លោក ហ៊ុន សែន ព្រមានដាក់ទោស អ្នកធ្វើឲ្យ ប្រទេសមាន អស្ថិរភាព នយោបាយ
ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី | ៣០ មិថុនា ២០១៤
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលជប៉ុន បានជួយដល់ កម្ពុជា ក្នុងការបង្រួបបង្រួមជាតិ និងជួយ ដល់ដំណើរការសន្តិភាព របស់ កម្ពុជា តាំងពី ទសវត្សឆ្នាំ១៩៩០ មក ដូច្នេះ លោក ព្រមាន ថា បើអ្នកណាហើយធ្វើឲ្យ ប្រទេសបែកបាក់គ្នា នោះ គឺជា ឧក្រិដ្ឋជន។
មន្ត្រី គណបក្ស សង្គ្រោះជាតិ លើកឡើងថា ត្បិតតែ គណបក្ស សង្គ្រោះជាតិ មិនទាន់ចូល សភា តែគោលការណ៍ គណបក្ស សង្គ្រោះជាតិ គោរពរដ្ឋធម្មនុញ្ញ និងឈរលើ ការចរចាដោយសន្តិវិធី។ ផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថាកំពុងធ្វើនយោបាយប្រជាភិថុតិទៅវិញទេ។
លោក ហ៊ុន សែន ថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅក្នុងពិធីសម្ពោធផ្សារទំនើប អ៊ីអន (Aeon) របស់ជប៉ុន នៅព្រឹកថ្ងៃទី៣០ មិថុនា ថា ប្រទេសជប៉ុន ជាដៃគូដ៏សំខាន់ពីមុនមកក្នុងការជួយកម្ពុជា ឲ្យមានសន្តិភាព និងការបង្រួបបង្រួមជាតិ ដូច្នេះគ្មានអ្នកណាម្នាក់អាចបង្កឲ្យមានភាពចលាចលបានទេ៖ «ឬនៅក្នុងពេលដែលសកម្មភាពអនាធិបតេយ្យតាមចិញ្ចើមថ្នល់ យាយីទីក្រុងមួយនោះ វាពិតជាមិនអាចទេ ដូច្នេះកត្តាសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ គឺជាកិច្ចការដ៏សំខាន់ដែលយើងមិនមែនតែជាភាពដាច់ដោយឡែក បម្រើឲ្យទីផ្សារអ៊ីអន ម៉ល ប៉ុណ្ណោះទេ ក៏ប៉ុន្តែបម្រើការអភិវឌ្ឍរួមរបស់ប្រទេស។ អ្នកណាក៏ដោយដែលប៉ុនប៉ុងធ្វើឲ្យសភាពកម្ពុជា ក្រឡាប់ចាក់ទៅជាសង្គ្រាមស៊ីវិល ឬអស្ថិរភាពណាមួយ គឺជាឧក្រិដ្ឋជនតែម្ដង»។
ក្រៅពីនេះទៀត លោក ហ៊ុន សែន បានរំលឹកពីការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ហៅកាត់ថា (SNC) ដែលសម្ដេចព្រះ នរោត្តម សីហនុ ជាព្រះប្រធាននោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ក្រុមប្រឹក្សានេះមានភាគីរដ្ឋកម្ពុជា របស់លោក និងរដ្ឋាភិបាលត្រីភាគី ដើម្បីឲ្យកម្ពុជា មានការបង្រួបបង្រួមជាតិ ដាក់ប្រទេសកម្ពុជា ជាអន្តរកាល មុននឹងរៀបចំការបោះឆ្នោតលើកទី១ តាមបែបប្រជាធិបតេយ្យឆ្នាំ១៩៩៣នោះ ទីបំផុតខាងកម្ពុជាប្រជាធិបតេយ្យរបស់លោក ខៀវ សំផន មិនចូលរួម តែដំណើរការនេះនៅតែទៅមុខ៖ «ប៉ុន្តែពេលហ្នឹងគណៈប្រតិភូមានត្រីភាគី ប៉ុន្តែពហិការមួយ។ ឥឡូវសួរថា តើនាយករដ្ឋមន្ត្រី ខៃហ្វូ រដ្ឋមន្ត្រីការបរទេស ណាកាយ៉ាម៉ា អនុរដ្ឋមន្ត្រីការបរទេស ហួវ៉ាដា សុខចិត្តឲ្យវេទិកានេះបរាជ័យឬយ៉ាងម៉េច?»