សមាគមខ្មែរក្រោម ជំរុញ ឲ្យក្រសួង ការបរទេស ខ្មែរ ហៅមន្ត្រី ស្ថានទូត វៀតណាម មកសុំទោស
ដោយ៖ ថុល ស្រីលក្ខណ៍ / វីអូឌី | ថ្ងៃអង្គារ ទី22 កក្កដា 2014
ប្រធាន សមាគម ខ្មែរ កម្ពុជាក្រោម ជំរុញ ឲ្យក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កោះហៅ មន្ត្រី អ្នកនាំពាក្យ ស្ថានទូត វៀតណាម ឲ្យសុំទោស ចំពោះការនិយាយ ថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម តាំងពីដើមមក។
ប្រធានសមាគមខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា កាលពីថ្ងៃចន្ទ ទី២១ ខែកក្កដា ម្សិលមិញនៅចំពោះមុខប្រជាពលរដ្ឋ ព្រះសង្ឃ និងនិស្សិតរាប់ពាន់នាក់នៅក្បែរស្ថានទូតវៀតណាម បានថ្លែងថា មន្ត្រីស្ថានទូតវៀតណាម មិនបានចេញមកទទួលញត្តិរបស់ពួកគាត់នោះទេ ហើយអ្នកនាំពាក្យវៀតណាមលោក ត្រឹង វ៉ាន់ថុង ក៏មិនសុំទោសជាសាធារណៈចំពោះអ្វីដែលខ្លួនបាននិយាយដែរ។
ឆ្លើយតបទៅនឹងការជំរុញនេះ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក កុយ គួង មានប្រសាសន៍ថា លោកមិនទាន់បានដឹងព័ត៌មាននេះនោះទេ ហើយក្រសួងក៏មិនទាន់មានវិធានការអ្វីនោះដែរ «ចាំមើលមើល៍ ចាំខ្ញុំស្រាវជ្រាវមើលថាតើគាត់លើកឡើងអីចឹងមែនអត់! [ក្រសួង]មិនទាន់មានព័ត៌មាន។»
អ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង បដិសេធអធិប្បាយដោយអះអាងថាជាប់រវល់ «សុំអធ្យាស្រ័យ ពេលនេះភ្ញៀវមកលេងច្រើនខ្ញុំជាប់ទទួលភ្ញៀវ!។»
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា ធ្លាប់មានប្រសាសន៍ថា តាមការសិក្សាពីប្រវត្តិសាស្ត្រខ្មែរ មិនមានឯកសារណាមួយ បង្ហាញថា ទឹកដីខ្មែរកម្ពុជាក្រោមជារបស់វៀតណាមនោះទេ។ លោកថា ប្រសិនបើមន្ត្រីស្ថានទូតរូបនោះអះអាងដូច្នេះ ត្រូវមានឯកសារមកបញ្ជាក់ «ខ្ញុំសិក្សាទៅមិនដែលបានដឹងបានលឺម្តងណា ថា អ្នកដឹកនាំខ្មែរលោកបានព្រមទទួលឲ្យទឹកដីទាំងអស់នោះទៅខាងអាណាម ឬឲ្យដាយវៀត។ នេះជាចំណុចគោលទី១ ចំណុចគោលទី២ ដែលយើងសិក្សាអំពីស្នូលនៃប្រវត្តិសាស្ត្រ តើជាទឹកដីរបស់អាណាមយ៉ាងម៉ិចទៅកើត បើក្នុងអំឡុងសតវត្សទី១០ វៀតណាមបានកើតឡើងជាទឹកដីជារដ្ឋមួយនៅឯតុងកឹង រួចហើយក៏បង្ហូរខ្លួនបន្តបន្ទាប់មក កុំភ្លេចថា ខាងកើតប្រទេសកម្ពុជាក្នុងសម័យបុរាណ ជាប្រទេសចំប៉ា ដែលជារបាំងមួយរវាង អាណាម និងកម្ពុជាក្រោមសព្វថ្ងៃនេះ។»
កាលពីថ្ងៃចន្ទ ព្រះសង្ឃ ប្រជាពលរដ្ឋ និងនិស្សិតជាង១ម៉ឺនអង្គ/នាក់ បានយកញត្តិទៅដាក់នៅស្ថានទូតវៀតណាម បន្ទាប់ពីពួកគាត់បានដាក់ញត្តិទៅស្ថានទូតចំនួន៦ទៀត រួមមានស្ថានទូតបារាំង អង់គ្លេស អាមេរិក រុស្សី ចិន និងសហគមន៍អឺរ៉ុប។ តែស្ថានទូតវៀតណាម មិនចេញទទួលញត្តិនោះទេ ខណៈទូតចំនួន៦ផ្សេងទៀតទទួលយក៕
No comments:
Post a Comment