សហព័ន្ធ និស្សិតបញ្ញវន្ត និងព្រះសង្ឃ មិនញញើត នឹងការព្រមាន របស់ សាលាក្រុង
RFA | ១៩ កក្កដា ២០១៤
មន្ត្រី សាលារាជធានី ភ្នំពេញ ព្រមាន ថា នឹងចាត់វិធានការ ផ្លូវច្បាប់ ប្រសិនបើ សហព័ន្ធ និស្សិតបញ្ញន្ត កម្ពុជា និងព្រះសង្ឃ ខ្មែរ កម្ពុជាក្រោម នៅតែ ចចេស ប្រមូលផ្តុំ តវ៉ា នៅមុខស្ថានទូត វៀតណាម ប្រចាំកម្ពុជា។
ការព្រមាននេះ ធ្វើឡើង ស្របពេល ដែលមាន ការលេចឮ ថា, សាលារាជធានី ភ្នំពេញ នឹងប្ដឹងបាតុករ ទៅតុលាការ ដើម្បី ផ្ដន្ទាទោស ប្រសិនបើ ពួកគេ ធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ សាធារណៈ។ តែ ទោះជាយ៉ាងណា ប្រធាន សហព័ន្ធ និស្សិត បញ្ញវន្ត កម្ពុជា និងសមាគម ព្រះសង្ឃ ខ្មែរ កម្ពុជាក្រោម មិនញញើត នឹងការព្រមាន នេះឡើយ, ហើយ បានសម្រេចចិត្ត ថា, នឹងធ្វើ ការប្រមូលផ្ដុំ តាមការ គ្រោងទុក បើ ទោះជាត្រូវ អាជ្ញាធរ ចាប់ខ្លួនបញ្ជូន ទៅពន្ធនាគារ ក៏ដោយ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងនៅថ្ងៃទី២០ កក្កដា ថា សាលារាជធានីភ្នំពេញ នឹងចាត់វិធានការប្រឆាំងការប្រមូលផ្តុំបាតុកម្មនៅមុខស្ថានទូត វៀតណាម ប្រចាំកម្ពុជា នៅថ្ងៃទី២១ កក្កដា បើទោះជាបាតុកម្មនោះធ្វើឡើងដោយហិង្សាក្តី ឬអហិង្សាក្តី។
លោក ឡុង ឌីម៉ង់ បានលើកឡើងថា សាលារាជធានីភ្នំពេញ បានជូនដំណឹងដល់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ហើយថា សាលារាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យពួកគេធ្វើការប្រមូលផ្តុំ ឬដើរដង្ហែក្បួនតាមផ្លូវនោះឡើយ ប៉ុន្តែសាលារាជធានីភ្នំពេញ អាចអនុញ្ញាតឲ្យពួកគេធ្វើការជួបជុំនៅទីតាំងឯកជនណាមួយ រួចពួកគេអាចចាត់តំណាងក្រោម ១០នាក់ ដើម្បីយកញត្តិទៅដាក់នៅតាមបណ្ដាស្ថានទូតនានាបាន ពេលនោះសាលារាជធានីភ្នំពេញ នឹងជួយសម្របសម្រួលឲ្យពួកគេទៀតផង។ លោកថា ប្រសិនបើសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅតែចចេសធ្វើផ្ទុយពីសេចក្ដីណែនាំ ឬបម្រាមរបស់អាជ្ញាធររាជធានីភ្នំពេញ ពួកគេត្រូវទទួលខុសត្រូវនៅពេលដែលមានហេតុការណ៍អ្វីមួយកើតឡើងជា យថាហេតុ។
មន្ត្រីនាំពាក្យរូបនេះ ថែមទាំងលើកឡើងថា ក្រុមអ្នកតវ៉ាចូលចិត្តបង្កើតភ្លើង និងចេះបង្កើតភ្លើង ប៉ុន្តែពួកគេមិនដឹងថា ត្រូវពន្លត់ភ្លើងវិញយ៉ាងដូចម្ដេចនោះទេ៖ «សម្រាប់ យើងខ្ញុំ យើងបានបញ្ជាក់ជូនគាត់រួចរាល់អស់ហើយថា យើងមិនអាចអនុញ្ញាតឲ្យគាត់បានទេ។ ទី១ យោងទៅលើបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាចរាចរណ៍ផង ហើយបញ្ហាសំខាន់មួយទៀត គឺការអនុវត្តទៅតាមអនុសញ្ញាអន្តរជាតិស្ដីពីទំនាក់ទំនងការទូតក្រុង