សាកសព ពលករ ខ្មែរ ៦នាក់ បានមកដល់ កម្ពុជាវិញ ខណៈ ចំនួន ពលករខ្មែរ ដែលត្រូវ បញ្ជូនមកវិញ កើនឡើង ដល់១៤ម៉ឺននាក់
ពលករខ្មែរ ដែលថៃ បញ្ជូនមក កម្ពុជាវិញ។ @Facebook
សាកសព ពលករ ខ្មែរ ៦នាក់
ដែលស្លាប់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ នៅខេត្ត ឆៈឆឹងសៅ ប្រទេសថៃ
ត្រូវ បានបញ្ជូនមក ដល់ប្រទេស កម្ពុជា វិញហើយ កាលពីយប់ម៉ិញនេះ។
ដំណើរ មកដល់ នៃសាកសព ពលករ ខ្មែរនេះ កើតឡើង ស្របពេល ដែលអាជ្ញាធរ ថៃ
នៅតែ បន្តបញ្ជូន ពលករខ្មែរ មកប្រទេសវិញ,
ហើយ ចំនួន ពលករខ្មែរ ដែលត្រូវ បានបញ្ជូន មកវិញ
រហូត មកទល់រសៀល ថ្ងៃចន្ទនេះ កើនឡើង ដល់១៤ម៉ឺន នាក់ហើយ។
ពលករ ទាំង៦នាក់ ដែលស្លាប់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ រថយន្ត បែកកង់ ជ្រុលចង្កូត ទៅបុក ដើមឈើ នៅខេត្ត ឆៈឆឹងសៅ ប្រទេសថៃ កាលពីយប់ ថ្ងៃសៅរ៍ ឆ្លងចូល ថ្ងៃអាទិត្យ ទី១៥ មិថុនា ត្រូវ គេ ស្គាល់អត្តសញ្ញាណ ទាំងអស់ហើយ។ ក្នុងនោះ មានម្នាក់ មានទីលំនៅ នៅខេត្ត ព្រៃវែង, ម្នាក់មាន ទីលំនៅ នៅខេត្ត បន្ទាយមានជ័យ, និង៤នាក់ទៀត មានទីលំនៅ នៅខេត្ត កំពង់ចាម។ នេះ បើ តាមការ ឲ្យដឹង ពីលោក គោ ស៊ុំសារឿត អភិបាល ខេត្ត បន្ទាយមានជ័យ។
ក្រោយពីបានបញ្ជូនមកដល់កម្ពុជាវិញ នៅយប់ថ្ងៃអាទិត្យ ទី១៥មិថុនា សាកសពទាំង៦ ត្រូវបានបញ្ជូនបន្តទៅកាន់ស្រុកកំណើតរបស់ពួកគេរៀងៗខ្លួនរួច រាល់ហើយ។
ដោយឡែក សាកសពពលករពីរនាក់ទៀត ដែលស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរក្រុងបាងកក ប្រទេសថៃ ត្រូវបានលោកគោ ស៊ុំសារឿត គូសបញ្ជាក់ថា នឹងត្រូវមកដល់កម្ពុជា យ៉ាងយូរនៅល្ងាច ឬយប់ថ្ងៃចន្ទ ទី១៦មិថុនានេះ។ ពលករទាំងពីរនាក់នេះ ត្រូវគេបញ្ជាក់អត្តសញ្ញាណថា មានទីលំនៅនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ដំណើរមកដល់នៃសាកសពពលករខ្មែរ កើតឡើងស្របពេលដែលអាជ្ញាធរថៃ នៅតែបន្តបញ្ជូនពលករខ្មែរមកប្រទេសវិញ។ បើតាមលោកអភិបាលខេត្តបន្ទាយមានជ័យ រហូតមកទល់រសៀលថ្ងៃចន្ទនេះ ចំនួនពលករខ្មែរដែលត្រូវបានបញ្ជូនមកវិញ កើនឡើងដល់១៤ម៉ឺននាក់ហើយ។
អាជ្ញាធរខេត្តបានប្រើប្រាស់កំលាំងមន្ដ្រីប៉ូលិស មន្ដ្រីយោធា មន្ដ្រីស៊ីវិល និងកងរាជអាវុធហត្ថ មិនតិចជាងមួយពាន់នាក់ទេ ដើម្បីសម្របសម្រួលសន្តិសុខ សណ្ដាប់ធ្នាប់ដល់ពលករ។ កាកបាទក្រហម និងអង្គការសង្គមស៊ីវិលជាច្រើន បាននិងកំពុងតែធ្វើការយ៉ាងមមាញឹក ផ្ដល់ជំនួយមនុស្សធម៌ដែលចាំបាច់ សម្រាប់ពលករដែលទើបតែត្រឡប់មកដល់មាតុប្រទេសវិញ។ រថយន្តយោធាជាង៣០០គ្រឿង ធ្វើដំណើរចុះឡើង ដើម្បីបញ្ជូនពលករពីប៉ោយប៉ែត ទៅកាន់ស្រុកកំណើតរបស់ពួកគាត់វិញ៕
No comments:
Post a Comment