បក្សសង្គ្រោះជាតិ៖ ការរារាំង នៅអន្លង់វែង គឺ ជាការរៀបចំ ជាប្រព័ន្ធ
ដោយ ឡេង ម៉ាលី / RFA | ៩ មិថុនា ២០១៤

ថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ ធ្វើសន្និសីទ កាសែត នាទីស្នាក់ការ បក្ស រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃ ទី៩ មិថុនា ឆ្នាំ២០១៤។ RFA/Leng Maly
គណបក្ស សង្គ្រោះជាតិ ប្រកាសថា, ព្រឹត្តិការណ៍ រារាំងដំណើរ ថ្នាក់ដឹកនាំ របស់ខ្លួន នៅតាមផ្លូវ ទៅស្រុក អន្លង់វែងនោះ ជាការគំរាមកំហែង ផ្នែកនយោបាយ និងអាយុជីវិត ថ្នាក់ដឹកនាំ បក្សនេះ ដែលធ្វើឡើង ជាលក្ខណៈ ប្រព័ន្ធ។
គណបក្ស សង្គ្រោះជាតិ ចោទថា, អាជ្ញាធរ ជាអ្នករៀបចំ ការរារាំង ដំណើរ របស់ ថ្នាក់ដឹកនាំ ទៅស្រុក អន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃ ទី៨ មិថុនា នោះ។
នៅក្នុងសន្និសីទ សារព័ត៌មានមួយ នៅព្រឹកថ្ងៃ ទី៩ មិថុនា បេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ លោក ប៉ុល ហំម មានប្រសាសន៍ ថា, ព្រឹត្តិការណ៍ នៅផ្លូវទៅស្រុក អន្លង់វែង នៅថ្ងៃ ទី៨ មិថុនា នោះ មិនត្រឹមតែ ជាការរារាំង ដំណើរទេ, គឺ ជាការបង្ខាំង បេក្ខជន អ្នកតំណាងរាស្ត្រ របស់ គណបក្ស សង្គ្រោះជាតិ មួយរយៈ។
លោក ប៉ុល ហំម ចោទថា អ្នករារាំង ទាំងនោះ ជាកម្លាំងប្រដាប់អាវុធ យោធា, ហើយ នៅក្រោម ការទទួលខុសត្រូវ របស់ គណៈបញ្ជាការ ខេត្ត និងស្រុក។
លោក ទាមទារ ឱ្យអាជ្ញាធរ ខេត្ត ឧត្ដរមានជ័យ, ស្រុក អន្លង់វែង, អាជ្ញាធរជាតិ, មានក្រសួង ការពារជាតិ និងក្រសួង មហាផ្ទៃ, ទទួលខុសត្រូវ ចំពោះ ព្រឹត្តិការណ៍នោះ, ហើយ ប្រគល់សម្ភារៈ ដែលរឹបអូស ដូចជាទូរស័ព្ទ និង iPad ប្រគល់ មកគណបក្ស សង្គ្រោះជាតិវិញ។
ការចោទប្រកាន់ របស់ គណបក្ស សង្គ្រោះជាតិ ដែលថា អ្នករារាំង ជាកម្លាំងយោធានោះ វិទ្យុអាស៊ីសេរី មិនអាច ទាក់ទង អាជ្ញាធរខេត្ត និងថ្នាក់ជាតិ ដើម្បី សុំការបញ្ជាក់ បានទេ នៅថ្ងៃ ទី៩ មិថុនា នេះ។
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ហៅព្រឹត្តិការណ៍ រារាំង នៅផ្លូវ ទៅស្រុក អន្លង់វែង ថា ជាការ គំរាមកំហែង អាយុជីវិត ថ្នាក់ដឹកនាំ របស់ គណបក្ស សង្គ្រោះជាតិ។
លោក ចាត់ទុក ប្រទេសកម្ពុជា ថា កំពុងធ្លាក់ ក្នុងស្ថានភាព ធ្ងន់ធ្ងរ និងគ្រោះថ្នាក់។
លោក ប៉ុល ហំម ចោទប្រកាន់ អាជ្ញាធរថា, រៀបចំការ រារាំងនោះ ជាប្រព័ន្ធ និងគ្រោងទុក ជាមុន ដើម្បី គំរាមកំហែង ផ្នែកនយោបាយ ដោយបង្ខំ ឱ្យគណបក្ស សង្គ្រោះជាតិ ចូលសភា ដោយមិនបាច់ ចរចា៕
No comments:
Post a Comment