Paris Peace Accords 23 Oct. 1991

Sunday, July 20, 2014

ពលរដ្ឋ​ ខ្មែរ​ នៅ​អាមេរិក ​​ធ្វើ​បាតុកម្ម​ ទាមទារ​ ឲ្យ​ដោះលែង​ មន្ត្រី​ បក្ស​​ប្រឆាំង​ ៨​រូប | Cambodian-Americans demonstrate to demand the release of 8 CNRP officials

ពលរដ្ឋ​ ខ្មែរ​ នៅ​អាមេរិក ​​ធ្វើ​បាតុកម្ម​ ទាមទារ​ ឲ្យ​ដោះលែង​ មន្ត្រី​ បក្ស​​ប្រឆាំង​ ៨​រូប

RFA | ១៩ កក្កដា ២០១៤

មូរ សុខហួរ ៦១០
តំណាងរាស្ត្រ​ ជាប់​ឆ្នោត​ គណបក្ស​ សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ នា​ទីលាន ​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ ទី​១៥ កក្កដា ២០១៤។  RFA/Chun Chanboth

ពលរដ្ឋ​ខ្មែរ ​អាមេរិកាំង ​ប្រមាណ​ ពី៥០០ ទៅ១​ពាន់​នាក់ នៅ​ក្នុង​រដ្ឋ​ កាលីហ្វរញ៉ា បាន​ជួបជុំ​គ្នា ​ធ្វើ​បាតុកម្ម​ តវ៉ា​ នៅ​កណ្ដាល ​ទីក្រុង​ខ្មែរ នៅ​ថ្ងៃ​សៅរ៍ ទី​១៩ កក្កដា ដើម្បី​ ទាមទារ​ ឲ្យ
​រដ្ឋាភិបាល​ កម្ពុជា ដោះលែង​ ជា​បន្ទាន់ ​នូវ​តំណាងរាស្ត្រ ៧​រូប និង​សកម្មជន ​របស់ ​គណបក្ស ​សង្គ្រោះ​ជាតិ ដែល​កំពុង​ ជាប់ឃុំ​ នៅ​ក្នុង​គុក ​ព្រៃ​ ស។

សកម្មជន ​គណបក្ស​សង្គ្រោះ​ជាតិ លោក តឹព្វផាន់ណា ទិត បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ទីក្រុង​ឡុងប៊ិច ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស សូម​ថ្កោលទោស​ដាច់​អហង្ការ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​មាន​ សមត្ថកិច្ច​របស់​រដ្ឋាភិបាល​មក​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ជាពិសេស​ចាប់​ឃុំ​ខ្លួន​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង។

​លោក តឹព្វផាន់ណា បន្ត​ថា តំណាងរាស្ត្រ​សហរដ្ឋអាមេរិក មួយ​ចំនួន ក្នុង​រដ្ឋ​កាលីហ្វរញ៉ា រួម​មាន​លោក ដាណា រ៉ូរ៉ាបាគឺរ (Dana Rohrabacher) ជាដើម តែងតែ​យក​ចិត្ត​ទុក​ដាក់​និង​តាមដាន​អំពី​ស្ថានការណ៍​នៅ​កម្ពុជា ជាប់​ជានិច្ច ជាពិសេស​ពួកគាត់​តែង​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា។

លោក តឹព្វផាន់ណា ទិត បញ្ជាក់​ផង​ដែរ​ថា បន្ទាប់ពី​បាតុកម្ម​តវ៉ា​នៅ​ថ្ងៃ​សៅរ៍ នេះ​មក ក្រុម​របស់​លោក​នឹង​គ្រោង​យក​ញត្តិ​ទៅ​ជូន​ដល់​ការិយាល័យ​តំណាងរាស្ត្រ​ ទាំងពីរ​រូប​នេះ គឺ​លោក ដាណា រ៉ូរ៉ាបាគឺរ និង​លោក អេដ រ៉យ (Ed Royce) ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​អាមេរិក ដោះលែង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

សហភាព​អន្តរ​សភា​​អំពាវនាវ​ឲ្យ​ដោះលែង

សហភាព​អន្តរ​សភា (Inter-Parliamentary Union. IPU) ដែល ​ជា​អង្គការ​អន្តរជាតិ​មួយ​ប្រមូល​ផ្តុំ​តំណាងរាស្ត្រ​ក្នុង​បណ្ដា​ប្រទេស​ ក្នុង​ពិភពលោក ក៏​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​តំណាងរាស្ត្រ​ជាត់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប​ជា​បន្ទាន់ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា ដើម្បី​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​អាច​មាន​សិទ្ធិ​សេរីភាព​ បញ្ចេញ​សំឡេង​និង​ទស្សនៈ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​សង្គម​ប្រជាធិបតេយ្យ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​១៨ ខែ​កក្កដា ពី​ទីក្រុង​ហ្សឺណែវ សហភាព​អន្តរសភា​បាន​បញ្ជាក់​ថា តាម​ប្រភព​ព័ត៌មាន IPU គឺ​ពុំ​មាន​ភស្តុតាង​ណា​ដើម្បី​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ទាំង ៧​រូប​នោះ​ប្រព្រឹត្ត​អំពើ​ហិង្សា​ឡើយ តាម​ពិត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នេះ បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​កុំ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា។

សេចក្ដី​ប្រកាស​ដដែល​បន្ត​ថា ករណី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង ៧​រូប​នេះ គណៈកម្មាធិការ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សហភាព​អន្តរ​សភា កំពុង​ធ្វើការ​ស៊ើប​អង្កេត និង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ករណី​ឃុំ​ខ្លួន​តំណាងរាស្ត្រ​ទាំង​នោះ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ៧​នាក់ និង​មន្ត្រី​កិច្ចការ​សាធារណៈ​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ថ្ងៃ​កើត​មាន​អំពើ​ហិង្សា​រវាង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ និង​សកម្មជន​អ្នក​គាំទ្រ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា នា​ទីលាន​ប្រជាធិបតេយ្យ។ សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​អ្នក​ទាំង ៨​នាក់ ក្នុង​បទឧក្រិដ្ឋ​នានា ដែល​មាន​ទម្ងន់​ទោស​រហូត​ដល់​ជាង ៣០​ឆ្នាំ។

ស្រប​ពេល​ដែល​មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ ៨​​រូប​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃស លោក ចាន់ ចេង តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះជាតិ នៅ​មណ្ឌល​ខេត្ត​កណ្ដាល ​ក៏​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កណ្ដាល ​កោះហៅ​សាកសួរ​ពី​ករណី​ព្រហ្មទណ្ឌដែរ៕


No comments:

Post a Comment