ការប្រកួតប្រជែង តំណែង ប្រធានាធិបតី ឥណ្ឌូនេស៊ី កាន់តែ ក្តៅគគុក
VOA | ៤ កក្កដា ២០១៤
នៅពេល ដែលពួក អ្នកបោះឆ្នោត ១៨៧លាន នាក់ នៅក្នុងប្រទេស កាន់លទ្ធិប្រជាធិបតេយ្យ ធំ ទី៣ របស់ ពិភពលោក ប្រុងប្រៀប ធ្វើដំណើរ ទៅកាន់ ស្ថានីយបោះឆ្នោត នៅថ្ងៃ ទី៩ ខែកក្កដា ការប្រកួតប្រជែង រវាង បេក្ខជន ប្រធានាធិបតី មានក្តីសង្ឃឹម ទាំង២ កំពុងក្តៅគគុក។
អស់រយៈពេល ប៉ុន្មានខែ ថ្មីៗនេះ, អភិបាលក្រុង ដ៏មានប្រជាប្រីយភាព លោក Joko Widodo ឬ Jokowi ដែលជាឈ្មោះ គេហៅលោក នៅទីនេះ បានតាមមើល ការធ្លាក់ចុះ ការនាំមុខ យ៉ាងស្រួល របស់លោក ពីចំនួន ជាង២៥ ភាគរយ មកដល់ លេខមួយខ្ទង់។
ការស្ទង់មតិភាគច្រើន នៅតែដាក់លោក Jokowi នាំមុខ ក៏ប៉ុន្តែបាននាំមុខបន្តិចបន្តួច។ លោក Prabowo Subianto គូប្រកួតប្រជែងរបស់លោកបានធ្វើយុទ្ធនាការយ៉ាងខ្លាំងហើយនៅក្នុងការ ស្ទង់មតិខ្លះ កំពុងស្ថិតពីក្រោយតែ៣ភាគរយ។
លោក Douglas Ramage អ្នកវិភាគនយោបាយនៅក្រុមហ៊ុន Bower Group Asia និយាយថា លោក Prabowo បានប្រុងប្រៀបខ្លួនជាយូរយារណាស់មកហើយដើម្បីឱកាសនេះ។
«ចូរចងចាំថា នេះជាបេក្ខជនប្រធានាធិបតីដែលអាចជាបេក្ខជនប្រធានាធិបតីដ៏មានបទ ពិសោធន៍បំផុតមួយក្នុងទ្វីបអាស៊ី។ លោកបានឈរឈ្មោះជាប្រធានាធិបតី៣លើកនៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ លោកកាន់តែស្ទាត់ជំនាញខាងការឃោសនា។»
យុទ្ធនាការរៀបចំបានយ៉ាងល្អរបស់លោក Prabowo ហើយនឹងសន្ទរកថាប្រកបដោយការបញ្ជានិងជាតិនិយមអំពីការទាមទារមកវិញ នូវទ្រព្យសម្បត្តិធម្មជាតិរបស់ឥណ្ឌូនេស៊ីកំពុងទាក់ទាញពួកអ្នក បោះឆ្នោតឥណ្ឌូនេស៊ីកាន់តែច្រើនឡើង។ ក៏ប៉ុន្តែការកើនប្រជាប្រិយភាពរបស់លោក ក៏មិនមែនមិនមានភាពចម្រូងចម្រាស់ដែរ។
អតីតឧត្តសេនីយ៍ បានទទួលរងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សក្នុងប្រទេស ទីម័រខាងកើតហើយនឹងការបញ្ជាឲ្យចាប់ពង្រត់ពួកសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩៨ ខណៈដែលលោកធ្វើជាមេបញ្ជាការកងកម្លាំងពិសេស។
ពួកអ្នករិះគន់ ភ័យខ្លាចថា លោក Prabowo ដែលមិនធ្លាប់បានទទួលការកាត់ទោសនៅតុលាការស៊ីវិលលើការចោទប្រកាន់ នេះ អាចធ្វើឲ្យថយក្រោយដល់សេរីភាពតាមបែបប្រជាធិបតេយ្យដែលពលរដ្ឋ ឥណ្ឌូនេស៊ីបានទទួលចាប់តាំងពីការធ្លាក់ចេញពីអំណាចរបស់ប្រធាធិបតី Suharto មក។
កាលពីសប្តាហ៍មុន លោក Robert O. Blake ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ហាក់ដូចជាបានបញ្ចេញយោបល់ដែរ ដោយបានប្រាប់កាសែត The Wall Street Journal ដែលមានទីតាំងក្នុងសហរដ្ឋអាមេរិកថា ខណៈដែលសហរដ្ឋអាមេរិក មិនប្រកាន់ជំហរណាមួយលើការបោះឆ្នោតនោះ សហរដ្ឋអាមេរិក បានជំរុញឲ្យឥណ្ឌូនេស៊ីស៊ើបអង្កេតការចោទប្រកាន់ពីការរំលោភសិទ្ធិ មនុស្សនេះ។
