រដ្ឋមន្ត្រី ក្រសួង ការបរទេស ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio KishiDa) ថ្លែងក្នុងសន្និសីទ កាសែត ក្រោយជំនួប ជាមួយ រដ្ឋមន្ត្រី ក្រសួង ការបរទេសកម្ពុជា លោក ហោ ណាំហុង នៅព្រឹកថ្ងៃទី៣០ មិថុនា ២០១៤ នារាជធានីភ្នំពេញ។
ជប៉ុន ស្នើឲ្យ កម្ពុជា កែទម្រង់ បោះឆ្នោត និងដោះស្រាយ បញ្ហានយោបាយ
វិទ្យុ អាស៊ី សេរី | ៣០ មិថុនា ២០១៤
ប្រមុខការទូត ជប៉ុន ស្នើឲ្យ កម្ពុជា កែទម្រង់ ការបោះឆ្នោត និងដោះស្រាយ បញ្ហាទំនាស់នយោបាយ ដើម្បីឲ្យ គ្រប់ភាគី អាចទទួលយកបាន។ ជំហរនេះ ត្រូវបានអះអាង ដោយ រដ្ឋមន្ត្រី ក្រសួង ការបរទេស ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio KishiDa) ក្នុងជំនួបពិភាក្សា ជាមួយ រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា លោក ហោ ណាំហុង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា។
ក្នុងសេចក្ដីថ្លែងការណ៍នៅទីស្ដីការក្រសួងការបរទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ចាត់ទុកទំនាស់នយោបាយបន្ទាប់ពីការបោះឆ្នោតនៅកម្ពុជាថា ជាស្នាមប្រេះឆានៃសង្គមកម្ពុជា។ មន្ត្រីការទូតរូបនេះយល់ថា អ្នកនយោបាយខ្មែរត្រូវតែដោះស្រាយបញ្ហាប្រកបដោយការទទួលខុសត្រូវ។
រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា ថ្លែងថា ជប៉ុននឹងបន្តជួយកម្ពុជា ក្នុងដំណើរការកែទម្រង់ការបោះឆ្នោតតាមលទ្ធផលដែលក្រុមការងារកំណែទម្រង់ការបោះឆ្នោតរបស់ជប៉ុន មកទស្សនកិច្ចស្វែងយល់កាលពីខែឧសភា កន្លងទៅ។
លោកបន្តថា ជប៉ុនសង្ឃឹមថា កម្ពុជានឹងបន្តដំណើរទៅមុខទៀតជាលំដាប់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងមានទិសដៅច្បាស់លាស់ ធ្វើការកែទម្រង់មួយដែលទាំងគណបក្សកាន់អំណាចនិងបក្សប្រឆាំងអាចទទួលយកបាន។»
ក្រៅពីជជែកពីរឿងនយោបាយក្នុងប្រទេសកម្ពុជា ភាគីទាំងពីរក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគី ផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយក្នុងតំបន់។ ជប៉ុនបានសម្រេចផ្ដល់ជំនួយដល់កម្ពុជា ចំនួនជាង ១៣០លានដុល្លារ សម្រាប់គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងមួយចំនួនទៀត។ រដ្ឋាភិបាលទាំងពីរក៏បានព្រមព្រៀងគ្នារៀបចំការហោះហើរត្រង់ពីជប៉ុន មកកាន់កម្ពុជា ទៀតផង។
ចំណែកឯរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង មិនបានប្រាប់អ្នកកាសែតថា ខ្លួនមានជំហរបែបណានោះទេចំពោះរឿងរ៉ាវដែលជប៉ុនលើកឡើងជុំវិញដំណោះស្រាយនយោបាយផ្ទៃក្នុងកម្ពុជានេះ។ លោកក៏មិនអនុញ្ញាតឲ្យអ្នកកាសែតសួរបន្ថែមនូវគ្រប់រឿងរ៉ាវដែលភាគីទាំងពីរជួបគ្នានោះដែរ។ លោក ហោ ណាំហុង ហាក់មានសុខភាពមិនល្អផងនោះ បានរៀបរាប់ច្រើនពីគុណសម្បត្តិជប៉ុន ដែលធ្លាប់គាំទ្រនិងផ្ដល់ជំនួយដល់កម្ពុជា។
លោកបញ្ជាក់ថា ភាគីកម្ពុជា គាំទ្រសកម្មភាពជប៉ុន ក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ ហើយលោកក៏ឆ្លៀតបន្ទោសមិត្តយូរឆ្នាំរបស់កម្ពុជា គឺកូរ៉េខាងជើង ថារំលោភម្ដងជាពីរដងលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ «យើងមានការឯកភាពគ្នាថា មានការព្រួយបារម្ភនៅពេលដែលកូរ៉េខាងជើងនៅបន្តបាញ់កាំជ្រួចរំលោភលើសេចក្ដីព្រមព្រៀងរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។»
នៅពេលបញ្ចប់សេចក្ដីថ្លែងការណ៍ ភាគីជប៉ុនបានអនុញ្ញាតឲ្យអ្នកកាសែតជប៉ុន ជាច្រើននាក់សម្ភាសក្នុងបន្ទប់មួយដាច់ដោយឡែកក្នុងក្រសួងការបរទេសកម្ពុជា។ ស្របគ្នានោះ ភាគីក្រសួងការបរទេសកម្ពុជា មិនអនុញ្ញាតឲ្យអ្នកសែតសួរឡើយសូម្បីតែមួយសំណួរ។
ទាក់ទងនឹងទំនាស់នយោបាយផ្ទៃក្នុងកម្ពុជាវិញ ទាំងគណបក្សកាន់អំណាចនិងបក្សប្រឆាំង សុទ្ធតែធ្លាប់បញ្ជាក់ប្រាប់ភាគីកំណែទម្រង់ការបោះឆ្នោតមកពីជប៉ុនថា ខ្លួនមានបំណងដោះស្រាយបញ្ហាដោយសន្តិវិធី។ បក្សកាន់អំណាចចង់ឲ្យស្ថាប័នរៀបចំការបោះឆ្នោតត្រូវជ្រើសតាំងដោយសមាជិកសភាភាគច្រើនដាច់ខាត ចំណែកបក្សប្រឆាំងចង់ដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងត្រូវទាមទារការគាំទ្រពីសមាជិកសភាចំនួន ២ ភាគ ៣ នៃសមាជិកសរុប។ មកទល់ពេលនេះ ពន្លឺនៃដំណោះស្រាយនយោបាយនៅកម្ពុជា នៅមិនទាន់មាននៅឡើយ។
ប្រទេសជប៉ុន ជាប្រទេសផ្ដល់ជំនួយឥតសំណងច្រើនជាងគេមកឲ្យកម្ពុជា។ សព្វថ្ងៃនេះជប៉ុននិងកម្ពុជា ពង្រីកទំនាក់ទំនងការទូត ក្លាយជាដៃគូយុទ្ធសាស្ត្រកាលពីចុងឆ្នាំ២០១៣ ខណៈដែលគូសត្រូវរបស់ជប៉ុន គឺប្រទេសចិន បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា តាំងពីឆ្នាំ២០១២៕
No comments:
Post a Comment