប​ច្បាប់​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។
«សំឡេង»
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខ្នាត​ផែនទី​សមុទ្រ​ដែល​ជា​ច្បាប់​អន្តរជាតិ​បច្ចុប្បន្ន បាន​កំណត់​ថា កោះ​សមុទ្រ​ដែល​មាន​ចម្ងាយ​ជិត​ជាង​គេ​មិន​ដល់ ៤០​គីឡូ​ម៉ែត្រ (៣៧,០៤​គីឡូ​ម៉ែត្រ) ពី​ប្រទេស​ណា​មួយ ត្រូវ​ចាត់​ទុក​ថា ជា​ទ្រព្យ​សម្បត្តិ​របស់​ប្រទេស​នោះ។ បើ​ផ្អែក​ច្បាប់​អន្តរជាតិ​ស្ដីពី​ដែន​សមុទ្រ​នេះ កោះ​ត្រល់ គឺ​គប្បី​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ដោយ​ស្វ័យ​ប្រវត្តិ។ ដោយ​ហេតុ​ថា មាន​រយៈ​ចម្ងាយ ១៥​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ឆ្នេរ​ខេត្ត​កំពត ហើយ​បើ​ប្រៀបធៀប​នឹង​ប្រទេស​វៀតណាម វិញ មាន​ចម្ងាយ​រហូត​ដល់ ៤៥​គីឡូ​ម៉ែត្រ​ពី​ខេត្ត​ហាទៀង។
យ៉ាង​ណា​ក៏ដោយ​ចុះ លិខិត​របស់ លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ដែល​ហាក់​ពុំ​មាន​ខ្លឹមសារ​ពិស្ដារ​ក្រៅ​ពី​ការ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​នោះ គឺ​លោក​ស្នើ​ឲ្យ​ប្រព័ន្ធ​ព័ត៌មាន និង​ខ្មែរ​កម្ពុជា​ក្រោម ត្រួត​ពិនិត្យ​ដោយ​ម៉ត់ចត់​ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា ថា​តើ​ការ​បាត់​កោះ​ត្រល់​ជា​កំហុស​របស់ លោក ហ៊ុន សែន ឬ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ថា​ជា​កំហុស​របស់​យើង​ទាំងអស់​គ្នា ដែល​កើត​ក្រោយ​ឆ្នាំ​១៩៤៩។
​ភ្ជាប់​នឹង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​៩ សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ​នៅ​ក្នុង​រដ្ឋសភា​ដែល​ប្រើ​ពេល​ជាង ៥​ម៉ោង។ ការ​ប្រើ​ពេល​ដ៏​វែង​ដូច​នេះ ភាគ​ច្រើន គឺ​លោក ហ៊ុន សែន ដៀមដាម និង​ដឺដង​ឲ្យ​បក្ស​ប្រឆាំង​ជា​ជាង​បញ្ហា​ព្រំដែន​នោះ លោក​បញ្ជាក់​ថា ការ​ពិត​កោះ​ត្រល់​បាន​បាត់​បង់​រួច​ទៅ​ហើយ ចាប់​តាំង​ពី​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច នរោត្តម សីហនុ ព្រះអង្គ​យក​ផែនទី​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៤៩ មក​ម្ល៉េះ ដោយ​ភ្ជាប់​នឹង​ខ្សែ​បន្ទាត់​ប្រេវីយេ រឿង​កោះ​ត្រល់​នេះ​ទៅ​ជាមួយ​ផង។ ហេតុ​នេះ លោក ហ៊ុន សែន អះអាង​ថា ពុំ​មាន​អ្វី​មន្ទិល​សង្ស័យ​ទៀត​ឡើយ​ថា លោក និង​រដ្ឋាភិបាល​របស់​លោក ធ្វើ​ឲ្យ​បាត់​ទឹក​បាត់​ដី​ក្រោយ​នេះ។
«សំឡេង»