វ៉្យែន (Vienna) យើងមានកាតព្វកិច្ចក្នុងការការពារសុវត្ថិភាព សន្តិសុខជូនបណ្ដាស្ថានទូតទាំងអស់ដែលដាក់ទូតក្នុងរដ្ឋម្ចាស់ផ្ទះ នេះ គឺថា យើងមានភារកិច្ចការពារទៅលើអង្គទូតទៅលើស្ថានទូតទៅលើនិវេសនដ្ឋាន ទូត ទ្រព្យសម្បត្តិទូត សូម្បីតែឡានក៏យើងត្រូវការពារមិនឲ្យមានការប៉ះពាល់ដែរ ដូច្នេះយើងខ្ញុំអនុវត្តទៅតាមអ្វីដែលជាសិទ្ធិ និងកាតព្វកិច្ចរបស់យើងខ្ញុំ។»
ទាក់ទងនឹងបញ្ហានេះដែរ អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍តាមសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៩ កក្កដា ថា ប្រសិនបើក្រុមយុវជននិស្សិតមិនព្រមធ្វើតាមការណែនាំរបស់អាជ្ញាធរ ហើយនៅតែធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬបង្កឲ្យមានជាអំពើហិង្សានោះ នោះពួកគេនឹងត្រូវប្ដឹងទៅតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារពី ១០ ទៅ ១៥ឆ្នាំ ទៀតផង។
ឆ្លើយតបចំពោះការព្រមានម្ដងហើយម្ដងទៀតនេះ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស បញ្ជាក់ថា លោកមិនបារម្ភចំពោះការព្រមាននេះឡើយ ព្រោះលោកថា អ្វីដែលក្រុមរបស់លោកធ្វើគឺអហិង្សា។ លោកថា ប្រសិនបើអាជ្ញាធរបង្ក្រាបមែននោះ វានឹងឆ្លុះបញ្ចាំងឲ្យមតិសាធារណៈជាតិនិងអន្តរជាតិឃើញរឹតតែច្បាស់ អំពីអំពើរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ពេលនោះគេអាចវិនិច្ឆ័យបានថា រដ្ឋាភិបាលសព្វថ្ងៃល្អ ឬអាក្រក់យ៉ាងណាហើយ។
លោក ម៉ៅ ពិសេស ថ្លែងបន្តថា ក្រុមលោកមិនអាចធ្វើតាមការណែនាំរបស់អាជ្ញាធរបានទេ ព្រោះថា រឿងទឹកដីកម្ពុជាក្រោម និងខ្មែរក្រោម គឺជារឿងធំនិងជារឿងប្រវត្តិសាស្ត្ររបស់ជាតិ៖ «ទោះបីជាគាត់ ព្រមានដូច្នេះក៏ដោយ ក្រុមរបស់ពួកយើងគឺរក្សាជំហរនៅដដែល យើងនឹងទៅជួបជុំគ្នាចាប់ពីម៉ោង ៧ព្រឹកទៅ នៅមុខស្ថានទូតបារាំង ដោយអត់មានការភ័យខ្លាចការគំរាមកំហែង ការចាប់ខ្លួនណាមួយទេ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំត្រៀមខ្លួនរួចហើយ បើសិនជាគាត់ចង់ចាប់ក៏ចាប់ចុះ ព្រោះអ្វីដែលខ្ញុំធ្វើ គឺខ្ញុំគ្រាន់តែបំពេញករណីយកិច្ចរបស់ខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយ រូបដែលស្រឡាញ់ជាតិ ស្រឡាញ់ប្រវត្តិសាស្ត្រ ស្រឡាញ់ទឹកដីតែប៉ុណ្ណោះ។»
