យុទ្ធនាការ សុវត្ថិភាព ស្ត្រី នៅទីក្រុង នឹងរាំម៉ាឌីហ្ស៊ុន នៅស្តាត អូឡាំពិក ថ្ងៃ២៦ កក្កដា
RFA | ២៥ កក្កដា ២០១៤
អង្គការ មិនមែន រដ្ឋាភិបាល ធ្វើការងារ លើកស្ទួយ សិទ្ធិស្ត្រី បានបង្កើត យុទ្ធនាការមួយ ឈ្មោះថា សុវត្ថិភាពស្ត្រី នៅទីក្រុង។ យុទ្ធនាការនេះ មានកម្មវិធី មួយចំនួន, រួមទាំង ការប្រកួតប្រជែង គំនូរ, កម្មវិធីវិទ្យុ និងរាំចង្វាក់ ម៉ាឌីហ្ស៊ុន រួមគ្នា នៅតាម ទីសាធារណៈ។ នៅម៉ោង ប្រហែល ៤រសៀល ថ្ងៃសៅរ៍ ទី២៦ កក្កដា ចុងសប្ដាហ៍ ខាងមុខ, គឺ ជាការជួបជុំ រាំចង្វាក់ ម៉ាឌីហ្ស៊ុន ដ៏ធំមួយ ក្នុងយុទ្ធនាការនេះ ដែលគ្រោង ធ្វើឡើង នៅពហុកីឡាដ្ឋាន ជាតិ អូឡាំពិក។
យុវជន ប្រមាណ ៥០០នាក់ គ្រោង នឹងជួបប្រជុំគ្នា ក្នុងពហុកីឡាដ្ឋាន ជាតិ អូឡាំពិក ដើម្បី រាំចង្វាក់ ម៉ាឌីហ្ស៊ុន រួមគ្នា នៅពេលរសៀល ទៅតាម បទចម្រៀង នេះ។
កម្មវិធី រាំរែកនេះ ជាផ្នែកមួយ នៃការចាប់ផ្ដើម យុទ្ធនាការ សុវត្ថិភាពស្ត្រី នៅទីក្រុង បង្កើតឡើង ដោយអង្គការ អន្តរជាតិ អេកសិន អេដ (Action Aid) រួមសហការ នឹងអង្គការ ក្នុងស្រុក មួយចំនួន។
ប្រធានកម្មវិធី នៃអង្គការ អេកសិន អេដ ប្រចាំ នៅកម្ពុជា អ្នកស្រី អុល ពុទ្ធាវី មានប្រសាសន៍ ថា, យុទ្ធនាការនេះ មានគោលដៅ បង្ហាញ ពីទុក្ខលំបាក របស់ស្ត្រី ដែលប្រឈម ឬរងអំពើហិង្សា និងជំរុញ ភាពក្លាហាន ឲ្យស្ត្រី និយាយ ពីបញ្ហា ដែលខ្លួន ជួបប្រទះ៖ «យើង ចង់ឲ្យ បង្កើតឱកាស សម្រាប់ ស្ត្រីគ្រប់វិស័យ, គ្រប់ឋានៈ, គ្រប់កម្រិត, គ្រប់អាយុ, ជាពិសេស ស្ត្រីវ័យក្មេងហ្នឹង, គាត់ ហ៊ាននិយាយ នូវបញ្ហា ដែលពួកគាត់ ជួបកន្លងមក ទៅលើបញ្ហា រំលោភបំពាន ផ្លូវភេទ ឬការរើសអើង ផ្សេងៗ ដែលគាត់ ប្រទះ។»
លើសពីនេះ យុទ្ធនាការនេះនឹងជំរុញអោយអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលប្រឈមចំពោះស្ត្រី ដោយចាប់ផ្ដើមពីតំបន់ទីក្រុង៖ «ជាពិសេស គឺការអនុវត្តច្បាប់ទៅលើអំពើហិង្សា គឺរឿងនិទ្ទណ្ឌភាព ការមិនដាក់ទោសអ្នកប្រព្រឹត្តិខុសហ្នឹង។ ចឹងយើងចង់រដ្ឋាភិបាល ក៏ដូចជាអ្នកអនុវត្តន៍ច្បាប់ហ្នឹង ត្រូវដាក់ទោសទណ្ឌអ្នកប្រព្រឹត្តិបទល្មើសហ្នឹង។ ហើយក៏ចង់ឃើញការរៀបចំធ្វើផែនការទីក្រុង បញ្ចូលនូវតម្រូវការរបស់ស្ត្រី។»
