លោក សម រង្ស៊ី ចង់ ឲ្យមាន ការផ្សះផ្សាជាតិ ដើម្បី យកសន្តិភាព និងយុត្តិធម៌ ជូនពលរដ្ឋ
RFA | ១៨ ខែកក្កដា ឆ្នាំ២០១៤
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ចង់ឲ្យមាន ដំណើរការ នៃការផ្សះផ្សា ជាតិ ដើម្បី នាំយកសន្តិភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ កម្ពុជា។ ការលើកឡើងនេះ ស្របពេល ដែលតំណាងរាស្ត្រ ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ ចំនួន ២រូប បន្ថែមទៀត ត្រូវ តុលាការ សាលាដំបូង រាជធានីភ្នំពេញ សម្រេចបញ្ជូន ទៅឃុំខ្លួន នៅពន្ធនាគារ ព្រៃ ស មុនលោក ធ្វើដំណើរ ត្រឡប់ មកប្រទេស កម្ពុជា វិញ មួយថ្ងៃ។
ស្របគ្នានេះ លោក សម រង្ស៊ី ក៏អំពាវនាវ ឲ្យប្រទេស ដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស យកចិត្តទុកដាក់ អំពី ស្ថានភាព នយោបាយ និងដំណើរការ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
នៅក្នុងលិខិត ចុះថ្ងៃ ទី១៨ ខែកក្កដា ពីប្រទេសបារាំង, ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងរំឭក អំពី ដំណើរវិលត្រឡប់ ចូលប្រទេស កម្ពុជា របស់លោក កាលពីថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០១៣ ដោយលើកឡើង ថា, ការសម្រេចចិត្ត ចូលកម្ពុជា វិញ របស់លោក ពេលនោះ គឺ ជាការឆ្លុះ បញ្ចាំងឆន្ទៈ របស់លោក ដើម្បី សាកល្បងមើល ស្ថានភាព ប្រជាធិបតេយ្យ នៅកម្ពុជា ក្នុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត។
សម្រាប់ នៅពេលនេះវិញ, លោក សម រង្ស៊ី សង្ឃឹមថា ដំណើរ វិលត្រឡប់ ចូលកម្ពុជា នៅថ្ងៃ ទី១៩ ខែកក្កដា របស់លោក នឹងជួយធ្វើ ឲ្យស្ថានភាព តានតឹង ផ្នែកនយោបាយ បានធូរស្រាល។ លោកក៏សង្ឃឹមដែរថា ការវិលត្រឡប់របស់លោក នឹងជួយឲ្យមានការដោះលែងតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំងទាំងអស់ឲ្យមានសេរីភាពឡើងវិញ និងជួយបើកឲ្យមានការចរចាជាថ្មីទៀត ដើម្បីទម្លុះភាពទាល់ច្រកនយោបាយដែលកំពុងជាប់គាំងសព្វថ្ងៃ។ លោក សម រង្ស៊ី ក៏សង្ឃឹមដែរថា វត្តមានរបស់លោក នឹងជួយឲ្យមានការចាប់ផ្ដើមដំណើរការផ្សះផ្សាជាតិ ដើម្បីនាំយកសុខសន្តិភាព និងយុត្តិធម៌ឲ្យបានដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោក សម រង្ស៊ី បន្ថែមទៀតថា ក្នុងនាមលោកជាប្រធានគណបក្សប្រឆាំងនៅកម្ពុជា លោកត្រូវតែអូសទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ឆ្នាំ១៩៩១ ឲ្យយកចិត្តទុកដាក់ពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលលោកចាត់ទុកថា កម្ពុជា បានដើរភ្លាត់ពីគន្លងនេះទាំងស្រុង ហើយដែលប្រទេសហត្ថលេខីទាំងអស់ រួមទាំងប្រទេសមហាអំណាចផង ត្រូវធានាថា កម្ពុជា អនុវត្តនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
លោក សម រង្ស៊ី ចាត់ទុកការគាបសង្កត់របស់រដ្ឋាភិបាលកម្ពុជា ទៅលើគណបក្សប្រឆាំងនាពេលបច្ចុប្បន្ន ថាកំពុងធ្វើឲ្យវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរទៅៗ ដែលកម្ពុជា មិនបានជួបប្រទះចាប់តាំងពីក្រោយព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ ១៩៩៧ មក។
ការថ្លែងរបស់ លោក សម រង្ស៊ី នេះ ធ្វើឡើងស្របពេលដែលតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ២រូបទៀត គឺលោក នុត រំដួល និងលោក ឡុង រី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដោយស្ងៀមស្ងាត់ ក្រោយពីលោកទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា។