។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ហៅការថ្លែងរបស់លោក ហ៊ុន សែន នេះ ថាជានយោបាយប្រជាភិថុតិតែប៉ុណ្ណោះ។ លោកអះអាងថា ត្បិតតែស្ថានភាពនយោបាយជាប់គាំង តែគណបក្សសង្គ្រោះជាតិ ឈរលើការគោរពរដ្ឋធម្មនុញ្ញជាធំ ពិសេសផ្អែកលើការចរចាដោយសន្តិវិធីជាធំ៖ «គណបក្សសង្គ្រោះជាតិ គោរពរដ្ឋធម្មនុញ្ញ គោរពឆន្ទៈ ដែលលោកធ្វើការទាមទារប៉ុន្មានមកហ្នឹង មិនមានការប៉ះពាល់អីដែរ ដូច្នេះអ្វីដែលគាត់មានប្រសាសន៍ហ្នឹង គឺគាត់សំដៅទៅលើក្រុមណាខ្ញុំមិនដឹងដែរ ក៏ប៉ុន្តែគោលជំហរគណបក្សសង្គ្រោះជាតិ មានគោលជំហរច្បាស់លាស់ ចង់រក្សាសន្តិភាព និងចង់ដោះស្រាយដោយសន្តិវិធី»។
ទោះបីជាយ៉ាងនេះក្ដី ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហួន ជុនឌី មានប្រសាសន៍ថា ការរក្សាស្ថិរភាពនិងសន្តិភាព គឺជាការទទួលខុសត្រូវរបស់រដ្ឋ ប៉ុន្តែដើម្បីរក្សានូវសន្តិភាពនេះ លុះត្រាណាតែការដឹកនាំនោះប្រកបដោយតម្លាភាព និងតុល្យភាព។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវធានាការបោះឆ្នោតប្រកបដោយយុត្តិធម៌និងសេរី បង្កើតការងារឲ្យបានច្រើនក្នុងសង្គម ដូចជាការទប់ស្កាត់ពលករចំណាកស្រុក និងធានាបាននូវអតិផរណា ឬទំនិញឡើងថ្លៃជាដើម៖ «ការប្រើពាក្យថា ធ្វើឲ្យមានចលាចលទៅជាឧក្រិដ្ឋជនហ្នឹង ហាក់ដូចជាការនិយាយលឿនពេក យើងត្រូវគិតថ្លឹងថ្លែងឲ្យបានត្រឹមត្រូវបន្តិច ទាក់ទងនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សិទ្ធិមនុស្ស និងសិទ្ធិក្នុងការបញ្ចេញមតិ ។ល។»។
អ្នកការពារសិទ្ធិមនុស្សលើកឡើងថា ការរក្សាស្ថិរភាពសង្គមជារឿងសំខាន់ណាស់ ក៏ប៉ុន្តែលុះណារដ្ឋាភិបាលខ្លួនឯងគោរពច្បាប់ ស្របទៅនឹងរដ្ឋធម្មនុញ្ញ និងបង្កឲ្យមានសិទ្ធិសេរីភាពពេញលេញនៅក្នុងប្រទេសដែលស្របទៅនឹងរដ្ឋធម្មនុញ្ញ ដែលធានាថា ប្រជាពលរដ្ឋគ្រប់រួបមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច សិទ្ធិទទួលបានព័ត៌មាន និងជួបប្រជុំផ្សេងៗ មិនមែនទីលានប្រជាធិបតេយ្យត្រូវបានបិទ និងហ៊ុមព័ទ្ធដោយបន្លាលួសដូចបច្ចុប្បន្ននេះឡើយ៕
No comments:
Post a Comment