Paris Peace Accords 23 Oct. 1991

Monday, June 23, 2014

សម្ព័ន្ធ​ កំណែ​ទម្រង់​ ការ​បោះឆ្នោត ​កម្រើក ​ឡើង​វិញ ពេល​លោក ស៊ូប៊ែឌី ស្ថិត​នៅ​កម្ពុជា | NEC rustled again with activities on the occasion of UN Surya Subedi's visit

សម្ព័ន្ធ​ កំណែ​ទម្រង់​ ការ​បោះឆ្នោត ​កម្រើក ​ឡើង​វិញ ពេល​លោក ស៊ូប៊ែឌី ស្ថិត​នៅ​កម្ពុជា

ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយ នា​ពេល​កន្លង​មក
ការ​ប្រជុំ រវាង គ.ជ.ប. និងគណបក្សនយោបាយ នា​ពេល​កន្លង​មក  RFI/Siv Channa

RFI |  ២៣ មិថុនា ២០១៤

អ្នក​នយោបាយ ​ខ្វែង​គំនិត​គ្នា កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត​ ជាប់​គាំង។  សង្គម​ស៊ីវិល​ ទ្រាំ​ស្ងៀម​ មិន​បាន​។  វិភាគទាន​ ថ្មី​ ផុស​ឡើង​ ឯ​សណ្ឋាគារ ហ៊ីម៉ាវ៉ារិ នៅ​ថ្ងៃ​អង្គារ​។  សម្ព័ន្ធ​កំណែ​ទម្រង់​ ការ​បោះឆ្នោត​ ធ្វើ​សិក្ខាសាលា​ នៅ​ទី​នោះ។  កាលៈទេសៈ «សមស្រប» សម្រាប់​ ស្នើ​វិសោធនកម្ម​ ក្របខណ្ឌ​ច្បាប់ ក្រៅ​រដ្ឋសភា។  គឺ «សមស្រប» នឹង​វត្តមាន ​អ្នក​រាយការណ៍​ ពិសេស។

អង្គការ ​មិន​មែន ​រដ្ឋាភិបាល ចំនួន​ ២០​អង្គភាព ដែល​ផ្តុំ​គ្នា​ បាន​ជា​សម្ព័ន្ធ​ កំណែ​ទម្រង់​ ការ​បោះឆ្នោត ហៅ​កាត់​ ជា​ភាសា​អង់គ្លេស​ ថា អ៊ីរ៉ា (ERA) ធ្វើ​សិក្ខា​សាលា​ សាធារណៈ ឯ​សណ្ឋាគារ ហ៊ីម៉ាវ៉ារិ នៅ​ថ្ងៃ​អង្គារ ទី២៤ ខែ​មិថុនា។  ថ្វី​បើ ​មិន​មែន ​នៅ​ក្នុង​រដ្ឋសភា កាលៈទេសៈ​ ហាក់​ដូច ​ជា «សម​ស្រប» សម្រាប់​ ឱ្យ​សង្គម​ស៊ីវិល​ ធ្វើ «សេចក្តី​ស្នើ ​វិសោធនកម្ម ​ក្រប​ខណ្ឌ​ច្បាប់» ទាក់ទង ​នឹង​ស្ថាប័ន​ គ្រប់​គ្រង​ ការ​បោះ​ឆ្នោត, យន្តការ​ដោះស្រាយ, ​វិវាទ​បោះ​ឆ្នោត, ការ​ចុះ​ឈ្មោះ ​បោះ​ឆ្នោត, បញ្ជី​ឈ្មោះ ​បោះ​ឆ្នោត, និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុង​រដូវ​បោះ​ឆ្នោត​។


«សមស្រប» ម៉្យាង​ដោយ​សារ​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មូល​មាត់​គ្នា​លើ​ចំណុច​ជា​ច្រើន​ទៅ​ហើយ​នោះ បាន​ដើរ​លើ​ផ្លូវ​ទ័ល​ច្រក​ជា​ថ្មី បន្ទាប់​ពី​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល បាន​បដិសេធ​សំណើ​របស់​គណបក្ស​ប្រឆាំង ក្នុង​ការ​ជ្រើសរើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​សំឡេង​២​ភាគ​៣​នៃ​សមាជិក​រដ្ឋសភា។ ម៉្យាង​ទៀត សិក្ខាសាលា​នេះ​កើត​ឡើង​ចំ​ពេល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ស្ថិត​ក្នុង «បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា»​។ តាម​សេចក្តី​ជូន​ដំណឹង​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះ​ឆ្នោត លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ត្រូវ​ថ្លែង​សុន្ទរកថា និង​សម្ដែង​មតិ បើក​សិក្ខាសាលា​នោះ​ផង​។

លើស​ពី​នេះ​ទៀត លោក ធន់ សារ៉ាយ ប្រធាន​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ព្រម​ទាំង​អ្នក​ស្រី ធីតា ឃឹះ នាយិកា​អង្គការ​សីលការ និង​ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី ក្នុង​វិស័យ​នយោបាយ ចូល​រួម​ថ្លែង​សន្ទរកថា​បើក និង​បិទ​សិក្ខាសាលា​នោះ​ផង​ដែរ​។ ព្រឹត្តិការណ៍​នោះ​ជា​ឱកាស​សម្រាប់​ឱ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ជា​សមាជិក​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត បង្ហាញ «សេច​ក្តី​ស្នើ​វិសោធនកម្ម​ក្រប​ខ័ណ្ឌ​ច្បាប់» របស់​ខ្លួន ចំពោះ​មុខ​គណបក្ស​នយោបាយ ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​សិក្ខាកាម នៅ​ពេល​ព្រឹក។ នៅ​ពេល​រសៀល អ្នក​ចូល​រួម​ទាំង​ឡាយ អាច​ពិភាក្សា​អំពី​សំណើរ​នោះ ជាមួយ​ភាគី​ពាក់ព័ន្ធ​។

កន្លង​ទៅ ជា​ពិសេស​គឺ​មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​ ២០១៣ អ៊ីរ៉ា ធ្លាប់​បាន​ផ្តល់​មតិ​ជា​ច្រើន ដើម្បី «កែ​លម្អ» ដំណើរ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ប៉ុន្តែ​អនុសាសន៍​ទាំង​អម្បាលម៉ាន​នោះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចោទ​សម្ព័ន្ធ​នេះ​ថា «ស្និទ» នឹង​គណបក្ស​ប្រឆាំង​៕



No comments:

Post a Comment