Paris Peace Accords 23 Oct. 1991

Friday, July 18, 2014

ពលរដ្ឋ ​ប្រតិកម្ម​ នឹង​កា​ដាក់​ បម្រាម ​របស់​ ក្រសួង

ពលរដ្ឋ ​ប្រតិកម្ម​ នឹង​កា​ដាក់​ បម្រាម ​របស់​ ក្រសួង
RFA | ១៨ កក្កដា ២០១៤

ប៉ូលិស តុលាការ​ក្រុង ៦១០
កម្លាំង​ សមត្ថកិច្ច​ ប៉ូលិស​ ពង្រាយ នៅ​មុខ​ សាលា​ដំបូង​ រាជធានី​ ភ្នំពេញ ថ្ងៃ​ដែល​តុលាការ​ សាកសួរ​ តំណាង​រាស្ត្រ ​គណបក្ស​ សង្គ្រោះ​ជាតិ ៥​នាក់ កាល​ពី​ថ្ងៃ​ ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។  RFA/Mom Sophon

ពលរដ្ឋ​ ជា​សកម្មជន ​ដីធ្លី និង​មន្ត្រី​ សង្គម​ស៊ីវិល ប្រតិកម្ម​ ចំពោះ​ ការ​ដាក់​បម្រាម​ ពី​ក្រសួង​មហាផ្ទៃ ទៅ​មន្ត្រី ​ក្រោម​ឱវាទ​ គ្រប់​ខេត្ត-ក្រុង​ ទាំងអស់ ឲ្យ​រឹត​បន្តឹង​ កុំ​ ឲ្យ​មាន​ការ​ ជួប​ជុំ​គ្នា​ ធ្វើ​បាតុកម្ម,កូដកម្ម, និង​ការ​តវ៉ា ​ទាមទារ​នានា​ ដោយ​គ្មាន​ ការ​អនុញ្ញាត​ ពី​អាជ្ញាធរ​ មូលដ្ឋាន។  ពួក​គាត់​ បាន​ហៅ​ បម្រាម​នេះ​ ថា ជា​កាត់​ផ្តាច់​ សិទ្ធិ​សេរីភាព ​ពួក​គាត់​ ចេញ​ពី​សង្គម​ ប្រជាធិបតេយ្យ។

មេ​ដឹក​នាំ​ សហជីព​កម្មករ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ទំនាស់​ដីធ្លី បង្ហាញ​ជំហរ​ថា ពួក​គេ​នឹង​មិន​គោរព​ទៅ​តាម​បទបញ្ជា​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​ពី​ក្រសួង​មហាផ្ទៃ ហាម​មិន​ឲ្យ​ជួប​ជុំ​តវ៉ា​នោះ។

ក្រុម​នេះ​ថា ការ​ស្រែក​ឃ្លាន​យុត្តិធម៌ គេច​ចេញ​ពី​ការ​គាប​សង្កត់​រំលោភ​យក​ដីធ្លី​ពួក​គាត់ គឺ​ជា​កត្តា​សំខាន់​ជាង​ការ​ដាក់​បម្រាម គំរាម​ចាប់​ចង​ពលរដ្ឋ​ដាក់​គុក​ដោយ​គ្មាន​រក​ដំណោះស្រាយ​ទៅ​ទៀត។

