អ្នកគាំទ្របាតុករភូមិបឹងកក់ប្រមូលផ្តុំនៅផ្លូវដែលត្រូវបិទមួយនៅជិតសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។
ម្ចាស់ជំនួយ បិទមាត់ ជិតឈឹង ក្នុងការសុំឱ្យ ដាក់សម្ពាធ កម្ពុជា លើបញ្ហា សិទ្ធិមនុស្ស
ឃួន ធារ៉ា / វីអូអេ | ០៤ កក្កដា ២០១៤
ភ្នំពេញ — ស្ថានទូត បរទេស ប្រចាំកម្ពុជា នឹងមិនចាត់វិធានការណាមួយ ដើម្បីដាក់សម្ពាធ ឱ្យរដ្ឋាភិបាល កម្ពុជា គោរពគោលការណ៍ សិទ្ធិមនុស្ស ស្របតាមអនុសាសន៍ របស់ អង្គការ សហប្រជាជាតិនោះទេ។
ជំហរនេះ ធ្វើឡើង ក្រោយពី អង្គការ សិទ្ធិមនុស្ស អន្តរជាតិ Human Rights Watch កាលពីថ្ងៃពុធបានជំរុញឱ្យ ប្រទេសអ្នកផ្ដល់ជំនួយ អន្តរជាតិ ដាក់សម្ពាធបន្ថែមទៀត លើរដ្ឋាភិបាល កម្ពុជា ឱ្យដោះស្រាយបញ្ហា រំលោភសិទ្ធិមនុស្ស នានា ដែលបានលើកឡើង ដោយសហគមន៍អន្តរជាតិ ក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំ របស់គណៈកម្មការ សិទ្ធិមនុស្ស នៃអង្គការ សហប្រជាជាតិ កាលពីសប្តាហ៍មុន។
លោក Brad Adams នាយកការិយាល័យអាស៊ីនៃអង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា«ដោយប្រឈមជាមួយការទាមទារកាន់តែច្រើនឡើងសម្រាប់ការផ្លាស់ប្ដូរជាមូលដ្ឋានដើម្បីធានាឱ្យមានការគោរពសិទ្ធិមនុស្ស លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានអើពើនោះទេ។ សហគមន៍អន្តរជាតិមិនគួរទទួលយកការប្រើអំពើហិង្សានយោបាយរបស់រដ្ឋាភិបាលកម្ពុជា ការដាក់ពន្ធនាគារ និងការធ្វើទារុណកម្មអ្នកប្រឆាំងដោយសារមូលហេតុនយោបាយ និងការរឹតត្បិតសិទ្ធិបញ្ចេញមតិនិងការជួបជុំជាសាធារណៈនោះទេ។»
ក្នុងនោះដែរលោក Brad Adams បានទទូចឲ្យបណ្តាប្រទេសម្ចាស់ជំនួយដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងភ្នំពេញឲ្យអនុវត្តនូវរាល់អនុសាសន៍ទាំងឡាយដែលប្រទេសសមាជិកអង្គការសហប្រជាជាតិលើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។
ក្នុងសារអេឡិកត្រូនិកតបហ្នឹងសំណួររបស់វីអូអេ សំឡេងសហរដ្ឋអាមេរិក លោក Sean McIntosh អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមិនបានបញ្ជាក់ពីជំហររបស់ខ្លួនជុំវិញការទទូចរបស់អង្គការ Human Rights Watch នោះទេ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងដូច្នេះថា«លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សគឺជាអាទិភាពខ្ពស់នៃទំនាក់ទំនងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយកម្ពុជា។ យើងបានលើកពីបញ្ហាសិទ្ធិមនុស្សនានាហើយនឹងបន្តលើកបញ្ហាទាំងនោះទៀតក្នុងជំនួបកំពូលនានាជាមួយរដ្ឋាភិបាលកម្ពុជា។»
