សន្និសីទ សារព័ត៌មាន របស់ សមាគម អាដហុក ស្តីពី គំរាមកំហែង សម្លាប់ ជនជាតិដើម ភាគតិច នៅខេត្ត មណ្ឌលគិរី (រូបថត៖ ណាត សុភាព)
ជនជាតិដើម ភាគតិច ខេត្តមណ្ឌលគិរី បារម្ភ ពីសុវត្ថិភាព ដោយសារ ក្រុមហ៊ុន និងអាជ្ញាធរ គំរាមសម្លាប់
VOD | ១ កក្កដា ២០១៤
ប្រជាសហគមន៍ ជនជាតិដើម ភាគតិច នៅភូមិ ឡៅកា ខេត្ត មណ្ឌលគិរី ព្រួយបារម្ភ ពីសុវត្ថិភាព បន្ទាប់ ពីពួកគេ ត្រូវ បានអាជ្ញាធរ មូលដ្ឋាន និងក្រុមហ៊ុន ឯកជន ឈ្មោះ វីឡា ឌីវីឡប់មេន គំរាមសម្លាប់ និងចាប់ខ្លួន ខណៈពួកគេ ចុះទៅដកហូត សម្ភារៈអារឈើ របស់ ក្រុមហ៊ុន នៅតំបន់ មានជម្លោះ កាលពីថ្ងៃ ទី២៦ ខែមិថុនា។
តំណាង ជនជាតិដើម ភាគតិចម្នាក់ មកពីភូមិ ឡៅកា លោក ហាន ប៊ុនហ៊ីន ថ្លែងក្នុងសន្និសីទ សារព័ត៌មាន នៅសមាគម អាដហុក នាព្រឹកថ្ងៃអង្គារនេះ ថា, កាលពីថ្ងៃ ទី២៦ ខែមិថុនា នាយប៉ុស្តិ៍ ឃុំសុខុដុម លោក នូវ សុខារី និងគូកន ម្នាក់ទៀត បានយក កាំភ្លើង អាការ បាញ់រំលងក្បាល របស់គាត់ ចំនួន ពីរគ្រាប់, ហើយ ថែមទាំង បានយក កាំភ្លើង វាយក្បាលគាត់ បង្ក ឲ្យរងរបួសធ្ងន់ និង២នាក់ទៀត រងរបួសស្រាល, រួច ចាប់បញ្ជូន ២នាក់ ដាក់ក្នុងឡាន ទៅអធិការដ្ឋាន នគរបាល ប៉ុស្តិ៍ ឃុំសុខុដុម ក្រុង សែនមនោរម្យ ខណៈ ពួកគេ ចុះទៅដកហូត ម៉ាស៊ីន អារឈើ ចំនួន៣, ឡាមរណា ជ្រៀកឈើ ចំនួន៧ និងសាំង ៣កានកន្លះ របស់ ក្រុមហ៊ុន នៅតំបន់ មានជម្លោះ។
ជនជាតិដើមភាគតិចម្នាក់ទៀត អ្នកស្រី ម៉ា អារងំ ថ្លែងដែរថា បើទោះបីជាមានការគំរាមកំហែង ពីសំណាក់អាជ្ញាធរ និងសន្តិសុខក្រុមហ៊ុនវីឡាឌីវីឡប់មេន យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែតស៊ូការពារព្រៃសហគមន៍របស់ពួកគាត់ ដើម្បីជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ករណីនេះ អភិបាលខេត្តលោក អេង ប៊ុនហ៊ាង មិនអត្ថាធិប្បាយទេ ដោយប្រាប់ឲ្យទាក់ទងទៅលោក យឹម លុច តែលោក យឹម លុច មិនលើកទូរស័ព្ទ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក នី ចរិយា សម្តែងការសោកស្តាយនឹងអាជ្ញាធរមូលដ្ឋានគំរាមកំហែងជនជាតិដើមភាគតិច ហើយបែរជាទៅការពារក្រុមហ៊ុនកាប់បំផ្លាញព្រៃសហគមន៍នោះទៅវិញ។
សូមជម្រាបថា ព្រៃសហគមន៍ជនជាតិដើមភាគតិច គឺមានផ្ទៃដីប្រមាណជា៥ពាន់ហិកតា ស្ថិតនៅភូមិឡៅកា ឃុំសុខុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កាលពីឆ្នាំ២០០៨ ក្រសួងបរិស្ថាន បានផ្តល់ដីសម្បទាន២ពាន់ហិកតា ក្នុងចំណោម៥ពាន់ហិកតា ឲ្យជនជាតិដើមភាគតិចប្រមាណជាង២០០គ្រួសារ ដើម្បីឲ្យពួកគេបានប្រកបមុខរបររកជ័រទឹក ជ័ររាំង រកឃ្មុំ និងបោចវ័រផ្សេងៗជាដើម សម្រាប់ផ្គត់ផ្គង់គ្រួសារ តែក្រសួងមិនទាន់ចុះបញ្ជីដីធ្លីឲ្យពួកគេនៅឡើយ៕
No comments:
Post a Comment