ក្នុងរូបថតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះ លោកគង់ វីរៈ ប្រធានសារៈមន្ទីរជាតិកម្ពុជា ឈរក្បែររូបបដិមាចំនួនពីរដែលត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។ (Robert Carmichael/VOA)
រូបអ្នកចម្បាំង ទុរយោធន៍ (Duryodhana) ជារូបបដិមាមួយក្នុងចំណោមរូបចម្លាក់៣ដែលត្រូវសហរដ្ឋអាមេរិកបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីដើមខែមិថុនា។ (Robert Carmichael/VOA)
ក្រុមឧក្រិដ្ឋ មានការចាត់តាំង និងក្រុមយោធា ទាក់ទង នឹងការលួច វត្ថុបុរាណ ខ្មែរ
Robert Carmichael / វីអូអេ | ០៨ កក្កដា ២០១៤
ភ្នំពេញ — នៅចន្លោះ ពីពេលចាប់ផ្តើម សង្គ្រាមស៊ីវិល នៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧០ និងការបញ្ចប់ អំពើ ប្រទុស្តរាយ ក្នុងរយៈពេល ៣០ឆ្នាំ ក្រោយមក បា្រសាទ នានា ដែលមានអាយុកាល ១.០០០ឆ្នាំ និងកន្លែងប្រវត្តិសាស្រ្ត ដទៃទៀត ត្រូវបាន គេលួចប្លន់ ស្ទើរតែទាំងស្រុង។ មានករណីមួយ នៅដើមទសវត្សរ៍១៩៧០ មានទាហាន រដ្ឋាភិបាល បានប្រើឧទ្ធម្ភាគចក្រ យោធា ដឹកវត្ថុបុរាណ ពីប្រាសាទបន្ទាយឆ្មារ ដែលបានសាងសង់ តាំងពីសតវត្សរ៍ទី១២ និងស្ថិតនៅភាគពាយ័ព្យប្រទេស។
នៅកន្លែងដដែលនេះ ក្នុងឆ្នាំ១៩៩៨ មានឧត្តមសេនីយ៍ យោធា ជាច្រើន បានចំណាយពេល កន្លះខែ ដើម្បីរុះរើ ប្រាសាទ និងដឹកជញ្ជូន យកចេញអស់ ៣០តោន។ មានតែ រថយន្តយោធា ចំនួនមួយ ក្នុងចំណោម ៦ ដែលបានដឹកវត្ថុបុរាណ ទាំងនេះ ត្រូវគេស្ទាក់ចាប់បាន ហើយយកវត្ថុបុរាណ ទាំងនោះ មកវិញ។ វត្ថុបុរាណ ដទៃទៀត បានបាត់បង់អស់ហើយ ទំនងត្រូវគេ លក់ នៅទីផ្សារងងឹត។
អស់រយៈពេលជាច្រើនឆ្នាំ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថាការលួចប្លន់ដ៏ព្រហើនហើយអត់អៀនខ្មាស់និងមានការចាត់តាំងត្រឹមត្រូវដូចនេះគឺជាករណីលើកលែងមួយចំនួនទេ ហើយថាការលួចប្លន់បេតិកភណ្ឌកម្ពុជាភាគច្រើនត្រូវបានប្រព្រឹត្តនៅកម្រិតថ្នាក់ក្រោមដោយពលរដ្ឋមូលដ្ឋានលួចរូបបដិមា រូបចម្លាក់ និងស្នាដៃសិល្បៈធ្វើពីថ្មដទៃទៀត ដោយកញ្ឆក់កណ្តៀត។
ប៉ុន្តែការសិក្សាថ្មី មួយដែលរៀបចំឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Glasgow ក្នុងប្រទេសអេកូស (ស្កុតលែន) បង្ហាញថាការពិតមិនមែនដូច្នេះទេ។ លោកស្រីតេស ដេវីសគឺជាមេធាវីនិងជាបុរាណវិទូនិងជាសមាជិកម្នាក់នៃក្រុមសិក្សាស្រាវជ្រាវនោះដែលក្នុងនោះ មានអ្នកឯកទេសខាងឧក្រិដ្ឋកម្មវិទ្យាផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «ការលួចនិងជួញដូរវត្ថុបុរាណកម្ពុជាដោយមានការចាត់តាំងនេះមានភ្ជាប់យ៉ាងជិតដិតទៅនឹងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជានិងក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំងនៅក្នុងប្រទេសនេះ។ ការលួចឆក់ប្លន់នេះបានចាប់ផ្តើមដោយសារប្រទេសមានសង្គ្រាម ប៉ុន្តែវាបន្តហួសពីពេលនោះទៀត ហើយតាមពិតទៅវាគឺជាប្រតិបត្តិការដ៏ស្មុគស្មាញមួយ។ វាជាប្រតិបត្តិការដែលមានការរៀបចំត្រឹមត្រូវដែលនាំយកវត្ថុបុរាណដោយផ្ទាល់ពីទីតាំងលួចប្លន់នៅក្នុងប្រទេសទៅដល់អ្នកប្រមូលទិញ សារៈមន្ទីរ និងកន្លែងលក់ដេញថ្លៃកំពូលបំផុតនៅក្នុងពិភពលោក»។
លោកស្រីដេវីស និយាយថាជាញឹកញយគឺក្រុមយោធាថៃនិងកម្ពុជាមានជាប់ពាក់ព័ន្ធនឹងការលួចប្លន់ទាំងនេះ ក៏ដូចជាបទឧក្រិដ្ឋដែលមានការរៀបចំត្រឹមត្រូវ។ រីឯពលរដ្ឋមូលដ្ឋានជារឿយៗត្រូវគេបង្ខំឱ្យធ្វើជាកម្មករប៉ុណ្ណោះ។
អ្នកស្រាវជ្រាវនិយាយថានៅចុងបណ្តាញក្នុងប្រទេសថៃគឺអ្នកទិញលក់ដែលមានមូលដ្ឋាននៅទីក្រុងបាងកកដែលធ្វើការលុបលាងជម្រះនូវទំនាក់ទំនងរវាងពួកឧក្រិដ្ឋជននិងអ្នកប្រមូលទិញនិងសារៈមន្ទីរ។
ការសិក្សារបស់សាកលវិទ្យាល័យ Glasgow គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីធ្វើឱ្យមានការយល់ដឹងកាន់តែប្រសើរឡើងពីរបៀបដែលទីផ្សារវត្ថុបុរាណដែលត្រូវគេលួចដំណើរការយ៉ាងដូចម្តេច។ វាគឺជាការសិក្សាទីមួយដែលបង្ហាញថាតើវត្ថុបុរាណបានធ្វើដំណើរយ៉ាងណាពីកន្លែងប្រាសាទបុរាណទៅ ដល់ដៃអ្នកប្រមូលទិញស្នាដៃវត្ថុបុរាណយ៉ាងណា។
បើទោះបីជាមានការមិនសប្បាយចិត្តនឹងការបំផ្លាញបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ប៉ុន្តែក៏មានជោគជ័យម្តងម្កាលដែរ។ កាលពីដើមខែមិថុនា ប្រទេសកម្ពុជាស្វាគមន៍ការវិលត្រឡប់មកវិញនូវរូបបដិមាដែលមានទំហំប៉ុនមនុស្សចំនួនបីដែលត្រូវបានលួចយកក្នុងទសវត្សរ៍១៩៧០ពីប្រាសាទកោះកេរដែលមិនមានការប៉ះពាល់អស់រយៈពេលជាង១០០០ឆ្នាំ។ បដិមារពីរផ្សេងទៀតនៅក្នុងក្រុមនោះត្រូវបានសារៈមន្ទីរ Metropolitan ដែលនៅក្រុងញូវយ៉កប្រគល់មកឱ្យកម្ពុជាវិញកាលពីឆ្នាំមុន។
នៅក្នុងបន្ទប់រៀបចំនៅឯសារៈមន្ទីរជាតិក្នុងទីក្រុងភ្នំពេញ អ្នកឯកទេសកំពុងធ្វើការដើម្បីរៀបចំដាក់រូបបដិមាទាំង៥សម្រាប់ដាក់បង្ហាញនៅចុងឆ្នាំនេះ។
លោកគង់ វីរៈ ប្រធានសារៈមន្ទីរ និយាយថាអាជ្ញាធរកំពុងតែចាត់វិធានការថ្មីដើម្បីការពារវត្ថុបុរាណសំខាន់ៗខាងផ្នែកវប្បធម៌មិនឱ្យមានការលួចទៀត។ ក្នុងនោះរួមមានការចងក្រងឯកសាររាល់វត្ថុទាំងអស់នៅក្នុងសារៈមន្ទីរ និងកន្លែងមិន ទាន់មានការការពារនានាក្នុងនោះវត្ថុបុរាណទាំងឡាយដែលពលរដ្ឋគោរពបូជា។
