Paris Peace Accords 23 Oct. 1991

Wednesday, June 18, 2014

កម្ពុជា​ ច្រានចោល ​ព័ត៌មាន ​របស់​ បង់ក្លាដែស ​ពី​សុខភាព ​លោក ​ហ៊ុន សែន | Senior Khmer officials poo-pooh Bangladeshi news report about Hun Sen's health


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ។ (រូបថត​ឯកសារ)លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​កោះពេជ្រ រាជធានី ​ភ្នំពេញ។  (រូបថត​ឯកសារ)

កម្ពុជា​ ច្រានចោល ​ព័ត៌មាន ​របស់​ បង់ក្លាដែស ​ពី​សុខភាព ​លោក ​ហ៊ុន សែន

 វីអូអេ |  ១៨ មិថុនា ២០១៤

  — មន្ត្រី​ជាន់ខ្ពស់ ​កម្ពុជា​ បាន​ច្រាន​ចោល ​សេចក្តី​រាយការណ៍ ​ដែល​ថា ​លោក​ នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ មាន​ជំងឺ, ហើយ​ បាន​វិល​ត្រឡប់ ​ពីបំពេញ​ ទស្សនកិច្ច ​នៅ​ក្នុង​ប្រទេស​ បង់ក្លាដែស ​វិញ​ ដោយ​សុខភាព​ល្អ។

កាសែត​ បង់​ក្លាដែស ​ឈ្មោះ​ថា Banglanews 24​ បានចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ធ្លាក់​ខ្លួន​ឈឺ​, ហើយ​ បាន​លុប​ចោល ​កិច្ច​ប្រជុំ ​កម្រិត​ខ្ពស់​ ជាមួយ​ រដ្ឋមន្ត្រី ការបរទេស​ និង​រដ្ឋ​មន្ត្រី​ ក្រសួង​ ពាណិជ្ជ​កម្ម​ របស់​ ប្រទេស​ បង់ក្លាដែស។​

លោក​ កៅ គឹម​ហួន​ ដ្ឋមន្ត្រី ​ប្រតិភូ​ អម​នាយក​រដ្ឋ​មន្ត្រី ​មាន​ប្រសាសន៍ ​បដិសេធ ​នៅ​ថ្ងៃ​ពុធ​នេះ​ ខណៈ​ដែល​លោក​ ហ៊ុន សែន ​បាន​វិល​ត្រឡប់​ ពី​បំពេញ​ ទស្សនកិច្ច​ រយៈ​ពេល​ បី​ថ្ងៃ​ នៅ​ប្រទេស ​បង់​ក្លាដែស​វិញ ថា, ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​មាន​ជំងឺ​ទេ, គឺ​ លោក ​មាន​សុខភាព​ ធម្មតា​តែ​ប៉ុណ្ណោះ។​  ចំណែក ​ឯការ​លុប​ចោល​ កិច្ច​ប្រជុំ​ កម្រិត​ខ្ពស់​ ជាមួយ​ នឹង​មន្ត្រី​ បង់ក្លា​ដែស ​ដោយ​សារ​ តែ​ មាន​កម្មវិធី ​មួយ​ចំនួន​ ត្រូវ​ បាន​ផ្លាស់​ប្តូរ។

លោក ​ថ្លែង​ថា៖ «អត់​ទេ​ ជា​ធម្មតា​ កម្មវិធី​ តែង​តែ​ មាន​ការ​ ប្រែប្រួល​, ហើយ​ កម្មវិធី​ណា​ ក៏​ដូច​ ជា​កម្មវិធី​ណា​ដែរ។​  ហើយ​ ការ​ទស្សនកិច្ច ​របស់​ សម្តេច​តេជោ​ ទៅ​ប្រទេស​ បង់​ក្លាដែស​ហ្នឹង​ មាន​កម្មវិធី​ ជាច្រើន, ​ហើយ​ កម្មវិធី បាន​កែ​សម្រួល ​ខ្លះៗ​ ទៅ​តាម​ស្ថាន​ភាព​ ជាក់​ស្តែង។  ដូច្នេះ​ សម្តេច​តេជោ​ អត់មាន​ ឈឺទេ​ បាទ។​»