ស្រដៀងគ្នាទៅនឹងលោក ម៉ៅ ពិសេស អគ្គលេខាធិការនៃសមាគមព្រះសង្ឃខ្មែរកម្ពុជា ក្រោមព្រះតេជព្រះគុណ ឡាយ ឡាត មានថេរដីកានៅថ្ងៃទី២០ កក្កដា ថា សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម នឹងចូលរួមក្នុងការតវ៉ាជាមួយសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅថ្ងៃទី២១ កក្កដា៖ «យើងនាំគ្នាប្ដេជ្ញាចិត្តហើយ ទោះបីជាមានឧបសគ្គអ្វីកើតឡើងក៏ដោយ យើងក៏ត្រូវតែទៅដែរ ពីព្រោះថា យើងធ្វើនេះមិនមែនយើងធ្វើរដ្ឋប្រហាររដ្ឋាភិបាលទេ តែយើងធ្វើនេះ បើតាមការពិតហ្នឹងរដ្ឋាភិបាលគួរតែដឹងគុណបានត្រូវ ពីព្រោះយើងធ្វើដើម្បីទាមទារឲ្យរដ្ឋាភិបាលយួន ក៏ដូចជាអ្នកនាំពាក្យយួន សុំទោសយើងតែប៉ុណ្ណឹងឯង មិនមែនទៅធ្វើសង្គ្រាម ទៅវាយ ទៅជេរទៅស្តីអីគេទេ អ៊ីចឹងទោះបីជាការគំរាមកំហែងរបស់រដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ក្រុមនិស្សិតបញ្ញវន្ត យុវជន ហើយនិងព្រះសង្ឃខ្មែរក្រោម ក៏ដូចជាញាតិញោមខ្មែរក្រោមហ្នឹង ត្រូវតែធ្វើដែរ។»
ក្រុមយុវជន និស្សិត ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម បានប្រមូលផ្តុំគ្នាម្ដងរួចមកហើយនៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ដើម្បីទាមទារឲ្យមន្ត្រីស្ថានទូតប្រទេសកុម្មុយនិស្តមួយនេះ ទទួលស្គាល់ការពិតប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម និងសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ ចំពោះការលើកឡើងដោយបំពានដែលថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម តាំងពីយូរមកហើយ ហើយបារាំងមិនបានកាត់ទឹកដីនេះទៅឲ្យវៀតណាមឡើយ។ ប៉ុន្តែការប្រមូលផ្តុំនៅពេលនោះ ត្រូវបានអាជ្ញាធររដ្ឋាភិបាលធ្វើការបំបែក និងវាយបង្ក្រាប ដែលប្រការនេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការ សង្គមស៊ីវិល ដោយពួកគេអះអាងថា ជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបជុំរបស់ពលរដ្ឋ ព្រមទាំងរំលោភទៅលើច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។
ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីចែងថា បាតុកម្មដោយសន្តិវិធីសំដៅលើការប្រមូលផ្តុំគ្នា ឬការដង្ហែក្បួនដោយមនុស្សមួយក្រុម ដើម្បីទាមទារ តវ៉ា ឬសម្ដែងជាសាធារណៈនូវមនោសញ្ចេតនា គំនិត ឬឆន្ទៈរបស់ក្រុមខ្លួនតាមរូបភាព ឬមធ្យោបាយផ្សេងៗដោយសន្តិវិធី។
ច្បាប់ដដែលនេះក៏ចែងដែរថា ប្រសិនបើដំណើរការនៃការធ្វើបាតុកម្មដោយសន្តិវិធីបង្កជាអំពើ ហិង្សាបណ្ដាលឲ្យអន្តរាយដល់ទ្រព្យសម្បត្តិឯកជនក្តី ឬទ្រព្យសម្បត្តិសាធារណៈក្តី ការជួសជុលការខូចខាត ត្រូវជាបន្ទុករបស់ជនល្មើសនិងអ្នកសមគំនិត។ មួយវិញទៀត ជនណាដែលបានប្រព្រឹត្តល្មើសបណ្ដាលឲ្យអាជ្ញាធរមានសមត្ថកិច្ច ឬបាតុករ ឬបុគ្គលដទៃទៀតមានរបួសស្នាម ឬបណ្ដាលឲ្យស្លាប់ ជននោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕
No comments:
Post a Comment