Paris Peace Accords 23 Oct. 1991

Saturday, July 26, 2014

រដ្ឋមន្ត្រី​ ក្រសួង ​បរិស្ថាន៖ ទឹក​លិច​ ភ្នំពេញ​ មិន​មែន​ បណ្ដាល​មក​ ពី​ការ​លុប​បឹង | Environment Minister: Flooding in Phnom Penh is not from filling up of natural lakes

វីដេអូ៖ ទឹក​លិច​ ទីក្រុង​ ភ្នំពេញ​ កាល​ពី​ថ្ងៃ ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៣


រដ្ឋមន្ត្រី​ ក្រសួង ​បរិស្ថាន៖ ទឹក​លិច​ ភ្នំពេញ​ មិន​មែន​ បណ្ដាល​មក​ ពី​ការ​លុប​បឹង

​វិទ្យុ​ អាស៊ី សេរី​  | ២៥ កក្កដា ២០១៤

ភ្លៀង​លិច​ភ្នំពេញ ៦១០
ទឹក​ភ្លៀង​ លិច​មហា​វិថី ​ម៉ៅសេទុង ក្បែរ​មជ្ឈមណ្ឌល ​ម៉ុងឌីយ៉ាល់ រាជធានី ភ្នំពេញ កាល​ពី​ថ្ងៃ​ ទី​៨ ខែ​តុលា ឆ្នាំ​២០១៣។  RFA/Uon Chhin

ទឹក​ជន់​ លិច​ទីក្រុង ​ភ្នំពេញ ក្រោយ​ភ្លៀង ​ម្ដងៗ បាន​ប៉ះពាល់ ​ដល់​ជីវភាព​ ប្រជាពលរដ្ឋ, និង​សកម្មភាព​ អាជីវកម្ម​ មួយ​ចំនួន​ ត្រូវ​បាន​ផ្អាក។  ម្យ៉ាង​វិញ​ទៀត បញ្ហា​នេះ ​ក៏​បាន​ប៉ះពាល់​ ដល់​ការ​ទាក់ទាញ ​ទេសចរណ៍ ដោយសារ​តែ ​បាត់​បង់​ សោភ័ណភាព ​ក្រុង និង​បរិស្ថាន។  ស្ថាប័ន​ស្រាវជ្រាវ ​អន្តរជាតិ ​មួយ​ចំនួន ក៏​ធ្លាប់​បាន​ ចំណាត់​ថ្នាក់​ ទីក្រុង ​ភ្នំពេញ ​របស់ ​កម្ពុជា ជា​ទី​កន្លែង ដ៏​អាក្រក់​ បំផុត ​ក្នុង​ការ​រស់​នៅ។

បញ្ហា​ជន់​លិច ​ទីក្រុង​ភ្នំពេញ ពី​ទឹក​ភ្លៀង ជា​ប្រធានបទ ​ដែល​ប្រជាពលរដ្ឋ ​កម្ពុជា, ជាពិសេស ​អ្នក​រស់នៅ ទីក្រុង​ភ្នំពេញ, បាន​រិះគន់​ ថ្នាក់​ដឹក​នាំ និង​អ្នក​អភិវឌ្ឍន៍​ ក្រុង​ យ៉ាង​ធ្ងន់ធ្ងរ។   បញ្ហា​នេះ អ្នក​ទទួល​ខុស​ត្រូវ ​លើ​ផ្នែក ​អភិវឌ្ឍន៍ ​ក្រុង​នេះ បាន​ចោទ​ប្រកាន់ និង​យក​ត្រូវ រៀង​ខ្លួន។  រដ្ឋាភិបាល​ បាន​បញ្ជាក់​ ពី​មូលហេតុ ​មួយ គឺ​ ប្រព័ន្ធ​លូ​ បង្ហូរ​ទឹក​ មិន​គ្រប់គ្រាន់។  ប៉ុន្តែ​ តំណាង ​អង្គការ​ សង្គម​ស៊ីវិល​វិញ​ យល់​ថា, បញ្ហា​នេះ​ បណ្ដាល​មក​ ពី​ការ​ចាក់​ដី​ លុប​បំបាត់​បឹង ​នៅ​ជុំវិញ​ក្រុង។

រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​អះអាង​ ថា, ទឹក​លិច ​ភ្នំពេញ មិន​មែន ​បណ្ដាល​មក​ ពី​ការ​លុប​បឹង ​នោះ​ទេ, គឺ​ បណ្ដាល​មក​ ពី​មាន ​ប្រព័ន្ធ​លូ​ មិន​គ្រប់គ្រាន់។  លោក​ បញ្ជាក់​ថា ចំនួន​ ទឹក​ភ្លៀង និង​ភាព​ស្រុត ​របស់​លូ​ ក្នុង​ក្រុង​ភ្នំពេញ គឺ​ ជា​មូលហេតុ ​ដែល​ធ្វើ ​ឲ្យ​ទឹក​ភ្លៀង​ លិច​ក្រុង ​ភ្នំពេញ។  ប៉ុន្តែ អង្គការ​ សង្គម​ស៊ីវិល បាន​អះអាង ​ផ្ទុយ​ ពី​ការ​លើក​ឡើង ​របស់​ ក្រសួង​ បរិស្ថាន ដែល​ខ្វះ ​ការ​ស្រាវជ្រាវ​ ជាក់​លាក់ និង​មាន​ផែនការ​ អភិវឌ្ឍន៍​ក្រុង និង​តំបន់​ ជាយ​ក្រុង ​ពុំ​បាន​ ច្បាស់​លាស់។


តំណាង​ សម្ព័ន្ធ​ គណនេយ្យ​ភាព ​សង្គម ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ ថា, ផែនការ ​អភិវឌ្ឍន៍​ក្រុង ​ជាក់​លាក់​ មាន​តែ​ លើ​ក្រដាស, ប៉ុន្តែ ការ​អនុវត្ត​ ជាក់ស្ដែង ប្រាសចាក​ ពី​គោលដៅ​ ដែល​បាន ​រំពឹង​ទុក។  លោក​ បញ្ជាក់​ថា យន្តការ​នេះ ​ជា​មូលហេតុ​ សំខាន់ ​ធ្វើ​ឲ្យ​ ទឹក​លិច​ក្រុង ​ភ្នំពេញ ដោយ​ជំនន់​ ទឹក​ភ្លៀង។  ម្យ៉ាង​វិញ​ទៀត ការ​លុប​បឹង ​មួយ​ចំនួន​ ដោយ​យក​លេស ​ទៅ​អភិវឌ្ឍ ជា​មូលហេតុ​ សំខាន់ ​ទី​ពីរ។  ផល ​ពី​ការ​អភិវឌ្ឍ​ ក្រុង ​ភ្លាមៗ​ ដោយ​ខ្វះ​ ការ​ស្រាវជ្រាវ នឹង​ប៉ះពាល់ ​ដល់​ប្រជាពលរដ្ឋ, ហើយ ​ម្ចាស់​គម្រោង ​អភិវឌ្ឍន៍​ លុប​បឹង​ ទាំង​នោះ​វិញ ជា​អ្នក​ទទួល​ លាភសក្ការៈ ​ខ្ពស់។

បន្ថែម​លើ​នេះ អង្គការ ​អន្តរជាតិ ​ផ្ដល់​ជំនួយ​ ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស ​ជាច្រើន ​ដល់​កម្ពុជា បាន​រក​ឃើញ ​ថា, ប្រជាពលរដ្ឋ​ រាប់​ម៉ឺន​នាក់ ​កំពុង ​រង​ផល​ប៉ះពាល់​ ដោយសារ​ ទឹក​ភ្លៀង​លិច​ ក្រុង​ នា​រដូវ​វស្សា។  តាម​ការ​ប៉ាន់ស្មាន​ កាល​ពី​ឆ្នាំ​២០១៣ ដោយ​ភ្នាក់ងារ ​សហប្រតិបត្តិការ ​អន្តរជាតិ​ ជប៉ុន បាន​បង្ហាញ​ ថា ប្រជាពលរដ្ឋ​ កម្ពុជា ដែល​រស់នៅ ​ទីក្រុង​ភ្នំពេញ ប្រមាណ ៣​សែន​នាក់ រងគ្រោះ ​ដោយ​ការ ​ជន់​លិច​ក្រុង​ ពី​ទឹក​ភ្លៀង។

ឆ្លើយ​តប ​ទៅ​នឹង​បញ្ហា​នេះ សាលា​រាជធានី ​ភ្នំពេញ បាន​អះអាង​ ថា ការ​លិច​ក្រុង ​ភ្នំពេញ មិន​មែន ​បណ្ដាល​មក​ ពី​ការ​អភិវឌ្ឍ​ក្រុង​ តាម​រយៈ​ការ​ លុប​បឹង​ នោះ​ទេ។

