ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម ចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣។
សាលារាជធានី មិនឲ្យ ក្រុមនិស្សិត ធ្វើបាតុកម្មមុខទូត វៀតណាម
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ០៦ កក្កដា ២០១៤
ថ្នាក់ដឹកនាំ សាលារាជធានី ភ្នំពេញ បដិសេធ ចំពោះសំណើ របស់ សហព័ន្ធ និស្សិតបញ្ញវន្តកម្ពុជា ដែលគ្រោងសុំ ធ្វើបាតុកម្ម អហិង្សា នៅមុខស្ថានទូត វៀតណាម នៅថ្ងៃអង្គារ ទី៨ កក្កដា ខាងមុខ។
ក្រុមនិស្សិត និងយុវជន ប្រមាណ ១០០នាក់ គ្រោងជួបជុំគ្នា តវ៉ា នៅមុខស្ថានទូត វៀតណាម ដើម្បីឲ្យ អ្នកនាំពាក្យ ស្ថានទូត មួយនេះ សុំទោសពលរដ្ឋខ្មែរ ជាសាធារណៈ ចំពោះការបំភ្លៃប្រវត្តិសាស្ត្រ ដោយអះអាង ថា ទឹកដីខ្មែរក្រោម ជាទឹកដី របស់ ប្រទេសវៀតណាម តាំងពីយូរយារណាស់មកហើយ។
មិនខុសពីរាល់ដងទេ សាលារាជធានី ភ្នំពេញ តែងយកបញ្ហាសន្តិសុខ និងការកកស្ទះចរាចរណ៍ ជាមូលហេតុ បដិសេធ នៃសំណើ សុំឲ្យមានការជួបជុំ ឬធ្វើបាតុកម្ម អហិង្សា នៅកន្លែងណាមួយ។
លោក ឃួង ស្រេង បានពន្យល់តាមលិខិតមួយកាលពីថ្ងៃទី៥ កក្កដា ផ្ញើទៅលោក ម៉ៅ ពិសេស ប្រធានអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ថាការមិនអនុញ្ញាតនោះ គឺចៀសវាងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ និងបង្កការកកស្ទះចរាចរណ៍។ ប៉ុន្តែសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យមានការជួបជុំសម្ដែងមតិនៅទីស្នាក់ការ ឬទីតាំងឯកជនណាមួយសមស្រប។ អភិបាលរងសាលារាជធានីភ្នំពេញ រូបនេះ ក៏បានព្រមានចំពោះលោក ម៉ៅ ពិសេស ថាក្នុងករណីនៅតែដឹកនាំធ្វើបាតុកម្ម និងមិនគោរពតាមការកំណត់របស់អាជ្ញាធរក្រុងនោះ នឹងត្រូវទទួលខុសត្រូវតាមច្បាប់។
ជុំវិញការបដិសេធមិនឲ្យមានការធ្វើបាតុកម្មអហិង្សានៅមុខស្ថានទូតវៀតណាម នេះ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស គិតថា សាលារាជធានីភ្នំពេញ កំពុងតែរំលោភច្បាប់បាតុកម្មនិងរដ្ឋធម្មនុញ្ញ។
លោកអះអាងថា ត្បិតមានការរារាំងនិងការព្រមានពីសាលារាជធានីភ្នំពេញ តែក្រុមនិស្សិតនិងយុវជនជាង ១០០នាក់ បានត្រៀមខ្លួនជាស្រេចហើយ ដើម្បីជួបជុំគ្នានៅមុខស្ថានទូតវៀតណាម តាមវេលាកំណត់៖ «ចំពោះខ្ញុំក៏ដូចជាក្រុមការងារយើង មិនមានការបារម្ភទេ ព្រោះនេះជាការសម្ដែងមតិ យើងធ្វើទៅតាមច្បាប់ អ៊ីចឹងទេ ប្រសិនបើរាជរដ្ឋាភិបាល អាជ្ញាធរក្រុងភ្នំពេញហ៊ានប្រើអំពើហិង្សារារាំងយ៉ាងម៉េចនោះ វានឹងបង្ហាញកាន់តែច្បាស់ទៀតថា រដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ននេះ គឺកំពុងតែបំពានច្បាប់ អ៊ីចឹងអន្តរជាតិនឹងថ្កោលទោស»។
តាមគម្រោង សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា គ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅថ្ងៃអង្គារ ទី៨ កក្កដា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។ គោលបំណងធ្វើបាតុកម្មនេះ ដើម្បីសម្ដែងមតិទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង ទទួលស្គាល់រឿងរ៉ាវពិតនៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។ ប្រតិកម្មនេះធ្វើឡើងនៅពេលដែលលោក ត្រឹង វ៉ាន់ថុង អះអាងកាលពីដើមខែមិថុនា ថា បារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ទៅឲ្យវៀតណាម ទេ គឺដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ។
មួយខែហើយដែលទំនាស់ពាក្យសម្ដីរបស់អ្នកនាំពាក្យស្ថានទូតវៀតណាម រូបនេះ កំពុងធ្វើឲ្យសហគមន៍ខ្មែរកម្ពុជាក្រោម និស្សិត និងក្រុមយុវជនជាច្រើន ខឹងសម្បា ហើយគិតថា កំពុងធ្វើឲ្យពលរដ្ឋខ្មែរឈឺចាប់នូវការកាឡៃប្រវត្តិសាស្ត្ររបស់អាជ្ញាធរវៀតណាម។
ទន្ទឹមនឹងមានប្រតិកម្មជាច្រើនពីមហាជន រាជរដ្ឋាភិបាលកម្ពុជា ហាក់សម្ងំស្ងៀមមិនចេញស្អី ឬចេញសេចក្ដីថ្លែងការណ៍ណាមួយឲ្យស្ថានទូត ឬអាជ្ញាធរវៀតណាម បំភ្លឺរឿងពីនេះទេ។ ផ្ទុយទៅវិញ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់អះអាងថា បញ្ហានេះវាមិនមានសារសំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជា ដែលត្រូវទៅជជែកតតាំង ឬត្រូវទៅពិចារណាអំពីបញ្ហានេះឡើយ។
អ្នកវិភាគសង្គមគិតថា ការធ្វើមិនដឹងមិនឭរបស់រាជរដ្ឋាភិបាលកម្ពុជា នៅពេលនេះ កំពុងធ្វើឲ្យក្មេងៗជំនាន់ក្រោយបាត់បង់នូវប្រវត្តិសាស្ត្រ ឬបាត់បង់នូវអ្វីដែលខ្លួនបាត់បង់រួច ហើយនឹងអាចបាត់បង់នូវអ្វីៗបន្ថែមទៀតនៅពេលខាងមុខ៕
No comments:
Post a Comment