សមត្ថកិច្ចចម្រុះចុះបង្ក្រាបអ្នកជីករកត្បូងនៅចំការកៅស៊ូរដ្ឋឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្ងៃ៥ កក្កដា ២០១៤។
Adhoc Photo
ពលរដ្ឋ អំពាវនាវ ឲ្យអាជ្ញាធរ ទប់ស្កាត់ សកម្មភាព ជីកត្បូង អនាធិបតេយ្យ នៅរតនគិរី
ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ០៧ កក្កដា ២០១៤
មនុស្ស រាប់រយនាក់ នាំគ្នា ទៅជីករកត្បូង យ៉ាងអនាធិបតេយ្យ នៅតំបន់រ៉ែត្បូង ថ្មីមួយកន្លែង ឋិតនៅក្នុងអតីត ចំការកៅស៊ូរដ្ឋ ខេត្តរតនគិរី។
ប្រជាពលរដ្ឋ ជាអតីតក្រុមសាមគ្គី ចំការកៅស៊ូ ដែលធ្លាប់គ្រប់គ្រង ចំការកៅស៊ូ នៅតំបន់នោះ ចោទប្រកាន់ មេការ ក្រុមហ៊ុន ទទួលសិទ្ធិវិនិយោគ ចំការកៅស៊ូរដ្ឋ នេះ ថា បានឃុបឃិត ក្នុងសកម្មភាព ជីករករ៉ែត្បូង នេះ។
ប្រជាពលរដ្ឋ ជាអតីតសមាជិក ក្រុមសាមគ្គី ចំការកៅស៊ូរដ្ឋ នៅស្រុកបរកែវ ខេត្តរតនគិរី អំពាវនាវ ឲ្យអាជ្ញាធរ ពាក់ព័ន្ធខេត្ត ចាត់វិធានការ ទប់ស្កាត់ ករណីជីកត្បូង អនាធិបតេយ្យ នេះជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ ដើមកៅស៊ូ។
លោកបន្តថា តំបន់ជីកត្បូងគឺជាអតីតដីចំការក្រុមសាមគ្គីដែលកំពុងមានទំនាស់ប្ដឹងក្រុមហ៊ុន តាយ សេង តាមផ្លូវតុលាការ បន្ទាប់ពីក្រុមហ៊ុននេះបានរំលោភយកចំការកៅស៊ូក្រុមសាមគ្គី ហើយផ្ទេរសិទ្ធិទៅឲ្យក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺរ៍ ផ្លេនថេហ្សិន៖ «ខាងប្រជាពលរដ្ឋសំណូមពរកុំឲ្យប៉ះពាល់ដីកំពុងមានទំនាស់ហ្នឹង រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ប៉ុន្តែក្រុមហ៊ុននៅតែល្មើស ហើយខាងអាជ្ញាធរគេដូចជាមិនគាំទ្រយើងដែរ គេគាំទ្រខាងក្រុមហ៊ុន។»
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានរដ្ឋបាលក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺរ៍ ផ្លេនថេហ្សិន លោក និន បូរិន អះអាងថា បុគ្គលិកក្រុមហ៊ុនមិនមានពាក់ព័ន្ធការជីកត្បូងនោះទេ គឺប្រជាពលរដ្ឋនៅតំបន់នេះនាំគ្នាទៅជីករកត្បូងប៉ះពាល់ដីចំការកៅស៊ូដែលរដ្ឋប្រគល់មកក្រុមហ៊ុនវិនិយោគ។
លោកបន្តថា កាលពីឆ្នាំ២០១៣ ក្រុមហ៊ុនបានប្ដឹងប៉ូលិសឲ្យទប់ស្កាត់សកម្មភាពជីកត្បូងនៅតំបន់នោះ ករណីថ្មីនេះក្រុមហ៊ុនក៏បានប្ដឹងប៉ូលិសជួយទប់ស្កាត់ដូចគ្នា៖ «អាហ្នឹងសុទ្ធតែពាក្យគេថាផ្ដេសផ្ដាសអ៊ីចឹង គ្រាន់តែឃើញគេជីកទៅយើងប្ដឹងទៅស្នងការ ដេញម្ដងហើយ ដេញមិនឈ្នះ មិនដឹងគាត់គិតម៉េចទេ។»