ភ្ជាប់​នឹង​បញ្ហា​នេះ សមាជិក​ព្រឹទ្ធសភា​មក​ពី​ខាង​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ មិន​យល់​ដូច្នេះ​ឡើយ។ លោក ហុង សុខហួរ ចាត់​ទុក​ថា អ្វី​ដែល​អតីត​ព្រះមហាក្សត្រ​ព្រះអង្គ​យក​ផែនទី​ទៅ​តម្កល់​កាល​ណោះ គឺ​ពុំ​មែន​ជា​ការ​ប្រគល់​ដែន​ទឹក និង​កោះ​ត្រល់​ឲ្យ​វៀតណាម ទេ តែ​ថា​ជា​ការ​តម្កល់​ឯកសារ​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់ និង​ដើម្បី​រក្សា​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា។
លោក ហុង សុខហួរ ពន្យល់​ថា ការ​ពិត​អ្វី​ដែល​ធ្វើ​ឲ្យ​កោះ​ត្រល់​បាត់​បង់ និង​វៀតណាម បាន​ដៃ​គ្រប់គ្រង​ដូច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ របស់ លោក ហ៊ុន សែន ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត លោក​បន្ត​ថា ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​បាន​តម្កល់​កាល​ណោះ​ជា​ការ​តម្កល់​តាម​របៀប​គ្រប់គ្រង​បែប​រដ្ឋាភិបាល​ដែន​សមុទ្រ ពុំ​មែន​ជា​ការ​ប្រគល់​ទាំង​ស្រុង​ឡើយ។
«សំឡេង»
រឿង​កោះ​ត្រល់​នេះ​ដែរ មន្ត្រី​ទូត​របស់​សិង្ហបុរី ប្រចាំ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៨៤ បាន​ជំទាស់​ដាច់​ខាត​រឿង​ប្រគល់​កោះ​ត្រល់​នេះ​ឲ្យ​ទៅ​វៀតណាម គ្រប់គ្រង​វិញ។ មូលហេតុ​ដែល​ជំទាស់​របស់​មន្ត្រី​ទូត​សិង្ហបុរី កាល​ណោះ ដោយ​ហេតុ​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨២ ដែល​នៅ​ពេល​នោះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៅ​ឡើយ។ ទូត​សិង្ហបុរី កាល​ណោះ​ចាត់​ទុក​ថា ធ្វើ​កិច្ច​ព្រមព្រៀង​រឿង​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ​នេះ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម គឺ​លោក ង្វៀន កូថាច់ (Nguyen Co Thach) គឺ​ជា​រឿង​ខុស​ច្បាប់។
​យោង​ឯកសារ​ប្រវត្តិសាស្ត្រ​របស់ លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​១៩៣៩ លោក ប្រេវីយេ បាន​ផ្ញើ​លិខិត​ទៅ​ទេសាភិបាល​កូសាំងស៊ីន រឿង​ចង្កោម​កោះ​សមុទ្រ​នេះ។
ក្នុង​លិខិត​របស់ លោក ប្រេវីយេ កាល​ណោះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្ញុំ​មិន​អាច​ទុក​ឲ្យ​ស្ថានភាព​សព្វថ្ងៃ​ឲ្យ​ពលរដ្ឋ​នៅ​លើ​កោះ​ទាំង​នេះ​ពិបាក​ឆ្លង​កាត់​សមុទ្រ​យ៉ាង​ឆ្ងាយ កាត់​តាម​ទឹក​ដី​របស់​កម្ពុជា ដើម្បី​ទាក់ទង​រដ្ឋការ​កូសាំងស៊ីន បាន​ត​ទៅ​ទៀត​ទេ។ ហេតុ​នេះ​ខ្ញុំ​សម្រេច​ថា កោះ​ទាំង​ឡាយ​ដែល​នៅ​ខាង​ជើង​ខ្សែ​បន្ទាត់​កែង​នឹង​ឆ្នេរ​សមុទ្រ គិត​ពី​ចំណុច​ព្រំប្រទល់​ប្រទេស​កម្ពុជា និង​កូសាំងស៊ីន ត្រូវ​ត្រួតត្រា​ដោយ​ប្រទេស​កម្ពុជា វិញ។