មិនមែនមានតែនៅកម្ពុជា ទេ គឺមាននៅតាមប្រទេសចំនួន ៤០ទៀតនៅលើពិភពលោក ដែលអង្គការនេះកំពុងធ្វើការជាមួយ ហើយមានរយៈពេល ៤ឆ្នាំ គឺចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។ អ្នកស្រីបន្តថា កម្មវិធីមួយចំនួនក្នុងយុទ្ធនាការនេះ ចាប់ផ្ដើមនៅក្នុងខែកក្កដា នេះ និងមានកម្មវិធីមួយចំនួនទៀតនៅឆ្នាំបន្តបន្ទាប់៖ «យុទ្ធនាការ ហ្នឹងយើងមានដូចជា ការរាំតាមទីសាធារណៈ កម្មវិធីវិទ្យុ និងការប្រឡងគំនូរ។ នេះគ្រាន់តែជាការប្រាប់អោយដឹងថា ចាប់ផ្ដើមយុទ្ធនាការហ្នឹង។ យើងនឹងមានកម្មវិធីរយៈពេលវែង ដូចជាយើងធ្វើការបណ្ដុះបណ្ដាលពង្រឹងទៅលើសមត្ថភាពស្ត្រី ជាពិសេសស្ត្រីជានិស្សិត កម្មករកាត់ដេរ ស្ត្រីផ្សព្វផ្សាយស្រាបៀ ជាដើម។ ទាក់ទងនឹងសិទ្ធិស្ត្រី ហើយយើងធ្វើការជាមួយរដ្ឋាភិបាលទាក់ទងនឹងគោលនយោបាយ។»
ការប្រកួតប្រជែងគំនូរ បានធ្វើរួចមកហើយកាលពីថ្ងៃទី១២ ខែកក្កដា ចំណែកកម្មវិធីវិទ្យុ ក៏បានផ្សព្វផ្សាយរួចដែរតាមរយៈវិទ្យុក្នុងស្រុក។
អ្នកផលិតកម្មវិធីនៃវិទ្យុសំឡេងប្រជាធិបតេយ្យ កញ្ញា ណុប លីនដា មានប្រសាសន៍ថា កម្មវិធីវិទ្យុដែលពាក់ព័ន្ធនឹងយុទ្ធនាការនេះ ផ្ដល់អោយអ្នកស្ដាប់នូវព័ត៌មានពីបញ្ហាអំពើហិង្សាលើស្ត្រី ជាពិសេសស្ត្រីដែលឋិតក្នុងភាពប្រឈមខ្លាំង មានស្ត្រីបម្រើការជាកម្មករនៅតាមរោងចក្រ និងស្ត្រីផ្សព្វផ្សាយស្រាបៀ ជាដើម៖ «កម្មការិនីចឹង តើគាត់ប្រឈមនឹងបញ្ហាអីខ្លះ ពេលចេញពីធ្វើការ? ផ្ទះជួលគាត់តូច តាមផ្លូវមកវិញស្ងាត់ងងឹត គាត់អាចប្រឈមនឹងការរំលោភបំពានពីពួកជើងកាង។ ករណីខ្លះ ក្មេងស្រីត្រូវគេបៀតបៀន ត្រូវគេលូកគេលាន់ចឹង ក្មេងស្រីខ្លះទៅតាមសាលាក៏ត្រូវគេបៀតបៀន។ កម្មវិធីវិទ្យុយើងបង្ហាញថា គេធ្វើពីអី? ហេតុអីមានកម្មវិធីហ្នឹងហើយ។»
