ភ្ញៀវទេសចរណ៍ ថតរូបជាអនុស្សាវរីយ៍ នៅមុខប្រាសាទអង្គរវត្ត (រូបថត៖ បូ សាវី)
ក្រុងសៀមរាប ជាប់ចំណាត់ថ្នាក់ លេខ៤ លើពិភពលោក ជាទីក្រុងស្អាតបំផុត
ដោយ៖ បូ សាវី / វីអូឌី | ថ្ងៃពុធ ទី9 កក្កដា 2014
រដ្ឋមន្ដ្រី ក្រសួង ទេសចរណ៍ ឲ្យដឹងថា ក្រុងសៀមរាប ត្រូវបាន ទស្សនាវដ្ដី អន្ដរជាតិ មួយ វាយតម្លៃ ថា ជាទីក្រុងស្អាតបំផុត ជាប់ចំណាត់ថ្នាក់ លេខ២ នៅអាស៊ី និងជាប់ លេខ៤ នៅលើពិភពលោក ដែលត្រូវជ្រើសរើស នៅឆ្នាំ២០១៤នេះ។
រដ្ឋមន្ដ្រី ក្រសួង ទេសចរណ៍ លោក ថោង ខុន ប្រាប់ VOD នៅព្រឹកថ្ងៃពុធនេះ ថា ទស្សនាវដ្ដីទេសចរណ៍ អាមេរិកកាំង ឈ្មោះ Travel Leisure បានវាយតម្លៃ ថា ទីក្រុងប្រវត្ដិសាស្ដ្រ បុរាណនេះ ជាប់ចំណាត់ថ្នាក់ លេខ២ នៅក្នុងចំណោមទីក្រុង ចំនួន១០ នៅអាស៊ី និងជាប់ លេខ៤ នៅលើពិភពលោក ដែលមិនធ្លាប់មាន កន្លងមក ខណៈក្រុងតូក្យូ របស់ ជប៉ុន ជាប់ចំណាត់ថ្នាក់ លេខ១ ផ្នែកទីក្រុងស្អាតបំផុត ក្នុងការទស្សនាកំសាន្ត។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋមួយចំនួននៅក្រុងសៀមរាប មិនមានការភ្ញាក់ផ្អើលលើកការវាយតម្លៃរបស់ទស្សនាវដ្ដីទេសចរណ៍បរទេស ដែលថាក្រុងសៀមរាបជាប់ចំណាត់ល្អនេះទេ ព្រោះពួកគេមើលឃើញពីបរិស្ថាននៅក្នុងក្រុងសៀមរាប ដែលស្អុយសំរាម និងដីហុយ ខណៈផ្លូវមួយចំនួនរងការខូចខាត។
ពលរដ្ឋនៅក្រុងសៀមរាប លោក ជា សាវី មានប្រសាសន៍ថា ការវាយតម្លៃនេះមិនបានមើលឃើញពីស្ថានភាពទាំងមូលនៃក្រុងសៀមរាបទេ។ លោកបន្ដថា តំបន់ទេសចរណ៍នេះមានតែប្រាង្គប្រាសាទអង្គរវត្ដ និងប្រាសាទបុរាណផ្សេងៗទៀត និងផ្លូវផបស្ទ្រីត(POP STREET)ប៉ុណ្ណោះ ដែលជាទីចាប់អារម្មណ៍ ប៉ុន្តែនៅរដូវវស្សាទឹកលិច ហើយនៅរដូវប្រាំងដីហុយ និងមានកាកសំណល់ស្អុយរលួយនៅក្នុងទីក្រុង។
ប៉ុន្តែរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោកថោង ខុន មានមោទនភាព នៃការវាយតម្លៃរបស់ទស្សនាវដ្ដីអាមេរិកកាំងនោះ។ លោកថា នៅតំបន់អង្គរ ជាតំបន់អភិវឌ្ឍន៍បៃតងបែបធម្មជាតិ។
សម្រាប់ប្រធានកិត្ដិយសសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ប៉ាត សំបូរ មានប្រសាសន៍ថា មុននឹងឲ្យពិន្ទុដល់តំបន់ទីក្រុងស្អាតបំផុតនោះ ត្រូវមកទស្សនាកន្លែងនោះយ៉ាងតិច៣ដង ដើម្បីកុំឲ្យភ្ញៀវអន្ដរជាតិខកចិត្ដ បន្ទាប់ពីវាយតម្លៃថា ជាទីក្រុងស្អាតបំផុតនោះ។ លោកបន្ដថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ត្រូវអភិវឌ្ឍទីក្រុងឲ្យបានស្អាត ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងសេវាកម្មផ្សេងៗ និងផ្នែកសន្ដិសុខ ជាដើម៕
No comments:
Post a Comment