សមាជរបស់គណបក្សសង្គ្រោះជាតិ នាពលេកន្លងមក
លោក កឹម សុខា ចង់ឲ្យមាន សមាជជាតិ ដើម្បី លោក អាចតទល់ ជាមួយ លោកនាយក រដ្ឋមន្ត្រី
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃចន្ទ ទី30 មិថុនា 2014
ប្រធានស្តីទី និងជា អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ចង់ឲ្យ ព្រះរាជអន្តរាគមន៍ ព្រះមហាក្សត្រ ប្រកាសបង្កើត សមាជជាតិ ដើម្បីឲ្យ រូបលោក អាចតទល់ ជាមួយ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកយល់ ថា ជាមធ្យោបាយមួយ ក្នុងការទម្លាយ ភាពជាប់គាំង នយោបាយ។
លោក កឹម សុខា មានប្រសាសន៍បែបនេះ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃអាទិត្យម្សិលមិញ នៅពេលលោក ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ។ លោក យល់ថា សមាជនេះ គឺដើម្បីចៀសវាង ការចោទប្រកាន់ដាក់គ្នា ថា តើ គណបក្ស ណាមួយ មិនមាន ឆន្ទៈក្នុងការដោះស្រាយ «គណបក្ស ប្រជាជន ចោទថា មកពី សង្គ្រោះជាតិ បន្ទាប់មក សង្គ្រោះជាតិ ចោទថា មកពី គណបក្ស ប្រជាជន ទើបជាប់គាំង។ ឥឡូវ សង្ឃឹមស្នើឲ្យ ព្រះមហាក្សត្រ ប្រកាសបង្កើតសមាជចុះ សមាជជាតិ ព្រោះក្នុង រដ្ឋធម្មនុញ្ញ មានចែងហើយ ថា ឲ្យមាន សមាជជាតិ ដូចសម័យសង្គមរាស្រ្តនិយម សម័យព្រះករុណា សម័យសម្តេចឳ សម្តេចតា សម្តេចព្រះបាទ នរោត្តម សីហនុ មានសមាជជាតិ បើមានទំនាស់ធំៗ យកមកដោះសមាជជាតិមក។ ឥឡូវ ឡើងសមាជជាតិ មកឲ្យ ប្រជារាស្ត្រ មកស្តាប់មើល ហើយឡើងតទល់គ្នា ឲ្យរាស្ត្រស្តាប់»។
មន្ដ្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការធ្វើសមាជជាតិ ទាល់តែមានច្បាប់ស្តីពីការធ្វើសមាជជាមុនសិន។ តែលោកបញ្ជាក់ថា រដ្ឋាភិបាលកំពុងពិចារណាអំពីការធ្វើសមាជដែរ ប៉ុន្តែរង់ចាំការកាលៈទេសៈសមរម្យណាមួយទើបអាចបង្កើតច្បាប់ស្តីពីការធ្វើសមាជបាន «យើងមិនទាន់បានរៀបចំទេ មានតែសមាជរវាង ព្រឹទ្ធសភា និងរដ្ឋសភាតែប៉ុណ្ណឹងទេ ចំនែកសមាជជាតិ យើងមិនទាន់មានទេ ដោយសារយើងឃើញថា គណបក្សនោះ មិនទាន់រៀបរយ គ្រប់បែបយ៉ាងទាំងអស់ សម័យនេះ មិនមែនដូចសម័យសង្គមរាស្ត្រនិយម បក្សតែមួយ ឯកបក្ស គេធ្វើអ៊ីចឹងក៏បានដែរ ព្រះករុណាលោករៀបចំធ្វើនោះ»។
សម្រាប់អ្នកវិភាគឯករាជ្យ លោកស្រី ជា វណ្ណាត យល់ថា មុននឹងឈានទៅដល់ធ្វើសមាជជាតិ គួរតែប្រើយន្តការងាយស្រួលជាងនេះ ដោយសារក្នុងបរិបទសព្វថ្ងៃ គណបក្សទាំងពីរខ្វះទំនុកទុកចិត្តគ្នាទៅវិញទៅមក។ លោកស្រីបន្តថា សមាជាតិគឺជាយន្តការរធំធេង មាននីតិវិធីស្មុគស្មាញ ហើយមិនប្រាកដជាទទួលបានលទ្ធផលតាមការរំពឹងទុកទេ «កាលណាយើងមិនបន្ទន់ឥរិយាបថ ដាក់គ្នាទេ យើងចេះតែផ្លែផ្កាសម្តី ទ្រគោះបោះបោក ចោទប្រកាន់គ្នាទៅវិញទៅមក តើយើងចាប់ដៃគ្នា ធ្វើការជាមួយគ្នាម៉េចនឹងកើត បើយើងអត់មានការគោរពគ្នាផង យើងអត់មានជំនឿជាក់លើគ្នាផង យើងចាប់ដៃធ្វើការជាមួយគ្នាម៉េចនឹងកើត»។
សម្រាប់អ្នកវិភាគរូបនេះ គណបក្សទាំងពីរគួរតែដោះស្រាយតាមយន្តការជំនួបចរចាថ្នាក់ក្រោម ដោយចេះបន្ទន់ឥរិយាបទឲ្យគ្នាទៅវិញទៅមក ព្រោះជាយន្តការខ្លី និងងាយស្រួល។
មាត្រា១១៦នៃរដ្ឋធម្មនុញ្ញ ឲ្យដឹងថា ក្នុងករណីចាំបាច់ រដ្ឋសភា និងព្រឹទ្ធសភា អាចប្រជុំរួមគ្នាជាសមាជដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ មាត្រា១៤៨ថ្មី បង្ហាញថា សមាជជាតិ ប្រជុំមួយដងក្នុងមួយឆ្នាំនៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។ សមាជជាតិ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រ។
ការទាមទាររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិនៅពេលនេះ កើតឡើងចំពេលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅខ្វែងគំនិតគ្នាលើការបោះឆ្នោតសម្តែងការទុកចិត្តលើសមាសភាព គជប ថ្មីនេះ ដោយភាគីគណបក្សសង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា រីឯបក្សប្រជាជនកម្ពុជាទាមទារសំឡេង៥០បូក១៕
No comments:
Post a Comment