​ចំណែក​លិខិត​ដែល​ចេញ​ដោយ លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី​៩ មិថុនា វិញ ដែល​អម​ជាមួយ​នឹង​ប្រវត្តិ​របស់ លោក ស៊ឹម នី អតីត​យោធា​ការពារ​ដែន​ទឹក​ក្នុង​របប​ខ្មែរ​ក្រហម លោក​ចាត់​ទុក​ថា វា​មិន​ងាយ​ឡើយ។ លោក​បញ្ជាក់​ថា ការ​ព្យាយាម​ដណ្ដើម​កោះ​ត្រល់​ដោយ​កម្លាំង​យោធា​របស់ ប៉ុល ពត កាល​ណោះ​ត្រូវ​បរាជ័យ។ នៅ​ក្នុង​ឯកសារ លោក ស៊ឹម នី អះអាង​ថា កម្លាំង​ខ្មែរ​ក្រហម​ដែល​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ដណ្ដើម​កោះ​ត្រល់​ចំនួន ៣០០​នាក់ ត្រូវ​បាន​ទាហាន​វៀតណាម ចាប់​ខ្លួន​នៅ​លើ​កោះ​នោះ​ភ្លាមៗ។ មាន​ទាហាន​ខ្មែរ​ក្រហម​តិចតួច​ប៉ុណ្ណោះ បាន​រត់​រួច​មក​វិញ។
បដិសេធ​នឹង​ការ​លើក​ឡើង​នេះ ត្រូវ​បាន​អតីត​យោធា​ខ្មែរ​ក្រហម​ដែល​ឈរ​នៅ​ទីតាំង​ក្បែរ​នោះ​ដែរ លោក ឃិន ប៉ុន អះអាង​ថា ការ​ពិត​យោធា​ខ្មែរ​ក្រហម​ដែល​ត្រូវ​ទាហាន​វៀតណាម ចាប់​ខ្លួន​បាន​កាល​ណោះ គឺ​ពុំ​មែន​ចាប់​នៅ​លើ​កោះ​ត្រល់​ឡើយ។ លោក​អះអាង​ថា ភាគី​ច្រើន​យោធា​ខ្មែរ​ក្រហម​ទាំង​នោះ​ត្រូវ​ចាប់​បាន​ពី​ប្រជុំ​កោះ​ក្បែរ​នោះ​ទៅ​វិញ​ទេ។
«សំឡេង»
​ជាប់​ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​ឃ្លាំ​មើល​កម្ពុជា យល់​ឃើញ​ថា ជំហរ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ កំពុង​បង្វែរ​ដាន​ប្រវត្តិសាស្ត្រ និង​បិទ​បាំង​ការ​ពិត​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​អតីតកាល។ ផ្ទុយ​ពី​ប្រទេស​ជិត​ខាង សូម្បី​កោះ​តូច​មួយ ក៏​គេ​នៅ​មាន​ឆន្ទៈ​ក្នុង​ការ​ទាមទារ​ដែរ។ ក៏ប៉ុន្តែ ជំហរ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​វិញ កម្រ​ឃើញ​ប្រតិកម្ម​ណាស់ សូម្បី​ទូត​វៀតណាម ចាត់​ទុក​ថា ទឹក​ដី​កម្ពុជា​ក្រោម និង​កោះ​ត្រល់​ពុំ​មែន​ជា​របស់​ខ្មែរ​តាំង​ពី​មុន​ក៏ដោយ។
ផ្ទុយ​ពី​នេះ ខាង​ភាគី​រដ្ឋាភិបាល​វិញ​បាន​អះអាង​ថា ខ្លួន​បាន​បង្កើត​យន្តការ​ជាច្រើន ដោយ​រួម​ទាំង​ជំរុញ​ឲ្យ​មាន​ការ​បោះ​បង្គោល​ព្រំដែន​ផង គឺ​ជា​ការ​ទទួល​ខុស​ត្រូវ និង​ការពារ​យ៉ាង​ខ្ពស់ ជា​ការ​រួម​ចំណែក​ចំពោះ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​នេះ៕



No comments:

Post a Comment