លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(ស្តាំ) និងលោក ប្រាយុទ្ធ ចាន់អូចា ប្រមុខកងទ័ពថៃ
វិភាគ៖ រដ្ឋាភិបាល កម្ពុជា កំពុងយកលំនាំ ដូចយោធាថៃ ដោយមិនចង់ កែទម្រង់ ច្បាប់បោះឆ្នោត?
ដោយ៖ អ៊ឹង ប៊ុនថន / វីអូឌី | ថ្ងៃសុក្រ ទី4 កក្កដា 2014
ប្រមុខរដ្ឋាភិបាល កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ប្រកាស ថា លោក មិនខ្វល់ ចំពោះការិះគន់ដែលថា រដ្ឋសភា និងរដ្ឋាភិបាល ឯកបក្ស ហើយមិនមាន ការគាំទ្រ ពីអន្តរជាតិ នោះទេ គឺឲ្យតែមាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្តល់សុពលភាព ហើយ នោះរាជរដ្ឋាភិបាល អាចដំណើរការបាន ជាធម្មតា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះនៅពិធីមួយស្តីពីសិទ្ធិជនពិការ ដែលធ្វើនៅកោះពេជ្រ។ លោកមានប្រសាសន៍ថា «២០១៨ ប្រហែលជាគ្មានការចាំបាច់ ដើម្បីនឹងនិយាយអ្វីច្រើនទេ នៅរក្សាបោះឆ្នោតខែ៧[កក្កដា]តទៅទៀត កុំឲ្យវាឈឺក្បាលពេក។ ដល់ពេលហ្នឹងហើយ ចេះតែធ្វើការទៅ អ្នកណាចូលមិនចូលហីទៅ។ បើនៅប្រទេសមានប្រមុខរដ្ឋតាមព្រះរាជតែងថ្នាក់តែងតាំង [ព្រះរាជ]ក្រឹត្យរបស់ប្រមុខរដ្ឋគេចេញហើយ អាហ្នឹងវាទៅហើយ ប្រទេសមានមហាក្សត្រ ព្រះរាជក្រឹត្យចេញដោយព្រះមហាក្សត្រ។»
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអ្នកវិភាគកត់សម្គាល់ថា ធ្វើឡើងក្រោយពីមានជំនួបតាមទូរស័ព្ទជាមួយប្រមុខរដ្ឋាភិបាលយោធាថៃ ប្រាយុទ្ធ ចាន់អ៊ូចា ។ ប៉ុន្តែជំនួបនោះត្រូវបានក្រសួងការពារជាតិកម្ពុជា បដិសេធ។
រដ្ឋាភិបាលយោធាថៃ ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ដោយសារតែការធ្វើរដ្ឋប្រហារហើយឡើងកាន់អំណាចខ្លួនឯង ដែលខុសគោលការណ៍លទ្ធិប្រជាធិបតេយ្យ បើទោះជាស្តេចថៃចេញព្រះរាជក្រឹត្យតែងតាំងក៏ដោយ។
តើកម្ពុជាកំពុងយកលំនាំតាមរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ន ដោយមិនខ្វល់ពីការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតឬយ៉ាងណា ខណៈមានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងរួចហើយដែរនោះ?
លោកបណ្ឌិត ហ៊ាង រិទ្ធី ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា យល់ថា រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែយកលំនាំតាមរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ននេះទេ គឺបានដើរក្នុងគន្លងនេះ តាំងពីយូរណាស់មកហើយ «ឥឡូវនេះកាលណាបាន ៥០%បូក១ ដែលលោកសមរង្ស៊ី ទៅឃុបឃិតជាមួយលោកហ៊ុនសែននោះ គឺថាពេលនេះ កុំសង្ឃឹមរឿង គជប សំឡេង ២/៣ កុំសង្ឃឹម អត់មានទេ។ អ៊ីចឹងហើយថ្មីៗទៀត ក៏បានអនុម័តច្បាប់តុលាការហ្នឹង យកព្រះមហាក្សត្រ ធ្វើជាចំណាប់ខ្មាំង ដើម្បីឲ្យចុះហត្ថលេខាលើហ្នឹង។ ដូច្នេះត្រឹមអំណាចយោធាប្រហែលស្រុកថៃទេ លើស្រុកថៃទៀត ស្រដៀងគ្នាសម័យប៉ុល ពត ហើយ។ អ៊ីចឹងបែរទៅរកឆ្នាំ១៩៧៩ កាលពីយួនឈ្លានពាន ចូលទឹកដីកម្ពុជា គឺថាវាចូលស្រដៀងហ្នឹងទៀតហើយ ខ្មែរវេទនាតទៅទៀត។»
