សមាគម ការពារ សិទ្ធិមនុស្ស ថ្កោលទោស អាជ្ញាធរ ចំពោះការប្រើប្រាស់កម្លាំង ខុសច្បាប់
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃអង្គារ ទី8 កក្កដា 2014
សមាគម ការពារ សិទ្ធិមនុស្ស អាដហុក នៅថ្ងៃអង្គារនេះ ថ្កោលទោស ចំពោះការប្រើប្រាស់កម្លាំង ខុសច្បាប់ ម្តងហើយ ម្តងទៀត ដោយអាជ្ញាធរ រាជធានីភ្នំពេញ ដើម្បីបំផ្លាញ សេរីភាព បញ្ចេញមតិ របស់ ប្រជាពលរដ្ឋ ដែលធានា ដោយ រដ្ឋធម្មនុញ្ញ។
ការថ្កោលទោសនេះ ស្របពេល ដែលអាជ្ញាធរ ខណ្ឌចំការមន ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ប្រើប្រាស់ កម្លាំងសន្តិសុខ ខុសច្បាប់ ធ្វើការវាយបង្ក្រាប ទៅលើ ក្រុមបាតុករ អហិង្សា និងរារាំង មិនឲ្យ ក្រុមបាតុករ ដាក់ញតិ ទៅស្ថានទូត វៀតណាម។
សេចក្តីថ្លែងការណ៍របស់សមាគមអាដហុក ចុះថ្ងៃទី ៨ ខែមិថុនានេះ ឲ្យដឹងថា ចាប់ពីដើមឆ្នាំ ២០១៤ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានវាយបង្ក្រាបមិនឲ្យមានការជួបប្រជុំនៅតាមទីសាធារណៈចាប់ពី១០នាក់ឡើងទៅ ជាពិសេសទៅទៀតនោះ រដ្ឋាភិបាលកម្ពុជា បានបិទទីលានប្រជាធិបតេយ្យដែលជានិមិត្តរូបនៃសេរីភាពបញ្ចេញមតិ មិនឲ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការប្រើប្រាស់សម្រាប់បញ្ចេញមតិ។
សមាគមអាដហុក អំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះសមត្ថកិច្ចណាដែលបានប្រព្រឹត្តខុសច្បាប់ ជាពិសេសកងកម្លាំងខុសច្បាប់ ត្រូវយកមកផ្តន្ទាទោសឲ្យខាងតែបាន ហើយរដ្ឋាភិបាលត្រូវតែបើកទីលាប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់សិទ្ធិសេរីភាព សម្តែងមតិបានពេញលេញតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិវិញ៕
No comments:
Post a Comment