លោក សុរិយា ស៊ូប៊ែឌី ជួបជាមួយសហគមន៍ជម្លោះដីនៅឃុំជីខលើ ស្រុកស្រែអំបិល។
សហគមន៍មានទំនាស់ដីមកជួបជាមួយលោក សិរយា ស៊ូប៊ែឌី។
អ្នកមាន ជម្លោះដី ជាមួយ ក្រុមហ៊ុនចិន នៅកោះកុង សង្ឃឹមដំណោះស្រាយ ពី អង្គការ សហប្រជាជាតិ
ដោយ សេក បណ្ឌិត / អាស៊ីសេរី | ៣០ មិថុនា ២០១៤
ក្រុមអាជ្ញាធរ ខេត្តកោះកុង សន្យាថា នឹងពិនិត្យមើល ជម្លោះដីធ្លី រវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន ឡើងវិញ បន្ទាប់ពី ជួបពិភាក្សា ជាមួយ ក្រុមការងារតំណាងឲ្យ អ្នករាយការណ៍ពិសេស អង្គការ សហប្រជាជាតិ គឺលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាលពីថ្ងៃទី២១ និង ២២ មិថុនា។
ក្រុមសិទ្ធិមនុស្សដែលធ្វើការឃ្លាំមើលបញ្ហាជម្លោះដីធ្លី និងការំលោភសិទ្ធិមនុស្សគាំទ្រចំពោះដំណើរទស្សនកិច្ចនេះ ប៉ុន្តែពួកគេមានក្តីសង្ឃឹម និងក្តីបារម្ភព្រមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រនៅតំបន់នោះ។
ការចំណាយពេលពីរថ្ងៃរបស់លោក សុរិយា ស៊ូប៊ែឌី និងក្រុមការងាររបស់លោកដើម្បីជួបជាមួយប្រជាពលរដ្ឋសហគមន៍ដែលមានជម្លោះដីធ្លី និងភាគីពាក់ព័ន្ធនៅភាគនិរតីនៃប្រទេសកម្ពុជា ជាការផ្តល់កម្លាំងចិត្តមួយដល់ជនរងគ្រោះដែលកំពុងតស៊ូមតិរកយុត្តិធម៌ក្នុងរឿងនេះ។
មន្ត្រីតំណាងអង្គការសហប្រជាជាតិទាំងនោះក្រៅពីជួបប្រជាពលរដ្ឋរងគ្រោះ ក៏បានជួបពិភាក្សាជាមួយអាជ្ញាធរខេត្ត និងភាគីក្រុមហ៊ុនផងដែរដើម្បីទទួលព័ត៌មានផ្ទាល់ពីភាគីពាក់ព័ន្ធទាំងសងខាង និងធ្វើការវិភាគលើព័ត៌មានទាំងអស់នោះ។
នៅចំពោះមុខក្រុមមន្ត្រីអង្គការសហប្រជាជាតិដឹកនាំដោយលោក ស្រី វ៉ាន់ ហ៊ាលី ពលរដ្ឋនៅឃុំតានូន និងពលរដ្ឋមកពីតំបន់ផ្សេងទៀតនៅស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវែលឡុបមិន (Union Development) បានថ្លែងពីទុក្ខលំបាកដែលក្រុមហ៊ុនធ្វើទុក្ខបុកម្នេញមកលើពួកគាត់សព្វបែបយ៉ាង ដូចជាបណ្ដេញពួកគាត់ចេញពីដីលំនៅឋានដែលធ្នាប់រស់នៅឲ្យទៅរស់នៅកន្លែងថ្មីលើចង្កេះភ្នំ គ្មានមុខរបរសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ គ្មានទឹកស្អាតប្រើប្រាស់ជាដើម។
«សំឡេង»
នេះជាលើកទីមួយហើយដែលក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សយកចិត្តទុកដាក់ចុះអង្កេតផ្ទាល់លើបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃទាំងនេះ។
ក្នុងដំណើរទស្សនកិច្ចនោះដែរ អ្នកស្រី វ៉ាន់ ហ៊ាលី ជាតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងក្រុមការងារ កាលពីថ្ងៃទី២២ មិថុនា នោះដែរ បានជួបជាមួយតំណាងក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវែលឡុបមិន អាជ្ញាធរពាក់ព័ន្ធដទៃទៀតក្នុងខេត្តកោះកុង ជុំវិញជម្លោះដីធ្លីនៅក្នុងស្រុកពីរ គឺស្រុកបុទុមសាគរ និងស្រុកគីរីសាគរ។ ក្នុងជំនួបនោះ អ្នកស្រី វ៉ាន់ ហ៊ាលី បានលើកពីកង្វល់ ទុក្ខលំបាក និងការរំលោភបំពាននានា ពីក្រុមហ៊ុនមកលើប្រជាពលរដ្ឋដើម្បីឲ្យភាគីពាក់ព័ន្ធបំភ្លឺ។
អ្នកស្រីលើកឡើងថា បើសិនជាមានការដោះស្រាយត្រឹមត្រូវ យុត្តិធម៌ មានការពិគ្រោះយោបល់ មានការព្រមព្រៀងគ្នាជាមុន និងមានការអនុវត្តត្រឹមត្រូវ មិនធ្វើឲ្យពួកគាត់ឈឺចាប់នោះ អ្នកស្រីយល់ថា នឹងមិនមានការតវ៉ាតទល់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះទេ។
«សំឡេង»
ឆ្លើយតបក្នុងជំនួបនោះ តំណាងក្រុមហ៊ុនចិន លោក លី ថាវ (Li Tao) និងក្រុមការងារអាជ្ញាធរខេត្តមិនទទួលស្គាល់ចំពោះការលើកឡើងរបស់ពលរដ្ឋចោទប្រកាន់នោះទេ ហើយព្យាយាមលើកពីការលំបាកក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នៅតំបន់នោះ និងការដោះស្រាយទំនាស់ជាមួយប្រជាពលរដ្ឋ។