លោកគង់ វីរៈបានបន្ថែមថា៖ «ប៉ុន្តែក្នុងករណីដែលវត្ថុបុរាណទាំងនោះត្រូវពលរដ្ឋមូលដ្ឋានគោរពបូជាគឺយើងទុកនៅទីនោះ ប៉ុន្តែយើងធ្វើក្រដាសស្នាមពិសេសមួយដែលបញ្ជាក់ថាអ្នកភូមិឬសហគមន៍ដែលគ្រប់គ្រងវត្ថុទាំងនោះនិងអាជ្ញាធរខេត្ត ស្រុក ត្រូវចូលរួមចុះ ហត្ថលេខារួមលើឯកសារនោះថាពួកគេត្រូវតែការពារកុំឱ្យគេលួចវត្ថុទាំងនោះ។ បើមិនដូច្នេះទេយើងនឹងផ្ទេរទៅរក្សាទុកនៅ ក្នុងសារៈមន្ទីរខេត្ត»។
តម្លៃដ៏ធំដែលវត្ថុបុរាណទាំងនោះមាន បានន័យថាសារៈមន្ទីរនិងទីប្រាសាទបុរាណជារឿយៗក្លាយទៅជាជនរងគ្រោះដំបូងគេក្នុងពេលសង្គ្រាម ដូចជាករណី ប្រទេសអ៊ីរ៉ាក់ អេហ្ស៊ីព និងស៊ីរី បានជួបប្រទះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ក្នុងករណីខ្លះ លុយដែលបានមកពីនោះត្រូវចំណាយលើការទិញអាវុធ ដែលជំរុញឱ្យមានសង្គ្រាមកាន់តែយូរនិងបន្តទុក្ខវេទនារបស់ពលរដ្ឋស៊ីវិល។
លោកស្រីតេស ដេវីស និយាយថាការពិតដែលបានបញ្ជាក់នេះគួរតែអាចដាស់ស្មារតីពិភពលោកទាំងមូលឱ្យមើលលើរូបភាពធំ ដែលបង្ហាញថាការលួចឆក់ប្លន់ និងការជួញដូរវត្ថុបុរាណគឺជាញឹកញាប់ប្រព្រឹត្តដោយក្រុមប្រដាប់អាវុធនិងឧក្រិដ្ឋជនដែលមានការចាត់តាំង។
លោកស្រីបន្ថែមថា៖ «ហើយការភ្ជាប់នេះគួរតែជាសញ្ញាអាសន្នសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយសារតែយើងឃើញរឿងដដែលនេះកើតឡើងវិញនៅពេលសព្វថ្ងៃនេះនៅប្រទេសអេហ្ស៊ីព ស៊ីរី និងអ៊ីរ៉ាក់ ហើយដោយមានផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត គឺមិនមែនសម្រាប់ប្រទេសទាំងនោះ ទេប៉ុន្តែក៏សម្រាប់សេដ្ឋកិច្ចពិភពលោកនិងសន្តិសុខពិភពលោកដែរ។ លុយដែលអ្នកប្រមូលទិញវត្ថុបុរាណនៅបុរីញូវយ៉ក ចំណាយលើវត្ថុបុរាណមកពីជុំវិញពិភពលោកនឹងចូលទៅក្នុងហោប៉ៅមនុស្សអាក្រក់ខ្លះ ហើយខ្ញុំគិតថាពិភពនៃអ្នកចូលចិត្តស្នាដៃសិល្បៈត្រូវតែបង្កើនវិធានការនិងទទួលស្គាល់ពីតួនាទីរបស់ពួកគេក្នុងការបង្កឱ្យមានអ្វីដែលកើតមានឡើងនៅក្នុងប្រទេសទាំងនោះ»។
នៅក្នុងករណីប្រទេសកម្ពុជា ការលួចប្លន់ដ៏អាក្រក់បំផុតបានបញ្ឈប់ហើយនាពេលបច្ចុប្បន្ននេះ មួយផ្នែកដោយសារតែមិនមាននៅអ្វីសេសសល់សម្រាប់លួចទៀតទេ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះនឹងមានទីកន្លែងផ្សេងទៀតដែលគេរកឃើញ ហើយវាទំនងជានឹងមានគ្រោះថ្នាក់ដែរ។ លោកស្រីដេវីសថ្លែងថាមធ្យោបាយដ៏ល្អដើម្បីការពារការដ្ឋានប្រាសាទបុរាណ គឺត្រូវកាត់បន្ថយការចង់បានហើយករណីមួយផ្នែកនោះគឺតម្រូវឱ្យយកអ្នកដែលធ្វើការជួញដូរទាំងនេះមកកាត់ទោស៕
ប្រែសម្រួលដោយ ម៉ែន គឹមសេង
No comments:
Post a Comment