វិស័យឧស្សាហកម្មកាត់ដេរ សហគ្រាស ក្រុមហ៊ុន និងផ្នែកសេវាកម្មដទៃទៀត បានស្រូបទាញស្ត្រីវ័យក្មេងរាប់សែននាក់ អោយចាកចោលស្រុកកំណើត ចូលមករកការងារក្នុងទីក្រុង។ ស្របពេលដែលការងារមានប្រាក់ខែទាប ស្ត្រីវ័យក្មេងជាច្រើន បានជ្រើសរើសការងារបន្ថែម។ ពេលខ្លះ ការងារទាំងនោះធ្វើអោយពួកគេប្រឈមនឹងគ្រោះថ្នាក់។
ជាកម្មការិនីនៅរោងចក្រកាត់ដេរក្នុងសង្កាត់ទឹកថ្លា កញ្ញា ឆេង ដាណូ មានប្រសាសន៍ថា ខ្វះខាតជីវភាពរស់នៅ នាងសម្រេចជ្រើសរើសធ្វើការថែមម៉ោង ដែលពេលខ្លះបន្តរហូតដល់ម៉ោង ៨កន្លះយប់។ កញ្ញាបន្តថា ពេលនោះហើយដែលពួកនាងតែងប្រឈមនឹងបញ្ហាផ្សេងៗ មានទាំងការបៀតបៀន និងចោរកម្មផង៖ «ពេលថែមម៉ោងដល់ម៉ោង៨ មិនសូវមានគ្នាច្រើនទេ ពេលខ្លះដើរតែឯង ពួកគាត់ច្រើនតែថា ឲ្យយើងថា អូនឯងទៅណាមកណាពេលយប់ព្រលប់? ទៅរកតាតាមែន? ដល់យើងមិនឆ្លើយ ថាអោយយើងថា គ្រាន់តែជាស្រីរោងចក្រអីក៏ឫកមួយបេនម្ល៉េះ? សួរមិនឆ្លើយ។ ខ្លាចពួកវាដូចថា ថ្ងៃហ្នឹងថាអោយប៉ុណ្ណឹង ចុះថ្ងៃក្រោយប៉ះយើងដើរម្នាក់ឯងគេចាប់អីទៅ។ ជារួម បើមិនអោយថែមម៉ោងទេ វាមិនកើត ព្រោះប្រាក់ខែតិចណាស់ ថែមម៉ោងចឹងទៅបានបំពេញខ្វះខាតជីវភាព។»
របាយការណ៍ស្ទង់មតិរបស់អង្គការ អេកសិន អេដ កាលពីខែមេសា ឆ្នាំ២០១៤ កន្លងទៅ បានរកឃើញថា ក្នុងចំណោមស្ត្រីវ័យក្មេងចំនួន ៣៨៥នាក់ ដែលបានសាកសួរ ភាគច្រើននិយាយថា ពួកគេដូចជាពេញចិត្តនឹងទីក្រុងដែលពួកគេកំពុងរស់នៅ។ ប៉ុន្តែ មាន ៦៨ភាគរយក្នុងចំណោមនោះ បានបញ្ជាក់ថា ពួកគេមានការភ័យខ្លាចនៅតាមទីសាធារណៈមួយចំនួន ដោយបារម្ភពីក្រុមជនពាល ៣៣ភាគរយ បារម្ភដោយអ្នកប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងដទៃទៀត និង ២៨ភាគរយ ភ័យខ្លាចនៅពេលធ្វើដំណើរក្នុងតំបន់ដែលខ្វះខាតភ្លើងបំភ្លឺពេល យប់។ យ៉ាងណា ស្ត្រីដែលត្រូវសាកសួរស្ទើរតែទាំងអស់ហើយដែលអះអាងថា ភ័យខ្លាចក្នុងការធ្វើដំណើរនៅពេលយប់។ ហេតុនេះ ស្ត្រីស្ទើរតែទាំងអស់ បានសម្រេចមិនធ្វើដំណើរម្នាក់ឯង ឬនៅពេលយប់។ ក្រៅពីនេះ ប្រមាណ ៩០ភាគរយនៃពួកគេបានបញ្ជាក់ថា ស្ត្រីដែលរងគ្រោះដោយអំពើហិង្សា ចោរកម្ម ឬករណីរំលោភបំពានផ្សេងទៀត ភាគច្រើនមិនបាននិយាយ ឬប្ដឹងសមត្ថកិច្ចពីបញ្ហាដែលពួកគេជួបប្រទះឡើយ ដោយគិតថាជារឿងមិនធ្ងន់ធ្ងរ ឬមិនហ៊ានជួបអាជ្ញាធរ។