បណ្ឌិត ហ៊ាង រិទ្ធី អះអាងដូចនេះ ដោយលោកលើកយកករណីបញ្ជាកម្លាំងប្រដាប់អាវុធ ឲ្យបាញ់សម្លាប់អ្នកតវ៉ានៅតាមផ្លូវវ៉េងស្រេង ដើម្បីសុំដំឡើងប្រាក់ឈ្នួល កាលពីដើមឆ្នាំ២០១៤ ការធ្វើរដ្ឋប្រហារបង្ហូរឈាម ឆ្នាំ១៩៩៧ ជាដើម។ ព្រឹត្តិការណ៍ទាំងនេះហើយ ដែលលោកបណ្ឌិត ហ៊ាង រិទ្ធី យល់ថា កម្ពុជា មានលំនាំអាក្រក់ជាងរដ្ឋាភិបាលយោធថៃបច្ចុប្បន្ននេះទៅទៀត ដោយថៃធ្វើរដ្ឋប្រហារមែន ប៉ុន្តែមិនមានការបង្ហូរឈាមនោះទេ «រយៈកាលកន្លងមក យើងឃើញហើយថា គេធ្វើនៅឆ្នាំ១៩៩៧ ថ្ងៃ៥ ថ្ងៃ៦ គេធ្វើរដ្ឋប្រហារបាញ់សម្លាប់មនុស្សស្លាប់ក្រោមដៃ របស់កងកម្លាំងប្រដាប់អាវុធ ដែលគេដឹកនាំរដ្ឋប្រហារហ្នឹងមួយកំភ្លូសទៅខ្ទេចខទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរឯកជនមួយកំភ្លូសទៅ ខ្ទេចខ្ទីទ្រព្យសម្បត្តិជាតិមួយកំភ្លូសទៅ។ គ្មានអ្នកណាគេធ្វើអីកើតទេ ដំណើរនៃសន្តិភាព តុលាការរបស់គេ។ ដូច្នេះរឿងនេះ កម្ពុជា ខ្ញុំគ្រាន់តែជម្រាបជូនទេ កម្ពុជា ប្រែមកវិញ កម្ពុជាពេលនេះឲ្យឈ្មោះថាកម្ពុជាចប់ហើយ។»
សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ក៏យល់ថា កម្ពុជាមានលំនាំដូចរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ននេះលើចំណុចមួយចំនួន ប៉ុន្តែចំណុចខ្លះទៀតគឺខុសរដ្ឋាភិបាលយោធាថៃ «ដូចគម្រោង ចាប់តាំងពីយាងព្រះករុណា ទៅបើករដ្ឋសភា អត់មានចំនួនគ្រប់គ្រាន់ដើម្បីឲ្យទៅជាសភាហ្នឹង គឺមុនទៅទៀតផង នៅពេលដែលចរចា ឬក៏ជជែកគ្នាពីរឿងភាពមិនប្រក្រតី នៃការបោះឆ្នោតនោះ គឺរបបនេះ ត្រៀមខ្លួនហើយស្រេច ដើម្បីគ្រប់គ្រង មានច្បាប់ក៏ដោយ គ្មានច្បាប់ក៏ដោយតែម្តង ព្រោះខ្លួនធ្លាប់គ្រប់គ្រងអត់ច្បាប់ជាង១០ឆ្នាំមកហើយ។»
សម្រាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ការដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចេញមុខទៅចាប់ដៃធ្វើជាមួយប្រមុខយោធាថៃ ដែលធ្វើរដ្ឋប្រហារលទ្ធិប្រជាធិបតេយ្យ បញ្ជាក់ឲ្យឃើញថា ប្រទេសខ្មែរកំពុងស្ថិតក្នុងបរិបទប្រទេសកុម្មុយនីស្តដែរ ហើយថាការធ្វើនយោបាយនេះអាចនឹងប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ ជាពិសេសព្រំដែនប្រាសាទព្រះវិហារ «ប្រសិនបើនយោបាយវាអាចខាតទឺកដី នៅពេលដែលសាលក្រម បានបកស្រាយហើយអ៊ីចឹងហើយ ដែលយើងមានការព្រួយបារម្ភ រហូតទៅដល់ហ្នឹងទៅទៀត។»
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា យល់ថា បើគ្មានកំណែទម្រង់ការបោះឆ្នោតទេ នោះការបោះឆ្នោត នៅពេលខាងមុខ គឺអាចប្រឈមនឹងបញ្ហាកាន់តែអាក្រក់ ដោយសារប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ននេះ មិនអព្យាក្រឹត្យភាព និងតម្លាភាពបានឡើយ «ការមិនចូលសភារបស់គណបក្សជំទាស់ អាចធ្វើឲ្យគណបក្សកំពុងកាន់អំណាច គាត់មានបញ្ហាដែរ ដូចជាស្ថិតក្នុងភាពឯកោ ឬប្រឈមមុខនឹងភាពស្របច្បាប់នៅក្នុងសហគមន៍អន្តរជាតិជាដើម។»
លោកបណ្ឌិត ហង្ស ពុទ្ធា បន្តថា ដោយសម្ពាធពីសហគមន៍អន្តរជាតិ និងបញ្ហាប្រឈមរៀងៗខ្លួន គណបក្សជាប់ឆ្នោតទាំងពីរ មិនមានជម្រើសអ្វីផ្សេង ក្រៅពីការយោគយល់គ្នា រកដំណោះស្រាយនោះទេ៕
No comments:
Post a Comment