ការហាត់សមក្នុងការដង្ហែព្រះបរមអដ្ឋិអតីតព្រះមហាក្សត្រ (រូបថត៖ តាំង វីដា)
ព្រះបរម រាជវាំង ហាត់សម ជាលើកទី២ ក្នុងការដង្ហែ ព្រះបរមអដ្ឋិ អតីត ព្រះមហាក្សត្រ
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអង្គារ ទី8 កក្កដា 2014
មន្ត្រី ព្រះបរម រាជវាំង ជាង២០០០នាក់ នៅព្រឹកថ្ងៃអង្គារនេះ ហាត់សម ជាលើកទី២ នូវក្បួនដង្ហែ ព្រះបរមអដិ្ឋ ព្រះបាទ នរោត្តម សីហនុ ចូលទៅតម្កល់ ក្នុងព្រះវិហារ ប្រាសាទ ព្រះកែវមរកត ក្នុងព្រះបរម រាជវាំង ដើម្បីត្រៀម សម្រាប់ ពិធី ជាផ្លូវការ ដែលនឹងធ្វើឡើង នៅថ្ងៃទី១១ ខែកក្កដាខាងមុខនេះ។
ការហាត់សាកល្បងលើកទីពីរនៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ ដឹកនាំពីរដ្ឋមន្ត្រីព្រះបរមរាជវាំង លោក គង់ សំអុល ហើយក្បួនដង្ហែចាប់ផ្តើមពីខាងត្បូងសួនច្បារវត្តបុទុមវត្តី មកកាន់ច្រកខាងមុខនៃព្រះបរមរាជវាំង និងបានបញ្ចប់នៅម៉ោងជាង៩ និង៣០នាទីព្រឹក។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា វិធីហាត់សមលើកទី២នេះ មានអ្នកដង្ហែសរុប ២២២២នាក់ ហើយផ្តោតសំខាន់លើរបៀបនៃការដើរដង្ហែ និងការគ្រប់គ្រងសំឡេង ដោយសារពិសោធន៍លើកដំបូង នៅមានភាពខ្វះខាតខ្លះ តែការហាត់សមលើកទី២នេះ គឺបង្ហាញនូវភាពប្រសើរច្រើន។ លោកថា «និយាយរួម យើងដកពិសោធន៍ពេលដង្ហែម្តងហើយ វាបានលម្អច្រើនហើយ។»
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ឲ្យដឹងដែរថា ក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិនេះ ព្រះបរមរាជវាំង នឹងរៀបចំសោភ័ណភាពនៃការតុបតែងកម្មវិធី អំពូលបំភ្លឺ និងប៉ានណូតាមគោលដៅសំខាន់ៗមួយចំនួន ហើយសាលារាជធានី នឹងសហការជាមួយក្រសួងមហាផ្ទៃ ដាក់ពង្រាយកម្លាំងសមត្ថិច្ចរាប់ពាន់នាក់តាមច្រកក្បួនដង្ហែផងដែរ។ លោកថា «ខ្ញុំគិតថា មិនមានអ្វី ដែលអាចជាការរារាំងក្បួនបានទេ ព្រោះការត្រៀមទុករបស់យើង គឺយើងបានគិតគូរជាស្រេចហើយ យើងក៏ធ្លាប់ធ្វើកាលពីមុនដែរ បងប្អូនមានពិសោធន៍ នឹងការរៀបចំនេះ។»
តាមសៀវភៅរៀបចំព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាវីរក្សត្រ ការរៀបចំជាផ្លូវការនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ នឹងមានជា ៤ ផែនធំៗ ចម្ងាយផ្លូវជាង ១០ គីឡូម៉ែត្រ ហែចេញពីទ្វារជ័យព្រះបរមរាជវាំង ឆ្ពោះទៅកាន់ទិសខាងជើង តាមមហាវិថីសម្តេច សុធារស រួចបត់ឆ្វេងតាមវិថីព្រះធម្មលិខិត អ៊ុក (ផ្លូវ ១៨៤) បត់ឆ្វេងតាមមហាវិថីព្រះនរោត្តម ព័ទ្ធខាងលិចវិមានឯករាជ្យបត់ឆ្វេងតាមមហាវិថីព្រះសីហនុ រួចបទឆ្វេងតាមមហាវិថីព្រះ សុធារស ឆ្ពោះចូលទៅកាន់ទ្វារធំខាងកើតព្រះឧបោសថរតនារាមព្រះកែវ មរកតនៃព្រះបរមរាជវាំងវិញ ដើម្បីតម្កល់ព្រះបរមអដ្ឋិនៅក្នុងព្រះវិហារព្រះកែវមរកត។
នៅថ្ងៃព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ នឹងមានការចូលរួមដង្ហែពីសំណាក់មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ២ ម៉ឺននាក់ ហើយនិងមានរៀបចំផ្សាយបន្តផ្ទាល់នៅតាមតំបន់មួយចំនួនជាយរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋដែលមិនបានចូលរួមក្នុងពិធីបានទស្សនាព្រះរាជពិធីនេះ។
កាលពីថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» បានយាងចូលទិវង្គតនៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយជរាពាធ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា៕
No comments:
Post a Comment