លោក ហ៊ុន សែន បាន​ចាកចេញពី​ប្រទេស​កម្ពុជាទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បង់ក្លាដែស​ រយៈពេល​បី​ថ្ងៃ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​អម​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ រដ្ឋាភិបាល​មួយ​ចំនួនទៀត។

នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ចលោក​ហ៊ុនសែន​បាន​ចុះ​ហត្ថលេខា​ជាមួយ​លោកស្រី ​នាយក​រដ្ឋមន្ត្រី​ បង់ក្លាដែស​ Sheikh Hasina​ លើកិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្មវិ​និយោគ​និង​វប្បធម៌​និង​ការ​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​កសិកម្ម​ផង​ដែរ។

រដ្ឋមន្ត្រី​ ក្រសួង​ ការ​បរទេស​ បង់​ក្លា​ដែស ​លោក​ M Shahriar Alam ​ត្រូវ​ កាសែត​ ក្នុង​ស្រុក ​ស្រង់​សំដី​ ថា, ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មាន​អារម្មណ៍​ ថា​ មិន​ស្រួល​ខ្លួន ​ហើយ​ បាន​លុប​ចោល ​កិច្ច​ប្រជុំ ​នៅ​ពេល​ ព្រឹកថ្ងៃ​អង្គារ។  លោក​ បញ្ជាក់​ថា៖ «លោក​ ហ៊ុន សែន មិន​ស្រួល​ខ្លួន​ចាប់​តាំង​ពី​យប់​ថ្ងៃ​ច័ន្ទ ​ទោះបី​ជា​គាត់​មិន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ក៏ដោយ។​»

លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​មាន​ជំនឿ​ថា​អ្វី​ដែល​ជា​ការ​ចុះ​ផ្សាយ​ ក្នុង​ទំព័រ​សារព័ត៌មាន​បរទេស​គឺ​ជា​ការ​ពិត។​

លោក​ និយាយ ​ថា៖​ «ព័ត៌មាន ដែល​ផ្សាយ ​អញ្ចឹង​ហើយ ​គួរ​ ឱ្យ​ជឿទុក​ចិត្ត​ បាន​ពី​ព្រោះ​ សារ​ព័ត៌មាន ​បរទេស, ​គេ​ មិន​សូវ​ និយាយ​អ្វី​ ដែល​មិន​ពិត​ទេ។​  ហើយ​ យើង ​ក៏​ដឹង​ហើយ​ ថា, ​កន្លង​មក​ ក៏​ធ្លាប់​មាន​ ព័ត៌មាន​ដែរ​, ប៉ុន្តែ​ ពួក​គាត់​ បដិសេធ។ ​ តែ ​ម្តង​នេះ​ មិន​ដឹង​ ជា​បដិសេធ​ យ៉ាង​ម៉េច​ទេ​ បើ​ កាសែត​ គេ ​ចេញ​ផ្លូវ​ការ។​»​

លោក​ បណ្ឌិត​ ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​មាន​ប្រសាសន៍​ថា​លោក​សង្ស័យ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​អាច​មាន​ជំងឺ​ការ​ទូត​ដោយ​សារ​តែ​មាន​កិច្ច​ព្រម​ព្រៀង​ខ្លះ​មិន​ចង់​ ចុះ​ហត្ថលេខា។​

លោក​ និយាយ​ ថា៖​ «អ្នក​នយោបាយ​ ជួន​កាល​ គេ​ មិន​ពេញ​ចិត្ត​ ត្រង់​ណា​ គេ​ ថា​ មិន​ស្រួល​ខ្លួន​ អញ្ចឹង​ទៅ។​»

​កាល​ពី​សប្តាហ៍​មុន​មាន​ពាក្យ​ចចាមអារ៉ាម​លេច​ឮ​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាលប៉ុន្តែ​លោក​ហ៊ុន សែន ​បាន​ធ្វើ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​លេច​ឮព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ សុខភាព​របស់​លោក​ដោយ​លោក​ទំនង​ជាចង់​វាយ​ប្រហារ​ទៅ​លើ​មេដឹក​នាំ​គណបក្ស​ ប្រឆាំង​ដោយ​មិន​ចំ​ឈ្មោះ​ថា​ឱ្យ​ត្រៀម​វេច​បង្វិច​ឱ្យហើយ​ទៅ​បើ​លោក​ស្លាប់ ​ក៏​ដោយនោះ៕

No comments:

Post a Comment