អ្នក​នាំ​ពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លិច​ក្រុង ដោយសារ​ការ​ស្ទះ​លូ។ ការ​ស្ទះ​លូ​នេះ បណ្ដាល​មក​ពី​មូលហេតុ​លូ​តូច ការ​កក​ស្ទះ​សំរាម​ដែល​ប្រជាពលរដ្ឋ​បោះ​ចោល​ដោយ​គ្មាន​សណ្ដាប់ធ្នាប់ និង​ចំនួន​ទឹក​ភ្លៀង។ លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​មាន​លុយ​គ្រប់គ្រាន់ ការ​ដោះស្រាយ​បញ្ហា​លិច​ក្រុង​ភ្នំពេញ អាច​ធ្វើ​បាន​នៅ​ក្នុង​រយៈពេល ៨​ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​កសាង​ប្រព័ន្ធ​លូ ក៏​មិន​មែន​ជា​កត្តា​ដោះស្រាយ​បញ្ហា​លិច​ក្រុង​ភ្នំពេញ​បាន​ទេ ប្រសិន​បើ​មិន​មាន​បឹង​សម្រាប់​ទុក​ទឹក​ភ្លៀង​នោះ។

ការ​ស្រាវជ្រាវ​ជាច្រើន​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រទេស​ជិត​ខាង​កម្ពុជា ដូចជា​វៀតណាម និង​ប្រទេស​ថៃ មាន​តែ​ប្រទេស​កម្ពុជា មួយ​ដែល​ចាក់​ដី​បឹង​យក​ទៅ​អភិវឌ្ឍ ប៉ុន្តែ​ប្រទេស​ជិត​ខាង​កម្ពុជា បាន​សាងសង់​បឹង​នៅ​តំបន់​ជុំវិញ​ក្រុង ដើម្បី​រំដោះ​ទឹក​ភ្លៀង​ទៅ​វិញ។ ក្នុង​នោះ ប្រទេស​វៀតណាម បាន​បង្កើត​បឹង​ចំនួន​៣០​បន្ថែម​ទៀត ដើម្បី​រំដោះ​ទឹក​ភ្លៀង​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​២០១៤។
ក្រៅ​ពី​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ពី​ជំនន់​ទឹក​ភ្លៀង តែ​ក៏​បាន​ប៉ះពាល់​សោភ័ណភាព​ក្រុង និង​បរិស្ថាន​រស់នៅ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​តិចតួច​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​នេះ។ ទិដ្ឋភាព​លិច​ក្រុង​ភ្នំពេញ អាច​ប៉ះពាល់​វិស័យ​ទេសចរណ៍ ដែល​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ថា ប្រទេស​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ។

របាយការណ៍​ស្រាវជ្រាវ​របស់​អង់គ្លេស ប្រចាំ​ឆ្នាំ​២០១៣ ឈ្មោះ អេកូណូមិស អ៊ីនធឺលីជេន យូនីត (Economist Intelligent Units) បាន​បង្ហាញ​ថា ទីក្រុង​ភ្នំពេញ ជា​ទី​កន្លែង​មួយ​ក្នុង​ចំណោម​ទីក្រុង​ជាច្រើន​ដែល​ពិបាក​រស់នៅ​នៅ​លើ​ ពិភពលោក។ ការ​រក​ឃើញ​របស់​ស្ថាប័ន​ស្រាវជ្រាវ​នេះ បាន​ចំណាត់​ទីក្រុង​ភ្នំពេញ របស់​ប្រទេស​កម្ពុជា ស្ថិត​នៅ​លេខ​១២៦ ដែល​មាន​លក្ខខណ្ឌ​រស់នៅ​ល្អ​ប្រសើរ​ក្នុង​ចំណោម​ប្រទេស​១៤០ ដែល​បាន​អង្កេត។

របាយការណ៍​នេះ​បាន​លើក​យក​លក្ខខណ្ឌ​ចំនួន​ប្រាំ​មក​គណនា​សន្ទស្សន៍​នៃ​ ការ​អភិវឌ្ឍ​នៃ​បរិយាកាស​រស់នៅ​របស់​ទីក្រុង​ភ្នំពេញ។ លក្ខខណ្ឌ​ទាំង​នោះ​រួម​មាន ស្ថិរភាព​ទីក្រុង ការ​ថែរក្សា​សុខភាព បរិស្ថាន អប់រំ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។ ដោយ​ឈរ​លើ​មូលដ្ឋាន​ទាំងអស់​នេះ ប្រទេស​កម្ពុជា បាន​ធ្វើ​ប្រសើរ​ឡើង​ការ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ចំនួន ១% ប៉ុណ្ណោះ​នៅ​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ៕

No comments:

Post a Comment