សហរដ្ឋអាមេរិកផ្ដល់ជំនួយប្រមាណ៧០លានដុល្លារក្នុងមួយឆ្នាំៗមកកាន់កម្ពុជាលើវិស័យអប់រំ កសិកម្ម សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អជាដើម។
ដោយឡែកប្រទេសអ្នកផ្តល់ជំនួយធំពីរផ្សេងទៀតគឺសហគមន៍អឺរ៉ុបនិងស្ថានទូតជប៉ុនប្រចាំកម្ពុជាមិនបានឆ្លើយតបហ្នឹងសំណួររបស់វីអូអេ ខេមរភាសានោះទេពីរថ្ងៃមកនេះ។
កម្ពុជាជាប្រទេសមួយដែលនៅពឹងផ្អែកខ្លាំងលើជំនួយបរទេសដើម្បីដំណើរការរដ្ឋាភិបាលនិងអភិវឌ្ឍប្រទេសនៅឡើយ។ ចាប់ពីឆ្នាំ១៩៩៣រហូតដល់ឆ្នាំ២០១២ កម្ពុជាទទួលជំនួយនិងកម្ចីសម្បទានពីបរទេសប្រមាណ១០ពាន់លានដុល្លារ។
លោក Muhsinin Dolisada លេខាទីមួយស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា អះអាងថាប្រទេសឥណ្ឌូណេស៊ីក៏ដូចជាបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀតដែរប្រកាន់គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
«សម្រាប់យើងក៏ដូចជាប្រទេសសមាជិកអាស៊ានផ្សេងទៀតដែរ ខ្ញុំគិតថាយើងមិនដាក់សម្ពាធឬក៏ជ្រៀតជ្រែកពីការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជានោះទេ ពីព្រោះខ្ញុំគិតថាយើងអាចពិភាក្សាតាមរយៈយន្តការរបស់អាស៊ានបានព្រោះយើងក៏មានស្ថាប័នសិទ្ធិមនុស្សអាស៊ានដែរ។»
ប្រទេសឥណ្ឌូណេស៊ីជាប្រទេសសម្របសម្រួលកិច្ចចរចាសន្តិភាពដ៏សំខាន់មួយរបស់កម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ ហើយក៏ជាប្រទេសប្រជាធិបតេយ្យធំបំផុតក្នុងសមាគមអាស៊ានដែរ ដោយមានប្រជាជនជាង២៥០លាននាក់។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី អះអាងថាការលើកឡើងរបស់អង្គការHuman Rights Watch មិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សជាក់ស្តែងរបស់កម្ពុជានោះទេ ហើយប្រទេសម្ចាស់ជំនួយនានាក៏មិនបានចាប់អារម្មណ៍នឹងសំណើបែបនេះនោះដែរ។
«នេះជាក្រុមមួយ យើងមិនចាត់ទុកជាស្ថាប័នទេ ដូច្នេះការលើកឡើងដល់ម្ចាស់ជំនួយឱ្យផ្ដាច់ជំនួយមកប្រជាជាតិខ្មែរ នេះជាការប្រមាថដល់ការយល់ដឹងនិងការសម្រេចចិត្តរបស់ដៃគូអភិវឌ្ឍន៍ ដូច្នេះម្ចាស់ជំនួយឬក៏ដៃគូអភិវឌ្ឍន៍របស់កម្ពុជាគេមានទូតរបស់គេនៅកម្ពុជា ហើយគេប្រហែលជាដឹងស្ថានភាពពិតប្រាកដ។ ដូច្នេះរដ្ឋាភិបាលមិនចាប់អារម្មណ៍ ហើយប្រទេសម្ចាស់ជំនួយក៏មិនចាប់អារម្មណ៍។ នេះគ្រាន់តែជាភាសារបស់ក្រុមមួយប៉ុណ្ណោះ។»
លោក ផៃ ស៊ីផាន បន្ថែមថាអនុសាសន៍របស់សហគមន៍អន្តរជាតិដែលបានស្នើឡើងនាពេលកន្លងមកគ្រាន់តែជាការយល់ឃើញប៉ុណ្ណោះ។ ហើយរដ្ឋាភិបាលកម្ពុជាមានសិទ្ធិទទួលយកឬបដិសេធចោល ត្បិតកម្ពុជាជារដ្ឋអធិបតេយ្យ ឯករាជ្យ និងមិនស្ថិតក្រោមឥទ្ធិពលនៃប្រទេសឬក្រុមណាមួយនោះឡើយ៕
No comments:
Post a Comment