Paris Peace Accords 23 Oct. 1991

Tuesday, July 8, 2014

មនុស្ស​ យ៉ាង​តិច​ ១០​នាក់ ​របួស ខណៈ​ប៉ះទង្គិច ​នៅមុខ​ស្ថានទូត ​វៀតណាម​​


មនុស្ស​ យ៉ាង​តិច​ ១០​នាក់ ​របួស ខណៈ​ប៉ះទង្គិច ​នៅមុខ​ស្ថានទូត ​វៀតណាម​​


ដោយ៖​ ណាត សុភាព​​ / វីអូឌី | ថ្ងៃអង្គារ ទី8 កក្កដា 2014

មនុស្ស​ យ៉ាង​ហោច​ណាស់ ១០​នាក់ ​រងរបួស នៅ​គ្រា​ប៉ះទង្គិច ​ដោយ​ហិង្សា ​រវាង ​ក្រុម​សមត្ថកិច្ច  និង​ក្រុម​ពលរដ្ឋ​ខ្មែរ ដែល​ទៅ​ដាក់​ញត្តិ​ ​នៅ​ស្ថានទូត​ វៀតណាម​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ឲ្យ ​សុំ​ទោស ចំពោះ​សម្តី ​របស់​ អ្នកនាំពាក្យ ​ស្ថានទូត​នេះ ដែលថា ទឹក​កម្ពុជា​ក្រោម ​ជា​ របស់​ខ្លួន​តាំងពី យូរ​ណាស់​ មកហើយ​។​
សាក្សី បាន​អះអាង​ ប្រាប់​អ្នកសារព័ត៌មាន នៅ​កន្លែង ​តវ៉ា​នោះ​ ថា ក្រុម​កងសន្តិសុខ​ ខណ្ឌ​ចំការមន បាន​ដេញ​វាយ​ លើ​ក្រុមយុវជន និង​បេក្ខជន​ជាប់ឆ្នោត​ តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក ម៉ែន សុថា​វ​រិន្ទ្រ ដែល​មាន​ដើមកំណើត​ ជា​ខ្មែរ​កម្ពុជា​ក្រោម រួមទាំង​ព្រះសង្ឃ ​ជាច្រើន​អង្គ ដែល​ព្យាយាម​ ចូលរួម​តវ៉ា​ នៅ​លើកំណាត់​ផ្លូវ ​ព្រះមុនីវង្ស​។
សាក្សី​បានឲ្យ​ដឹង​ដែរថា ក្នុង​ចំណោម​អ្នក​របួស​នោះ ក៏​មាន​សមត្ថកិច្ច និង​កង​សន្តិសុខ​រង​របួស​ម្នាក់​ដែរ ដោយសារ​វាយ​ច្រឡំ​គ្នាឯង នៅពេល​ស្ថានការណ៍​ច្របូកច្របល់ ខណៈ​មាន​ការ​គប់​ដុំ​ថ្ម​ដាក់​គ្នា​។ ការផ្ទុះ​ហិង្សា​នេះ បាន​ឡើង​បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ដេញ​បំបែកអ្នក​តវ៉ា​ចេញ​ពី​មុខ​ស្ថានទូត​វៀតណាម ដោយសារ​មន្ត្រី​ទូត​នេះ​ចេញ​មក​ទទួល​ញត្តិ​តែ​មិន​មាន​ញត្តិ​។ ប៉ុន្តែ​ក្រុមអ្នកតវ៉ា ឲ្យដឹងថា ញត្តិ និង​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​សមត្ថកិច្ច​ចាប់​យក​ទៅ​ហែក​ចោល​អស់​ហើយ​។​
​អនុប្រធាន​ផ្នែក​សិទ្ធិមនុស្សនៃ​សមាគម អាដហុក លោក ណៃ វ៉ង់​ដា ដែល​តាមដាន​ករណីនេះ​ថ្លែងថា ការរារាំង​ពី​សំណាក់​អាជ្ញាធរ​ទៅលើ​ក្រុម​បាតុករ​ ដែល​យក​ញ​តិ្ត​ដាក់​នៅ​ស្ថានទូត​វៀតណាម​នោះ ហើយ​បង្ក​ឲ្យមាន​ហិង្សា​បែប​នេះ គឺ​មិន​មាន​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​ខ្មែរ​ទេ​។
VOD មិនអាច​សុំ​ការបំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ​ បាន​ទេ នៅ​ថ្ងៃ​អង្គារ​នេះ​។​
ព្រះ​តេជគុណ យី តារា គង់នៅ​វត្ត​សាមគ្គី​រង្សី ក្នុង​រាជធានី​ភ្នំពេញ មាន​ថេរ​ដីកា​ថា កង​ប្រដាប់អាវុធ ​កាន់​កាំភ្លើង ដំបងឆក់ និង​ខែល ប្រមាណ​៤០០​នាក់ បាន​ឡោ​ម​ព័ទ្ធ ដើម្បី​រារាំង​ព្រះសង្ឃ សិស្ស និស្សិត និង​ពុទ្ធបរិស័ទ មិន​ឲ្យទៅ​ចូលរួម​បាតុកម្ម​ជាមួ​យ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ នៅមុខ​ស្ថានទូត​វៀតណាម​នោះទេ​។​
ការតវ៉ា​ដែល​ដឹកនាំ​ដោយ​លោក ម៉ៅ ពិសេស សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​នេះ ដោយសារ​តែ​មន្ត្រី​នាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន​ថុង បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា «​បារាំង​មិន​បាន​កាត់​ទឹកដី​ខ្មែរ កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ គឺ​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ»។​
​ប៉ុន្តែ​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បញ្ជាក់ថា កាល​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយម​បារាំង បាន​អនុម័ត​ច្បាប់​មួយ ដោយ​សម្រេច​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ចំនួន​២១​ខេត្ត​ក្រុង ទៅ​ឲ្យ​វៀតណាមត្រួតត្រា ដោយ​មិន​បាន​សួរ​មតិ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ស្រុក ឬ​ថ្នាក់ដឹកនាំ​នៃកម្ពុជា នា​សម័យ​នោះឡើយ​៕



No comments:

Post a Comment