កម្លាំងសមត្ថកិច្ច និស្សិត និងព្រះសង្ឃ ប្រឈមដាក់គ្នានៅព្រឹកថ្ងៃអង្គារនេះ(រូបភាពដោយជន ស្រីណុច)
សមត្ថកិច្ច បំបែក ការប្រមូលផ្តុំ របស់ ក្រុមនិស្សិត និងព្រះសង្ឃ នៅមុខស្ថានទូត វៀតណាម
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃអង្គារ ទី8 កក្កដា 2014
សមត្ថកិច្ចចម្រុះ ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃអង្គារនេះ បំបែក ក្រុមនិស្សិត និងព្រះសង្ឃ ជាង១០០នាក់/អង្គ ដែលគ្រោងប្រមូលផ្តុំ នៅមុខស្ថានទូត វៀតណាម ក្នុងបំណងទាមទារ ឲ្យប្រទេសនេះ សុំទោស ចំពោះការអះអាង ថា ទឹកដីកម្ពុជាក្រោម ជារបស់ វៀតណាម។
នៅម៉ោងប្រមាណជិត៨ព្រឹកថ្ងៃអង្គារនេះ ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា លោក ម៉ៅ ពិសេស ដឹកនាំនិស្សិតប្រមាណ១០០នាក់ ដើម្បីប្រមូលផ្តុំនៅមុខស្ថានទូតវៀតណាមស្ថិតនៅលើផ្លូវព្រះមុនីវង្ស ក្នុងការទាមទារឲ្យវៀតណាមសុំទោសចំពោះការដែលមន្ត្រីទូតនេះថ្លែងកាលពីដើមខែមិថុនាថា ទឹកដីកម្ពុជាក្រោមជាកម្មសិទ្ធិរបស់វៀតណាម តាំងពីដើមមក មិនមែនបារាំងកាត់ចេញពីកម្ពុជាទេ។
ការប្រមូលផ្តុំរបស់អ្នកតវ៉ា បណ្តាលឲ្យកកស្ទះផ្លូវព្រះមុនីវង្ស មុខក្រសួងដែនដីនគរូបនីយកម្ម មិនអាចធ្វើចរចរណ៍បាន។ដល់ម៉ោងជាង៨ព្រឹកនេះដែរ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ក៏បានដឹកនាំប្រជាពលរដ្ឋមួយចំនួនចូលរួមតវ៉ាជាមួយក្រុមនិស្សិត ដើម្បីឲ្យវៀតណាមសុំទោសនេះដែរ។
ចំណែកសមត្ថកិច្ចចម្រុះជាង១០០នាក់ បានព្យាយាមបំបែកការប្រមូលផ្តុំនោះ តែមិនទាន់មានព័ត៌មានពីអ្នករងរបួសទេ។
កន្លងទៅ អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅក្នុងប្រទេសកម្ពុជា លោកត្រឹង វ៉ានថុង កាលពីដើមខែមិថុនាកន្លងទៅ បានអះអាងប្រាប់អ្នកសារព័ត៌មានថា «បារាំងមិនបានកាត់ ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមទេតែកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយព័ត៌មានបាត់បង់ទឹកដីគ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភ័ស្តុតាងទេ»៕
No comments:
Post a Comment