ក្រុមប្រឹក្សាធម្មនុញ្ញ បិទផ្លូវ តវ៉ា និងប្រកាសចូលជាស្ថាពរ នៃច្បាប់ ចំនួន៣ ស្តីពី តុលាការ
ដោយ៖ ថុល ស្រីលក្ខណ៍ / វីអូឌី | ថ្ងៃសុក្រ ទី4 កក្កដា 2014
ក្រុមប្រឹក្សាធម្មនុញ្ញ ចេញសេចក្តីសម្រេច ជាស្ថាពរ និងបិទផ្លូវ តវ៉ា លើសេចក្តីព្រាងច្បាប់ ចំនួន៣ ស្តីពី តុលាការ បើទោះជា ក្រុមអង្គការ សង្គមស៊ីវិល ស្នើឲ្យ មានការពិចារណា លើមាត្រាមួយចំនួន ដែលពួកគេ រកឃើញ ថា អធម្មនុញ្ញភាព និងផ្ទុយពី ច្បាប់អន្តរជាតិ ក្តី។
សេចក្ដីព្រាងច្បាប់ ស្តីពី តុលាការ ចំនួន៣ រួមមាន ច្បាប់ ស្តីពី ការរៀបចំ អង្គការ តុលាការ, ច្បាប់ ស្តីពី លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា រួមទាំង ច្បាប់ ស្តីពី ការរៀបចំ និងប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។
សេចក្តីសម្រេចចំនួន៣ផ្សេងគ្នា ចុះផ្សាយកាលពីថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៤ បានសរសេរថា រដ្ឋសភា និងព្រឹទ្ធសភា បានអនុវត្តយ៉ាងត្រឹមត្រូវ តាមបែបបទដែលមានចែង ក្នុងមាត្រា១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យ និងអនុម័តច្បាប់ទាំង៣នេះ។ សេចក្តីសម្រេចបន្ថែមថា រាល់បញ្ញត្តិនៅក្នុងច្បាប់ទាំងនេះ ពុំមានបទបញ្ញត្តិណាមួយ មិនស្របទៅនឹងរដ្ឋធម្មនុញ្ញនោះទេ។
លោក ឌុច ពិសិដ្ឋ អ្នកសម្របសម្រួលគម្រោងសង្កេតការណ៍សវនាការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា អង្គការលោក ខកចិត្តជាខ្លាំងដែលក្រុមប្រឹក្សាធម្មនុញ្ញមិនបានពិចារណាចំណុចមួយចំនួន ដែលអង្គការសង្គមស៊ីវិលរកឃើញថា បានរំលោភរដ្ឋធម្មនុញ្ញនោះទេ។ លោកថា ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលមួយនេះ ហាក់មិនទាន់មានឯករាជ្យភាពសម្រាប់កម្ពុជានោះទេ
«លទ្ធផលចុងក្រោយ យើងឃើញថា ពុំមានលទ្ធផលអ្វីនោះទេ មួយទៀតខ្ញុំយល់ថា ដោយសារតែស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នមិនទាន់ឯករាជ្យ និងផ្តល់ទំនុកចិត្តពេញលេញដល់ប្រទេសកម្ពុជា យើងនៅឡើយទេ ដែលពាក់ព័ន្ធនឹងនយោបាយ រឿងដែលពាក់ព័ន្ធច្បាប់ធំៗអ៊ីចឹង វាធ្វើឲ្យមានការប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។
»
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ច្បាប់ទាំង៣នេះ បានរំលោភទៅលើគោលការនៃការបែងចែកអំណាចនៅកម្ពុជា។ លោកថា នៅក្នុងបញ្ញត្តិច្បាប់នេះ គេឃើញរដ្ឋាភិបាល មានអំណាចពាក់ព័ន្ធនៅក្នុងអង្គការកំពូលនៃវិស័យតុលាការ ឬឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តក្នុងស្ថាប័ននេះ «ស្ថាប័នតុលាការខ្លួនឯងផ្ទាល់ហ្នឹង គឺថាខាងកិច្ចការរដ្ឋបាល របស់តុលាការនោះ គឺនៅក្រោមការត្រួតពិនិត្យនៃនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងយុត្តិធម៌។ អ៊ីចឹងបានន័យថា រូបភាពទាំងអស់ដែលខ្ញុំបាននិយាយហ្នឹង មើលទៅឃើញអំណាចខាងនីតិប្រតិបត្តិ គឺរំលោភ ឬពាក់ព័ន្ធជាមួយនឹងដំណើរការខាងវិស័យតុលាការច្រើនណាស់។»
មាត្រាដែលរងការរិៈគន់ក្នុងច្បាប់ថ្មីនេះ រួមមាន មាត្រ៣៩នៃច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលផ្តល់អំណាចដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺជាអ្នកសម្រេចដ៏សំខាន់ ក្នុងការតំឡើងមុខតំណែងរបស់ចៅក្រម និងព្រះរាជអាជ្ញា។ មាត្រា២៣នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចែងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងទទួលបន្ទុកក្នុងការត្រួតពិនិត្យ និងស្រាវជ្រាវបឋមលើសំណុំរឿងវិន័យផ្នែកតុលាការជាដើម៕
No comments:
Post a Comment