កម្លាំងសមត្ថកិច្ចដាក់ពង្រាយនៅព្រៃស្អាក (រូបថត៖ បូ សាវី) |
គណបក្ស សង្គ្រោះជាតិ សម្រេចលុបចោល វេទិកាសាធារណៈ របស់ខ្លួន នៅស្រុក អន្លង់វែង ខេត្ត ឧត្តមានជ័យ
ដោយ៖ ឡាយ សាមាន / VOD | ៨ មិថុនា ២០១៤
ក្រោយពីមាន ការរារាំង ពីសំណាក់ សមត្ថកិច្ច ខេត្ត ឧត្តរមានជ័យ នៅចំណុច ព្រៃស្អាក, គណបក្ស សង្គ្រោះជាតិ សម្រេចលុបចោល កម្មវិធី វេទិកា សាធារណៈ របស់ខ្លួន ដែលគ្រោងធ្វើ នៅទីរួមស្រុក អន្លង់វែង នៅព្រឹក ថ្ងៃអាទិត្យនេះ។
ក្រុមការងារ គណបក្ស សង្គ្រោះជាតិ លោក ហុង សុខហួរ ប្រាប់ VOD ឲ្យដឹងថា, ខាងក្រុមការងារ ក៏ដូចជា ថ្នាក់ដឹកនាំ របស់ខ្លួន សម្រេចលុបចោល វេទិកា សាធារណៈនេះ បន្ទាប់ ពីឃើញមាន ការដាក់ពង្រាយ កម្លាំងសមត្ថកិច្ច ដើម្បី រារាំងកម្មវិធីនេះ។
លោក យល់ឃើញ ថា, នេះ ជាការគម្រាមកំហែង ដល់ប្រជាពលរដ្ឋ, ហើយ ក៏ជារូបភាពមួយ ដ៏អាក្រក់ នៅក្នុង លទ្ធិ ប្រជាធិបតេយ្យ។
តាមអ្នករាយការណ៍ព័ត៌មានរបស់ VOD ដែលចុះទៅយកព័ត៌មាននៅស្រុកអន្លង់វែងឲ្យដឹងថា សមត្ថកិច្ចដែលដាក់ពង្រាយនៅតាមដងផ្លូវនៅចំណុចព្រៃស្អាក មានប្រដាប់ដោយអាវុធ ដំបងឆក់ និងខែល។ លោក បានរាយការណ៍បន្ថែមថា តាមប្រភពពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ តំបន់ព្រៃស្អាក ឲ្យដឹងថា នៅចម្ងាយប្រហែលមួយរយម៉ែត្រពី កន្លែងដែលសមត្ថកិច្ចឈរជើងនោះ មានប្រជាពលរដ្ឋប្រមាណ២០០នាក់ ខ្លះមានកាន់ដំបង ខ្លះកាន់វិទ្យុទាក់ទង ហើយលើឡានរបស់ពួកគេមានចាក់មីក្រូ ដែលប្រជាពលរដ្ឋគិតថា ជាការរំខានដល់ការធ្វើដំណើររបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលចុះទៅស្រុកអន្លង់វែងនោះ។ ជាមួយគ្នានៅស្រុកអន្លង់វែង ក៏មានប្រជាពលរដ្ឋប្រមាណមួយរយនាក់ មានកាន់ដំបង និង ចាក់មីក្រូនៅលើឡាន ក្នុងរូបភាពដូចគ្នានឹងប្រជាពលរដ្ឋដែលឈរជើងនៅកណ្ដាលព្រៃស្អាក នោះផងដែរ។
អ្នកយកព័ត៌មានVOD បានសាកសួរកម្លាំងសមត្ថកិច្ចដែលឈរជើងនៅតំបន់ព្រៃស្អាក ពីវត្តមានរបស់ប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែសមត្ថកិច្ចម្នាក់លោក សឿន ហៃ បានឲ្យដឹងថា លោកមិនដឹងថា ប្រជាពលរដ្ឋទាំងនោះមកពីខាងណា និងក្នុងគោលបំណងអ្វីទេ។
លោកបូ សាវី ក៏បានរាយការណ៍ឲ្យដឹងបន្ថែមទៀតថា តាមព័ត៌មានដែលលោកបានសាកសួរពីក្រុមការងារគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ប្រជាពលរដ្ឋដែលប្រមូលផ្ដុំគ្នានៅក្នុងព្រៃស្អាក ជាអ្នកដកហូត ទូរស័ព្ទដៃ និងអាយផេត របស់អ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោកប៉ុល ហំ និងលោកអ៊ុជ ឆយយុទ្ធ។
តាមគម្រោង ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី និងលោកកឹម សុខា នឹងទៅធ្វើវេទិកាសាធារណៈនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនាព្រឹកនេះ ហើយនៅពេលល្ងាចលោកនឹងអញ្ជើញទៅធ្វើវេទិកានៅក្រុងសំរោង ខេត្តឧត្តរមានជ័យបន្តទៀត៕
No comments:
Post a Comment