ក្រសួង​មហាផ្ទៃ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា បាន​ចេញ​លិខិត​មួយ​បញ្ជា​ទៅ​អភិបាល​រាជធានី​ខេត្ត ដោយ​ស្នើ​ឲ្យ​ចាត់​វិធានការ​ស្រប​តាម​គោលការណ៍​ច្បាប់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ញុះញង់​អុជអាល បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ដែល​ជ្រក​ក្រោម​រូបភាព​នៃ​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម កូដកម្ម និង​ការ​ទាមទារ​តវ៉ា​នានា ដើម្បី​ប៉ុនប៉ង​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ និង​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀប​រៀប​រយ​ក្នុង​សង្គម។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និង​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់។ លោក​មាន​ប្រសាសន៍​ថា សារាចរ​ណែនាំ ឬ​សេចក្តី​បង្គាប់​នេះ ធ្វើ​ឡើង​ផ្ទុយ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បាតុកម្ម កូដកម្ម​ដោយ​សន្តិវិធី។ លោក​បន្ត​ថា កន្លង​មក​កម្មករ និង​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ ធ្វើ​ឡើង​ស្រប​ច្បាប់​អហិង្សា ដើម្បី​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​មិន​បាន​ផ្តល់​នូវ​យុត្តិធម៌​ទេ​ក្នុង​ការ​ដោះស្រាយ ​នោះ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ភាគ​ច្រើន​ត្រូវ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ត្រឡប់​មក​វិញ ព្រម​ទាំង​បិទ​សិទ្ធិ​មិន​ឲ្យ​តវ៉ា ដោយ​ប្រើ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​រាល់​ការ​តវ៉ា​ទាំង​នោះ​ថែម​ទៀត។

លោក​បន្ត​ថា ជា​ការ​ប្រសើរ រដ្ឋាភិបាល​គួរ​តែ​បង្កើន​ជម្រើស​ដោះស្រាយ​ឲ្យ​ចំ​សាច់​រឿង ឬ​ឲ្យ​ចំ​គោលដៅ ប្រសើរ​ជា​ជាង​ការ​បង្កើន​ការ​ទប់ស្កាត់​ជាទូទៅ។

ចំណែក​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី យ៉ោម បុប្ផា វិញ​មើល​ឃើញ​ថា ទង្វើ​បែប​នេះ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា កម្ពុជា កំពុង​តែ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ជួប​ជុំ​តស៊ូ​មតិ ដើម្បី​ស្វែងរក​យុត្តិធម៌​ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​យ៉ាង​ធ្ងន់ធ្ងរ។

លោកស្រី​បន្ត​ថា ពួក​គាត់​មិន​ចាប់​អារម្មណ៍​នឹង​បម្រាម​ទាំងអស់​នោះ​ទេ ពីព្រោះ​បម្រាម​បែប​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ គឺ​កើត​មាន​តាំង​ពី​ក្រោយ​ពេល​បោះ​ឆ្នោត​រួច តាំង​ពី​បិទ​ទីលាន​ប្រជាធិបតេយ្យ រហូត​មិន​ឲ្យ​ពលរដ្ឋ​ជួប​ជុំ​គ្នា​ចាប់​ពី ១០​នាក់​ឡើង​ទៅ។

យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា អាជ្ញាធរ​តាម​មូលដ្ឋាន​នីមួយៗ នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​សង្គម និង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​សង្គម។

លោក​បញ្ជាក់​ថា ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម កូដកម្ម តវ៉ា​ទាំងអស់ ត្រូវ​តែ​មាន​ការ​ស្នើសុំ និង​មាន​ការ​អនុញ្ញាត​ជា​មុន ទើប​អាច​ធ្វើ​ទៅ​បាន។

ទាក់ទង​នឹង​បម្រាម​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​មន្ត្រី​សាលា​ក្រុង​បែប​នេះ គឺ​ផ្ទុយ​ពី​ច្បាប់​បាតុកម្ម កូដកម្ម​ដោយ​សន្តិវិធី។

លោក​បន្ត​ថា បើ​អាជ្ញាធរ​អនុវត្ត​ដូច្នេះ​មែន​នោះ សិទ្ធិ​សេរីភាព​ក្នុង​ការ​តស៊ូ​មតិ​របស់​ពលរដ្ឋ នឹង​ត្រូវ​កាត់​ផ្តាច់​ទាំង​ស្រុង​តែ​ម្តង ហើយ​ពេល​នោះ​ប្រទេស​កម្ពុជា លែង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទៀត​ហើយ។

ការ​ដាក់​បម្រាម​មិន​ឲ្យ​ជួប​ជុំ​តវ៉ា ឬ​សម្ដែង​មតិ​ជា​ថ្មី​ទៀត​នេះ ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ រវាង​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ជាមួយ​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ​នេះ៕



No comments:

Post a Comment