ស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា (រូបថត៖ ម៉េង)
វិភាគ៖ ហេតុអ្វី រដ្ឋាភិបាល មិនកោះហៅ មន្ត្រី ទូតវៀតណាម ឲ្យបំភ្លឺ ករណីទឹកដី កម្ពុជាក្រោម?
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃពុធ ទី9 កក្កដា 2014
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ២០០ អង្គ / នាក់ បានប្រមូលផ្តុំ តវ៉ា នៅមុខស្ថានទូត វៀតណាម នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងរាជធានី ភ្នំពេញ ដើម្បីទាមទារ ឲ្យមន្ត្រី អ្នកនាំពាក្យ ស្ថានទូត លោក ត្រឹង វ៉ាន់ថុង សុំទោស ចំពោះការថ្លែង កាលពីដើមខែមិថុនា ថា ទឹកដីកម្ពុជាក្រោម ជារបស់ វៀតណាម តាំងពីដើមមក មិនមែនបារាំង កាត់ចេញ ពីកម្ពុជាទេ។
ជាលទ្ធផល បាតុករ ប្រមាណ១០នាក់ រងរបួស ពេលសមត្ថកិច្ច ព្យាយាមបណ្តេញចេញ មិនឲ្យប្រមូលផ្តុំ នៅមុខទូត វៀតណាម។ ចំណែក លោក ត្រឹង វ៉ាន់ថុង ក៏មិនបាន សុំទោស ជាសាធារណៈ តាមការទាមទារ បាតុករដែរ។
បើទោះ ជាការប្រមូលផ្តុំនោះ មានអ្នករងរបួសក្តី ក៏ក្រុមបាតុករ នៅតែអះអាង ថា ពួកគេ នឹងរៀបចំ ការជួបជុំជាថ្មីទៀត ដើម្បីដាក់ញត្តិ ទាមទារ ឲ្យមន្ត្រីទូត វៀតណាម រូបនោះ សុំទោស ជាសាធារណៈ ឲ្យបាន។
ការធ្វើបាតុកម្មដែលដឹកនាំដោយ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជានោះ ក៏មានការចូល រួមពីតំណាងគណបក្សសង្គោះជាតិ និងសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ ផងដែរ។ អ្នកតាមដានព្រឹត្តការណ៍សង្គមមួយចំនួនក៏បានរិះគន់ដែរថា ការថ្លែងរបស់ អ្នកនាំពាក្យស្ថានទូតវៀតណាមនេះ ផ្ទុយពីការពិតនៃប្រវត្តិសាស្ត្រ។
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយមបារាំង បានសម្រេចកាត់ទឹកដីកម្ពុជាក្រោម២១ខេត្តក្រុង ដែលមានផ្ទៃក្រឡាជាង៦៨.០០០គីឡូម៉ែត្រក្រឡា និងបច្ចុប្បន្នមានប្រជាជនជាង១០លាននាក់ ទៅឲ្យវៀតណាមគ្រប់គ្រង។
ក្រោយការកាត់ទឹកដីទៅឲ្យវៀតណាមគ្រប់គ្រងមក ប្រជាពលរដ្ឋរស់នៅលើទឹកដីខ្លួនឯង នៅតែបន្តទាមទារសិទ្ធិសេរីភាពពីរដ្ឋាភិបាលវៀតណាម។ ការទាមទារទាំងនោះផ្តោតលើការរៀនសូត្រអក្សរសាស្ត្រខ្មែរ ជំនឿសាសនា សិទ្ធិទទួលបានព័ត៌មាន ការកាន់កាប់លើទ្រព្យសម្បត្តិជាដើម។ តែរាល់ការតវ៉ាទាំងនោះ ទទួលបានផលអវិជ្ជមាន ជាងផលវិជ្ជមាន គឺអ្នកហ៊ានចេញមុខ ប្រឈមការសម្លាប់ ធ្វើទារុណកម្ម ចាប់ដាក់ពន្ធនាគារ ចំណែកអ្នកខ្លះទៀតត្រូវភៀសខ្លួនចេញពីកន្លែងកំណើត ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។
បើទោះជាមានប្រតិកម្មពីក្រុមនិស្សិត ព្រះសង្ឃប្រជាពលរដ្ឋក៏ដោយ ក៏រដ្ឋាភិបាលមិនទាន់មានប្រតិកម្មណាមួយជាផ្លូវការ ឬធ្វើកំណត់ទូតណាមួយទេ។ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលតែងចេញមុខប្រតិកម្មញឹកញាប់ជាមួយគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល ឬបណ្តាញសារព័ត៌មាន ទាំងរឿងធំ ទាំងរឿងតូចនោះនៅស្ងាត់ឈឹង។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បញ្ជាក់នៅថ្ងៃទី០៩ ខែកក្កដា ថា រដ្ឋាភិបាលមិនមានគម្រោងធ្វើសន្និសីទប្រតិកម្មទៅនិងវៀតណាមទេ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ថ្លែងថា ការលើកឡើងរបស់មន្ត្រីទូតវៀតណាមនោះគឺជាសិទ្ធិសេរីភាព។ លោកអំពាវនាវឲ្យពលរដ្ឋស្ងប់ស្ងាត់កុំឲ្យមានហិង្សាកើតឡើង។
ហេតុអ្វីរដ្ឋាភិបាលកម្ពុជាមិនកោះហៅ លោក ត្រឹង វ៉ាន់ថុង ឲ្យចូលបំភ្លឺ?
សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី លើកឡើងថា ស្ថានការណ៍នេះគឺសមរម្យដែលរដ្ឋាភិបាលកោះហៅមន្ត្រីទូតវៀតណាមឲ្យចូលបំភ្លឺ ។ លោកបន្តថា ការមិនមានប្រតិកម្មពីរដ្ឋាភិបាលកម្ពុជានេះ អាចដោយសារឥទ្ធិពលពីវៀតណាម។
កន្លងមកអង្គភាពប្រតិកម្ម រហ័សរបស់រដ្ឋាភិបាល ក៏ធ្លាប់ប្រតិកម្មជាមួយរដ្ឋាភិបាលថៃ រដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលនៅបណ្តាលប្រទេសអឺរ៉ុបជាដើម។ តែអង្គភាពនេះ មិនធ្លាប់ប្រតិកម្មម្តងសោះលើរដ្ឋអំណាចក្រុងហាណូយ បើទោះជាសមាគមខ្មែរក្រោម រាយការណ៍ពីការធ្វើទុក្ខលើពលរដ្ឋខ្មែរនៅលើទឹកដីកម្ពុជាក្រោមក៏ដោយ។
ការសុំទោសមិនមែនជារឿងចម្លែកទេ ប្រសិនបើស្ថាប័ន ឬបុគ្គលណាមួយផ្សព្វផ្សាយព័ត៌មានខុសនោះ។ នៅតាមបណ្តាញសារព័ត៌មានក៏មានការផ្សព្វផ្សាយកែតម្រូវដែរ ប្រសិនបើដឹងខ្លួនថា ផ្សាយខុស ហើយមិនចង់បំពានការពិតនោះ។
កាលពីឆ្នាំ១៩៩៣ វចនានុក្រមរបស់អង់គ្លេសមួយចុះផ្សាយថា ទីក្រុងបាងកកជាកន្លែងសំបូរទៅដោយស្រីពេស្យា ទីបំផុតអ្នកគ្រប់គ្រងវចនាក្រុមនោះសុំទោសតាមការទាមទាររបស់រដ្ឋាភិបាលក្រុងបាងកក។
អ្នកវិភាគបញ្ហាសង្គម លោកឡៅ ម៉ុងហៃ បង្ហាញការព្រួយបារម្ភថា បញ្ហាអាចរីករាលដាលឡើង ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅស្ងៀម មិនចេញមុខដោះស្រាយឲ្យទាន់ពេលនោះ។
ការតវ៉ារឿងជាតិនិយម តែងកើតមានឡើងជាហូរហែ។ នៅដើមខែឧសភាឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋវៀតណាមនៅប៉ែកខាងត្បូង បានធ្វើបាតុកម្មប្រឆាំងចិន ករណីចិនចូលបូមយកប្រេងនៅកោះប៉ារ៉ាសែល ដែលបណ្តាលឲ្យជនជាតិចិន២នាក់ស្លាប់ និងប្រមាណ១ម៉ឺននាក់ ជម្លៀសទៅចិនវិញ និងមួយចំនួនចូលទឹកដីកម្ពុជា។
ទោះយ៉ាងណា លោក ឡៅ ម៉ុងហៃ សង្ឃឹមថា យុវជនសម័យថ្មីដែលមានចំណេះដឹងខ្ពស់ មិនប្រើហិង្សាទេ។ក្រោយការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ក្រុមអាវលឿងរបស់ថៃ ក៏ធ្វើបាតុកម្មប្រឆាំងកម្ពុជា។ មួយទៀតនៅឆ្នាំ២០០៣ នៅពេលដែលតារាភាពយន្តថៃ ទាមទារយកប្រាសាទអង្គរវត្ត ក៏ផ្ទុះហិង្សាដុតស្ថានទូតថៃនៅភ្នំពេញដែរ។
បើទោះជាពេលនេះ រដ្ឋាភិបាលកម្ពុជា មិនបានបញ្ជាក់ថា សម្តីរបស់មន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមនោះ ខុស ឬត្រូវក៏ដោយ តែកន្លងមកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បញ្ជាក់ថា លោកមិនទាមទារយកទឹកកម្ពុជាក្រោមមកវិញទេ ហើយថាបើអ្នកណាចង់ទាមទារលោកជួយក្តារមឈូស៕
ពិព្រោះរដ្ធាភិបាលលោកហ៊ុនសែនជារដ្ធាភិបាលកំសាក់
ReplyDelete