សេចក្តីអត្ថាធិប្បាយបានបណ្តាលឲ្យមានការខឹងសម្បារក្នុងចំណោមពួក មន្រ្តីខ្លះនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលនិយាយថា វាជាការមិនអាចទទួលយកបានដែលសហរដ្ឋអាមេរិកជ្រៀតជ្រែកក្នុងកិច្ច ការផ្ទៃក្នុងនោះ។ កាលពីថ្ងៃច័ន្ទ លោក Marty Natalegawa រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានពណ៌នាសេចក្តីអត្ថាធិប្បាយនោះថា ជា«កង្វះការវិនិច្ឆ័យដែលពិបាកទទួលយក។»
មនុស្សផ្សេងទៀត ដូចជាលោក Aleksuis Jemadu សាស្រ្តាចារ្យខាងវិទ្យាសាស្រ្តនយោបាយមកពីសាកលវិទ្យាល័យ Pelita Harapan និយាយថា សហរដ្ឋអាមេរិកកំពុងជំរុញមេដឹកនាំដែលមានឆន្ទៈឲ្យទទួលយកគោលនយោបាយ ការបរទេសសហរដ្ឋអាមេរិកហើយនឹងផលប្រយោជន៍ខាងយុទ្ធសាស្រ្តរបស់ខ្លួន។
«ខ្ញុំគិតថា វាបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលរបស់លោក Prabowo នឹងមានលក្ខណៈជាតិនិយមខ្លាំងពេក ហើយប្រហែលធ្វើឲ្យមិនស្រួលដល់សហរដ្ឋអាមេរិកដើម្បីអញ្ជើញឥណ្ឌូនេស៊ី ចូលក្នុងផែនការយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកដើម្បីប្រឈមនឹងការ ងើបឡើងរបស់ចិននៅពេលនេះ។»
នៅពេលដែលលោក Prabowo សរសៀរទៅរកជ័យជម្នះកាន់តែខ្លាំងឡើង ប្រជាប្រីយភាពរបស់លោកJokowo ទំនងបានរងផលប៉ះពាល់ដោយយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះជាបន្តបន្ទាប់ ដែលចោទប្រកាន់ថា លោកជាអ្នកកាន់សាសនាគ្រឹស្តឬជនជាតិចិន។
នៅក្នុងប្រទេសមួយដែលមានអ្នកកាន់សាសនាអ៊ីស្លាមដ៏ច្រើនលើស លុប លោក Jokowi បានត្រូវបង្ខំលះបង់ពេលវេលាដើម្បីកម្ចាត់ពាក្យចចាមអារ៉ាម ដែលអ្នកជំនាញនិយាយថា ការណ៍នេះបានបណ្តាលឲ្យលោកលះបង់ជំហររបស់ខ្លួន។
ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោក Jokowi សម្រាប់អភិបាលកិច្ចស្អាតស្អំមួយហើយនឹងរបៀបនៃការដឹកនាំមាន ប្រជាពលរដ្ឋនិយម បានទាក់ទាញពួកអ្នកបោះឆ្នោតខ្លះ។
លោកស្រី Christine Naomi ជាអ្នកគាំទ្រនិងសកម្មជនខាងសង្គម និយាយថា ការប្រតិបត្តិប្រកបដោយតម្លាភាពរបស់លោក Jokowi នឹងធ្វើឲ្យខ្ទរខ្ទារពេញសភាប្រសិនបើលោកជាប់ឆ្នោត។
លោកស្រី Naomi នៅខាងក្រៅការប្រជុំខាងនយោបាយរបស់លោក Jokowi ក្នុងរដ្ឋធានី Jakarta និយាយថា៖ «មេដឹកនាំល្អនឹងធ្វើឲ្យប្រាកដថា ពួកសមាជិកសភាមានការភ័យខ្លាចដល់ការធ្វើអ្វីខុស។ ឥណ្ឌូនេស៊ី មិនត្រូវការមេដឹកនាំខ្លាំងឬឧត្តមសេនីយ៍ទេ»។ លោកស្រី និយាយបន្តទៀតថា៖ «ក៏ប៉ុន្តែ ឥណ្ឌូនេស៊ី ត្រូវការមេដឹកនាំ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរ។»
ការបោះឆ្នោតនៅឆ្នាំនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងការធ្វើឲ្យជឿនលឿនតាមបែបប្រជា ធិបតេយ្យរបស់ឥណ្ឌូនេស៊ី នៅពេលដែលប្រទេសនេះនឹងប្រារព្ធជាលើកទីមួយនូវការផ្ទេរអំណាចពី មេដឹកនាំជាប់ឆ្នោតមួយរូបទៅឲ្យមេដឹកនាំជាប់ឆ្នោតមួយរូបទៀត។
ប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono បានបម្រើការ២អាណត្តិដែលជាចំនួនអតិបរមាដែលមានរយៈពេល៥ឆ្នាំ ក្នុងមួយអាណត្តិហើយមិនអាចមានលទ្ធភាពស្វះស្វែងរកអាណត្តិទី៣បាន ទេ៕
No comments:
Post a Comment