របាយការណ៍អង្កេតរបស់មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី កាលពីថ្ងៃទី៥ ខែកក្កដា ក្រុមសមត្ថកិច្ចប៉ូលិស និងអាវុធហត្ថ ស្រុកបរកែវ បានចុះដកហូតគ្រឿងសម្ភារៈជីកត្បូងប្រមាណ ១០កន្លែង ក្នុងចំណោមកម្មករជាង ១០០នាក់ កំពុងជីករណ្ដៅត្បូងច្រើនកន្លែងផ្សេងទៀត ក៏ប៉ុន្តែមិនឃើញមានចាប់ខ្លួនជនណាម្នាក់ឡើយ ដោយសារកម្មករបានរត់គេចពេលសមត្ថកិច្ចចុះបង្ក្រាប។
ទាក់ទិនបញ្ហានេះដែរ អធិការប៉ូលិសស្រុកបរកែវ លោក ម៉ៅ សាន់ ឲ្យដឹងដែរថា សមត្ថកិច្ចបានបង្ក្រាបសមកម្មភាពជីកកកាយរកត្បូងនោះហើយ។ លោកថា ប្រជាពលរដ្ឋនៅភូមិចំនួនបីក្នុងឃុំឡាមិញ គឺជាអ្នករុករកត្បូងនៅតំបន់នោះជាលក្ខណៈគ្រួសារ៖ «ប្រជាជនទាំងអស់ហ្នឹងតែចេញពីចំការគាត់អស់ការងារធ្វើ ទំនៀមទម្លាប់បងប្អូននៅស្រុកហ្នឹង គេរកស៊ីមុខរបរអ៊ីចឹងទៅ គាស់កកាយតាមរណ្ដៅ តាមភ្នំ តាមអូរ យូរៗទៅវាឡើងមកដល់ដីកៅស៊ូក្រុមហ៊ុនហ្នឹង។ ក្រុមហ៊ុនក៏គេប្ដឹង អ្នកមានទំនាស់ក្បែរព្រំដីក៏គេប្ដឹង។»
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា សកម្មភាពជីកត្បូងនេះធ្វើឡើងច្រើនថ្ងៃមុនពេលសមត្ថកិច្ចចុះបង្ក្រាប និងជាចលនារកត្បូងមានខ្សែសង្វាក់ធ្វើឲ្យប៉ះពាល់បរិស្ថាន ដីចំការកៅស៊ូ និងធនធានរ៉ែក្នុងដីប្រមាណ ២ហិកតារ។ លោកចាត់ទុកថា នេះគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន និងអាជ្ញាធរដែលអូសបន្លាយឲ្យកើតមានសកម្មភាពជីកត្បូងអនាធិបតេយ្យនេះ៖ «រណ្ដៅគេជីកប្រហែល ១០០រណ្ដៅហើយ ដូចរណ្ដៅបាយខុមអ៊ីចឹង ជាអណ្តូងៗ។ ព័ត៌មានថាមានថៅកែគេនៅក្រោយខ្នងកម្មករបានទទួលសិទ្ធិជីករករ៉ែហ្នឹងពី ៣៣ហិកតារ។»
ឃុំឡាមិញ ស្រុកបរកែវ គឺជាតំបន់មានរ៉ែត្បូងមានតម្លៃ ជាពិសេសនៅតំបន់ភ្នំដាង ច្រើនឆ្នាំកន្លងទៅនេះ រ៉ែត្បូងត្រូវគេជីកកកាយដោយដៃ ឬប្រើប្រាស់ម៉ាស៊ីនបូមទឹកបាញ់ទម្លុះដីយកត្បូងធ្វើអាជីវកម្មគ្មានការទទួលខុសត្រូវ។
ប្រធានមន្ទីររ៉ែនិងថាមពលរដ្ឋខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន នៅថ្ងៃទី៧ ខែកក្កដា បដិសេធមិនអធិប្បាយសំណួរវិទ្យុអាស៊ីសេរី លើបញ្ហានេះទេ៕
No comments:
Post a Comment