មិនខុសគ្នានេះទេ កម្មការិនី ឆេង ដាណូ មានប្រសាសន៍បញ្ជាក់ដែរថា ពេលខ្លះពួកគាត់មិនចង់ប្រាប់បញ្ហានៃការរំលោភបំពាន ឬអំពើហិង្សាណាមួយឡើយ ដ្បិតពេលខ្លះជនរងគ្រោះបែរជាត្រូវសង្គមស្ដីបន្ទោសទៅវិញទេ៖ «វា មិនបានខាតបង់អី ក៏បើយើងស្រែកទៅក៏កេរ្តិ៍ឈ្មោះយើងជាស្រីតាមហ្នឹងហើយបង ពេលយើងស្រែកទៅគេថា វាមិនដែលគ្មានរឿងអីសោះទេបានស្រែកចឹងនោះ។ សូម្បីតែអ្នកជិតខាងយើង ពេលណាយើងស្លៀកពាក់ស្អាតចេញមកធ្វើការអ៊ីចឹង គេតែងតែវាយតម្លៃយើងថា ស្រីរោងចក្រធ្វើខ្លួនដូចទៅទាក់តាតា។ ប៉ុន្តែតាមពិតទៅ យើងក៏ត្រូវការស្លៀកពាក់អោយសមរម្យនឹងគេដែរណាបង។»
បើទោះជាយ៉ាងណា ក្រុមស្ត្រីក៏រំពឹងទុកថា យុទ្ធនាការក្នុងពេលនេះនឹងជួយអោយបញ្ហារបស់ស្ត្រីត្រូវដោះស្រាយ។
សមាជិកក្រុមស្ត្រីវ័យក្មេងជាអ្នកដឹកនាំ កញ្ញា ញាណ ម៉ូនីវណ្ណ មានប្រសាសន៍ថា នាងនឹងចូលរួមក្នុងកម្មវិធីរាំម៉ាឌីហ្ស៊ុននៅថ្ងៃទី២៦ កក្កដា ខាងមុខ ដោយក្ដីសង្ឃឹមថា នឹងបានទទួលបានលទ្ធផលល្អ៖ «ការរាំជា ការហាត់ប្រាណបែបសប្បាយ បន្ទាប់មកទៀតយើងនឹងស្តាប់ឮសារស្នើទៅដល់ពលរដ្ឋដែលឈរជុំវិញ ហ្នឹងដឹងថា តើស្ត្រីគាត់ភ័យខ្លាចអីខ្លះ?»
ទាក់ទិនដល់កម្មវិធីរាំរែកនេះ ប្រធានកម្មវិធីនៃអង្គការ អេកសិន អេដ ប្រចាំនៅកម្ពុជា អ្នកស្រី អុល ពុទ្ធាវី បញ្ជាក់ថា ក្នុងកម្មវិធីនោះ អ្នកចូលរួមនឹងពាក់អាវយឺតដូចៗគ្នា។ អាវយឺតទាំងនោះ នឹងចែកអោយអ្នកដែលបានចុះឈ្មោះចូលរួម។ ចំពោះអ្នកដទៃទៀត មិនអាចចូលរួមរាំបាន ក៏គេអាចចូលរួមតាមប្រព័ន្ធផ្ញើសារដោយស្វ័យប្រវត្តិ តាមរយៈទូរស័ព្ទលេខ ០៧០ ២២ ១១ ១០។ សារទាំងនោះ អាចនឹងត្រូវច្របាច់បញ្ចូលគ្នា នឹងបង្ហាញនៅក្នុងកម្មវិធីរាំម៉ាឌីហ្ស៊ុន៕
No comments:
Post a Comment