ក្នុងពេលសាកសួរនៅតុលាការនេះ សមត្ថកិច្ចមិនបានយករនាំងដែកបិទផ្លូវ ដូចពេលសាកសួរក្រុម អ្នកស្រី មូរ សុខហួរ ឡើយ។ ចំណែកប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សប្រឆាំង មន្ត្រីសិទ្ធិមនុស្ស ព្រមទាំងអ្នកសារព័ត៌មាន ក៏ត្រូវបានអនុញ្ញាតឲ្យចូលទៅក្បែរសាលាដំបូងនេះដែរ។ ទោះជាយ៉ាងណា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រៅតែពីប្រជាពលរដ្ឋគាំទ្រគណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលចូលរួមតាមដានព្រឹត្តិការណ៍នោះ ពុំឃើញមានវត្តមានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចូលរួមឡើយ។
ក្នុងពេលស្រែកទាមទារនៅមុខសាលាដំបូងរាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋពុំបានប្រើឧបករណ៍បំពងសំឡេងដូចសព្វដងឡើយ គឺពួកគេស្រែកដោយមាត់ទទេប៉ុណ្ណោះ។ នេះប្រហែលជាអាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ កក្កដា បានព្រមានដាក់ទោសជនទាំងឡាយណា ដែលធ្វើសកម្មភាពស្រែកតាមឧបករណ៍បំពងសំឡេង និងធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងរំខានដល់កិច្ចការស្ថាប័នរបស់តុលាការ។
ជុំវិញការចាប់ និងឃុំខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់នេះ អនុប្រធានផ្នែកស៊ើបអង្កេត និងក្រុមមេធាវីនៃសមាគមអាដហុក (Adhoc) លោក ណៃ វ៉ង់ដា ដែលបានឃ្លាំមើលការប្រមូលផ្តុំរបស់ពលរដ្ឋនៅមុខសាលាដំបូងរាជធានី ភ្នំពេញនោះ កត់សម្គាល់ថា ការចាប់ខ្លួនតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំងនេះ គឺជារឿងខុសច្បាប់។ លោកថា អ្នកដែលត្រូវអាជ្ញាធរចាប់ខ្លួន គឺជាអ្នកគ្មានកំហុស។ លោកថ្លែងថា ការចាប់ខ្លួននេះកំពុងធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា កាន់តែធ្លាក់ចុះដុនដាប៖ «ស្ថានភាព សិទ្ធិមនុស្សរាល់ថ្ងៃដែលយើងសង្កេតការណ៍ផ្ទាល់ហ្នឹងឃើញថា ដូចអំពិលអំពែក។ អ៊ីចឹង បើយើងប្រៀបធៀប បានន័យថា ម្តងភ្លឺ ម្តងងងឹត ម្តងគោរព ម្តងមិនគោរព ភ្លឹបភ្លែតៗ។ ដូច្នេះ យើងគិតថា បើកាលណាស្ថានភាពនេះបន្តទៅមុខទៀត វាមានផលមិនល្អច្រើនដល់រដ្ឋាភិបាល ដល់ប្រជាពលរដ្ឋខ្មែរ ដល់សង្គមជាតិទាំងមូល ហើយខ្ញុំគិតថា គួរតែមានការជជែកពិភាក្សាគ្នារវាងគណបក្សធំៗទាំង២ដែលឈ្នះ ឆ្នោតហ្នឹង រកកន្លែងណាមួយ យើងហៅថា ចំណុចរួមមួយដែលអាចរស់នៅមានសុខដុមរមនីយកម្មជាមួយគ្នាបាន។»
តំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវរដ្ឋាភិបាលចាប់ឃុំខ្លួននោះ រួមមាន អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ លោក ឡុង រី លោក នុត រំដួល និងជំនួយការ អ្នកស្រី មូរ សុខហួរ លោក អឿន ណារិទ្ធិ។ អ្នកទាំង ៨រូបនេះ ត្រូវបានចោទប្រកាន់ពីបទដឹកនាំកុប្បកម្ម បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទផ្ដើមគំនិតក្នុងអំពើហិង្សានៃក្រមព្រហ្មទណ្ឌកម្ពុជា។ ចំណែកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញ ត្រូវបានចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញចូលសាកសួរនៅតុលាការនៅថ្ងៃទី២៥ កក្កដា ខាងមុខ។ ក្រៅតែពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏អាចនឹងមានការចោទប្រកាន់ទៅលើអញ្ញាតជនមួយចំនួនផ្សេងទៀតផង ដែរ៕
No comments:
Post a Comment