Paris Peace Accords 23 Oct. 1991

Monday, June 16, 2014

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ទៅ​បំពេញ ទស្សនកិច្ច ​នៅ​បង់ក្លាដេស | Hun Sen on Mission to Bangladesh

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ទៅ​បំពេញ ទស្សនកិច្ច ​នៅ​បង់ក្លាដេស

ប៉ែន បូណា/ RFI | ១៦ មិថុនា ២០១៤

លោកនាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន​ នៅ​ព្រលាន​យន្តហោះអន្ដរជាតិ កាល​ពី​ពេល​កន្លង​ទៅ
លោកនាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន​ នៅ​ព្រលាន​យន្តហោះអន្ដរជាតិ កាល​ពី​ពេល​កន្លង​ទៅ
RFI/Siv Channa

ដូច​ការ​គ្រោង​ទុក លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន បាន​ដឹក​នាំ​ គណៈប្រតិភូ​ មួយ​ក្រុម ​ចេញ​ទៅ​បំពេញ​ ទស្សនកិច្ច ​នៅ​ប្រទេស​ បង់ក្លាដេស នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៦ ខែ​មិថុនា​នេះ។  អំឡុង​ពេល​ នៃ​ដំណើរ​ ទស្សនកិច្ច​នេះ មាន​កិច្ច​ព្រមព្រៀង​ ចំនួន​៤ ដែល​ភាគី​ ទាំង​ពីរ​ គ្រោង ​ចុះ​ហត្ថលេខា​ ជាមួយ​គ្នា​។  នេះ​ ជា​ទស្សនកិច្ច​ លើក​ដំបូង​ របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ អាស៊ី​ ខាង​ត្បូង ​មួយ​នេះ ដែល​មាន​បំណង ​ទិញ​អង្ករ​ ២​សែន​តោន ​ក្នុង​មួយ​ឆ្នាំ​ ពី​កម្ពុជា​។

ដំណើរ​បំពេញ​ ទស្សនកិច្ច របស់ ​គណៈប្រតិភូ ​កម្ពុជា​ ទៅ​កាន់​ប្រទេស​ បង់ក្លាដេស មាន​រយៈ​ពេល ​៣​ថ្ងៃ គឺ​ ចាប់​ពី​ថ្ងៃ ទី​១៦ ដល់​១៨​ មិថុនា។  ដំណើរ​ទស្សនកិច្ច​ ជា​ផ្លូវ​រដ្ឋ​នេះ ធ្វើ​ឡើង​ តាម​ការ​អញ្ជើញ ​របស់ ​នាយក​រដ្ឋមន្ត្រី​ បង់ក្លាដេស លោកស្រី ហ្សេក ហាស៊ីណា ( Sheikh Hasina) ក្នុង​គោលដៅ​ ពង្រឹង​ ទំនាក់​ទំនង​ ជា​ច្រើន​វិស័យ ​រវាង ​ប្រទេស​ ទាំង​ពីរ​។  នេះ ​បើ​ យោង​តាម ​ក្រសួង​ ការ​បរទេស​ កម្ពុជា​។

ក្រសួង​ការ​បរទេស​បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​បង់ក្លាដេស នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​គ្នា និង​ធ្វើ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ ចំនួន​ផង​ដែរ​។ កិច្ច​ព្រម​ព្រៀង​ទាំង​នោះ​ជា​រួម​មាន៖ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​ជំរុញ​ កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី, អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​វិទ្យាសាស្រ្ត និង បច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម, កិច្ច​ព្រម​ព្រៀង​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​វប្បធម៌ និង​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ជំរុញ និង ការ​ការពារ​វិនិយោគ​ផង​ដែរ​។

គណៈ​ប្រតិភូ​ដែល​អម​ដំណើរ​នាយករដ្ឋមន្រ្តី​រួមមាន លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ, លោក​ស្រី ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ និង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ទៀត​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បង់ក្លាដេស។ បង់ក្លាដេស​គឺ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ ត្បូង​ដែល​មាន​ប្រជាជន​ជាង ១៥០ លាន​នាក់​។

កាល​ពី​ខែ​មករា​ឆ្នាំ ២០០១ នាយក​រដ្ឋមន្ត្រី​បង់ក្លាដេស លោកស្រី ហ្សេក ហស៊ីណា ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រួច​ហើយ​។ បន្ទាប់​មក ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១០ រដ្ឋមន្ត្រី​ការបរទេស​បង់ក្លាដេស លោក​ស្រី ឌីពូ ម៉ូនី បាន​អះអាង​ថា បង់ក្លាដេស​ចង់​ទិញ​អង្ករពី​កម្ពុជា​ចំនួន​២​សែន​តោន​ក្នុង​មួយ​ឆ្នាំ។ កម្ពុជា​និង​បង់ក្លាដេស ក៏​បាន​ចុះ​ហត្ថលេខា​លើក​លែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ ការទូត និង​លិខិត​ឆ្លង​ដែន​​ផ្លូវការ​ផង​ដែរ កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៣ កន្លង​ទៅ​៕



No comments:

Post a Comment