លោក លី ថាវ ព្យាយាមទម្លាក់ការទទួលខុសត្រូវទៅលើអាជ្ញាធរខេត្ត។ លោកថា ក្រុមហ៊ុនបានអនុវត្តគម្រោងទៅតាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ហើយអាជ្ញាធរខេត្តតែងតែចុះត្រួតពិនិត្យការអនុវត្តគម្រោងនេះជាប្រចាំ។
«សំឡេង»
អភិបាលរងខេត្តកោះកុង លោក ស៊ុន ដារ៉ា ដែលដឹកនាំកិច្ចប្រជុំនោះបានថ្លែងគាំទ្រការបកស្រាយរបស់ក្រុមហ៊ុនចំពោះការចោទប្រកាន់ពីពលរដ្ឋ និងការចោទសួរលើចំណុចមិនប្រក្រតីខ្លះៗជុំវិញគម្រោងអភិវឌ្ឍន៍នៅតំបន់នោះ។ លោក ស៊ុន ដារ៉ា បន្តថា គម្រោងអភិវឌ្ឍន៍នីមួយៗ ជៀសមិនផុតពីការប៉ះទង្គិចគ្នាខ្លះនោះទេ ប៉ុន្តែរដ្ឋាភិបាលព្យាយាមសម្របសម្រួលដោះស្រាយជម្លោះទៅតាមដំណាក់កាលដើម្បីឲ្យគម្រោងនោះដើរទៅមុខផ្ដល់នូវប្រយោជន៍រួមសម្រាប់ជាតិទៅថ្ងៃអនាគត។
«សំឡេង»
ការស្វែងរកដោះស្រាយនោះលោកសុំឲ្យគ្រប់ភាគី ជាពិសេសប្រជាពលរដ្ឋចូលរួម និងស្វែងយល់ពីគោលការណ៍ថ្នាក់ជាតិក្នុងការអភិវឌ្ឍន៍ជាតិ។
ទាក់ទងជម្លោះនេះដែរ ក្រុមមន្ត្រីសិទ្ធិមនុស្សមើលឃើញថា ភាគីក្រុមហ៊ុន និងអាជ្ញាធរខេត្តហាក់មិនទទួលយកនូវផលវិបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារគម្រោងអភិវឌ្ឍន៍ដោយមិនបានសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមជាមុននោះទេ។
មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ការខ្វះចន្លោះទាំងនេះ និងការមិនបានធ្វើប្រជាមតិជុំវិញគម្រោងអភិវឌ្ឍន៍នេះជាដើមចមធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខលំបាក និងមិនព្រមទទួលយកគោលការដោះស្រាយសំណងរបស់រដ្ឋាភិបាល និងក្រុមហ៊ុនដែលនាំឲ្យពួកគាត់ខាតបង់ប្រយោជន៍ជាច្រើននោះ។
«សំឡេង»
ចំណែកមន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកោះកុង វិញ លោក នាង បូរ៉ាទីណូ មានប្រសាសន៍ដែរថា ការចុះអង្កេតដល់ទីតាំងមានជម្លោះដីធ្លីរ៉ាំរ៉ៃនៅស្រុកទាំងពីរនោះ គឺជាសញ្ញាណវិជ្ជមានមួយដែលខិតទៅជិតចំណុចបញ្ចប់ជម្លោះ បើសិនជាក្រុមហ៊ុននិងអាជ្ញាធររដ្ឋាភិបាលមានឆន្ទៈពិតប្រាកដចង់រកដំណោះស្រាយផ្ដល់យុត្តិធម៌ជូនពលរដ្ឋនោះ។
«សំឡេង»
រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់ដែលកំពុងមានជម្លោះនេះ គឺគេឲ្យឈ្មោះថា ក្បាលនាគ ឲ្យក្រុមហ៊ុន យូញៀន ឌីវែលឡុបមិន គ្រុប អភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ស្របតាមស្តង់ដារអន្តរជាតិ ដែលមានរយៈពេល ៩៩ឆ្នាំ។
គម្រោងនេះត្រូវបានចុះហត្ថលេខាព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០០៨ មានផ្ទៃដី ៣៦.០០០ហិកតារ ស្ថិតក្នុងទីតាំងតំបន់អភិរក្សឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង។
របាយការណ៍របស់វេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានឲ្យដឹងដែរថា ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងតំបន់នេះមានជាងមួយពាន់គ្រួសារ (១.១៤៣) ក្នុងនោះចំនួន ៨០០គ្រួសារ បានទទួលយកសំណងពីក្រុមហ៊ុន តែជាង ៣០០គ្រួសារទៀត នៅមិនព្រមទទួលយកសំណងនោះទេ។
បច្ចុប្បន្នអ្នកដែលទទួលយកដោះដូរពីក្រុមហ៊ុនភាគច្រើនបានចាកចេញទៅរកកន្លែងដើមវិញ ដោយពួកគេមិនអាចរស់នៅបាន។
ក្នុងដំណើរទស្សនកិច្ចរបស់លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកបានស្នើឲ្យរដ្ឋាភិបាលគិតគូរដោះស្រាយឲ្យមានតម្លាភាព និងយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយជម្លោះដីធ្លី រហូតមានការបណ្ដេញពួកគាត់ចេញពីលំនៅឋាន ដោយសារគម្រោងវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដែលផ្ដល់ដោយរដ្ឋាភិបាលនោះ៕
No comments:
Post a Comment